ជាតិ
EU ចាប់ផ្ដើម​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា
06, Oct 2018 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គណៈកម្មការ​អឺរ៉ុប បានប្រកាស​ពី​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា និង​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃ​៥ តុលា ។ បញ្ហា​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​គណៈកម្មការ​អឺរ៉ុប ផ្ដោតទៅលើ​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​កម្មករ​។​


 
​ក្នុង​ដំណើការ​បន្ត​នីតិវីធី​នេះ គណៈកម្មការ​អឺរ៉ុប បានលើកឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​កម្ពុជា​ថា បញ្ហា​អភិវឌ្ឍន៍​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ នៅតែ​ជា​បញ្ហា ដែល​គ្មាន​សញ្ញា​ច្បាស់លាស់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាពប្រសើរឡើង​ឡើយ​។ ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​បន្ត​ឆ្ពោះទៅ​នៃ​ដំណើរការ​អនុគ្រោះ​ពន្ធ​នេះ​។ វា​មាន​បញ្ហា​ជាច្រើន​នៅទីនេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ករណីខ្លះ​ក្នុងប្រទេស​នេះ គឺ​បាន​វិលត្រឡប់​ថយក្រោយ​។ ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ ហើយ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា ពួកគេ​បានកត់សម្គាល់​ពី​បញ្ហា​រំលោភ និង​ការគំរាមកំហែង ព្រមទាំង​ការដាក់កំហិត​ដោយ​លក្ខខណ្ឌ​ជាច្រើន នៅពេល​និយាយ​ដល់​សិទ្ធិ​នយោបាយ​សំខាន់ៗ​»​។ 
 
​ជាមួយគ្នានេះ គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកយក​បញ្ហា​មី​យ៉ាន់​ម៉ា ដែល​ទាក់ទង​នឹង​បញ្ហា​ស្ថានភាព​រំលោភបំពាន​ក្រុម​ជនជាតិដើម​ភាគតិច​រូ​ហ៊ីង​យ៉ា ។ ជាពិសេស​ក្រុម​មេដឹកនាំ​យោធា ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់ និង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផងដែរ​។ បញ្ហា​ទាំងនេះ គឺជា​ចំណុច​សំខាន់​ដែល​គណៈកម្មការ​សិទ្ធិមនុស្ស​យកចិត្តទុកដាក់ ក្នុងការ​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព និង​ប្រព័ន្ធ​ហិង្សា​ទាំងឡាយ​។​
 
​អម​ជាមួយ​ការលើកឡើង​ពី​បញ្ហា​របស់​ប្រទេស​ទាំងពីរ​នេះ គណៈកម្មការ​អឺរ៉ុប ក៏បាន​រំឭក​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទទួលបាន​កន្លងមក​ថា រាល់​ការផ្ដល់​ការអនុគ្រោះ​ពន្ធ​នេះ គឺជា​ប្រយោជន៍​មួយ​សម្រាប់​ប្រទេស​ទាំងពីរ ក្នុង​ការនាំ​ទំនិញ​ចូល​ទីផ្សារ​ដោយ​សេរី លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ​ផ្សេង តាមរយៈ​ការទទួលបាន​ការលើក​លែង​ពន្ធ​។ ប៉ុន្តែ​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ លុះត្រាតែ​ប្រទេស​ទាំង​អនុវត្ត​ឲ្យ​បាន​តាម​អនុសញ្ញា​១៥ របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​។​
 
​មូល​ហេតុដែល​កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប ដោយសារតែ​កម្ពុជា​ស្ថិតនៅក្នុង​ប្រទេស​អភិវឌ្ឍ​តិចតួច​។ ហើយ​បើ​មិនមាន​បញ្ហា​អ្វី​ទេ​នាពេលខាងមុខ កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ ដល់​ឆ្នាំ​២០២៧​។ នេះ​បើតាម​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕
 

Tag:
 EU
  អនុគ្រោះ​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com