រថយន្ត
អន្តរជាតិ
Beckham ជួយឡង់សេរថយន្តដំបូងរបស់វៀតណាមនាព្រឹត្តិការណ៍យានយន្តនៅប៉ារីស
× David Beckham បានបង្ហាញខ្លួននាពិធីបើកព្រឹត្តិការណ៍យានយន្តពិភពលោក Paris Motor Show ឬ «Mondial de l’Auto 2018» ដែលប្រព្រឹត្តទៅកាលពីដើមខែតុលាកន្លងមក នៅ Porte de Versailles ក្រុងប៉ារីសប្រទេសបារាំង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល អតីតកីឡាករបាល់ទាត់អន្តរជាតិអង់គ្លេសរូបនេះ បានឈរជាប់ជាមួយរថយន្ត VinFast ដែលជាផលិតផលដំបូងបំផុតរបស់វៀតណាម។
VinFast ជាផ្នែកមួយនៃក្រុមហ៊ុនឯកជនដ៏ធំរបស់វៀតណាម Vingroup។ ក្រុមហ៊ុនមួយនេះ កំណត់គោលដៅរបស់ខ្លួនឲ្យក្លាយជាសហគ្រាសយានយន្ដដ៏ធំជាងគេនៅតំបន់អាស៊ី-អាគ្នេយ៍ តាមរយៈការផលិតរថយន្តស្តង់ដាពិភពលោក។ ក្នុងព្រឹត្តិការណ៍យានយន្ត Paris Motor Show ក្រុមហ៊ុន VinFast បានបង្អួតម៉ូដែល២ដំបូងរបស់ខ្លួន គឺ LUX A2.0 Sedan និង LUX SA2.0 SUV។
លោកស្រី Le Thi Thu Thy នាយិកាក្រុមហ៊ុន VinFast បានលើកឡើងថា រថយន្តទាំងនេះ ត្រៀមខ្លួនក្លាយជា Brand ថ្មីមួយរបស់វៀតណាម និងទីផ្សារអន្តរជាតិ ហើយការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោក នឹងទទួលបានផលវិជ្ជមានខ្ពស់។
អ្វីដែលគួរឲ្យកត់សម្គាល់នៅ វីរបុរសបាល់ទាត់ David Beckham មានវត្តមានជាមួយបវរកញ្ញាវៀតណាម Tran Tieu Vy ដោយលោកបានអបអរការបង្ហាញខ្លួនលើកដំបូងរបស់ VinFast នៅលើឆាកអន្តរជាតិ។
មិនមានការបកស្រាយលំអិតអ្វីឡើយ ទាក់ទងនឹងវត្តមាន Beckham ប៉ុន្តែគេជឿថា នេះជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនវៀតណាម នៅមុនពេលដែលពួកគេដំណើរការលក់ផ្លូវការនៅឆ្នាំ២០១៩ ។
ក្រោមការពង្រីកសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាល្លឺម៉ង់ និងដៃគូរចនាអ៊ីតាលី VinFast រំពឹងថា ពួកគេអាចផលិតបានរថយន្តប្រមាណ៥០០ ០០០គ្រឿងក្នុង១ឆ្នាំដោយគិតត្រឹមឆ្នាំ២០២៥។
យោងតាមការផ្សាយរបស់ Vingroup រោងចក្រយានយន្តដំបូងបំផុតរបស់វៀតណាមនេះ ត្រូវបានសាងសង់ឡើងក្នុងគម្រោងទឹកប្រាក់ពី១ពាន់លានទៅ១,៥ពាន់លានដុល្លារអាមេរិកសម្រាប់ដំណាក់កាលដំបូង ដោយមានទីតាំងនៅ Hai Phong៕
© រក្សាសិទ្ធិដោយ thmeythmey.com