ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ចេញទៅ​ជប៉ុន​នៅ​ព្រឹក​នេះ ដើម្បី​ពិភាក្សា​ពី​ប្រទេស​ជាប់​ទន្លេមេគង្គ​
06, Oct 2018 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចេញពី​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ប្រទេស​ជប៉ុន​។ បេសកកម្ម​របស់​គណៈ​ប្រតិភូ​កម្ពុជា នៅ​ប្រទេស​ជប៉ុន នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែតុលា​។


 
​អ្នក ដែល​ត្រូវ​ធ្វើដំណើរ​ទៅជា​មួយ​ប្រមុខ​រដ្ឋាភិបាល រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ឥស្សរជន​ផ្សេងទៀត រួមទាំង​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​បែបនេះ​ថា​៖«​សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោត​សំខាន់​លើ​ទិសដៅ​នាពេល​អនាគត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​»​។​
 
​បើតាម​ក្រសួងការបរទេស​ដដែល កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា ហើយ​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​លើកកម្ពស់​សុខមាលភាព​ប្រជាជន និង​ការការពារ​បរិស្ថាន​។ ប្រភព​ខាងលើ បាន​បន្តថា យុទ្ធសាស្ត្រ​នេះ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។ 
 
​ក្រៅពី​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​ផងដែរ ជុំវិញ​បញ្ហា​ផ្សេងៗ ដែលជា​ការយកចិត្តទុកដាក់​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទាំង​ក្នុង​តំបន់​និង​ថ្នាក់​អន្តរជាតិ​។​
 
​លើសពីនេះ មេដឹកនាំ​កម្ពុជា នឹង​ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​និង​សិ​ស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com