ជាតិ
សង្គមជាតិ
បណ្ដាញ​សង្គម កំពុង​ក្លាយជា​វិធី​ងាយស្រួល​មួយ ក្នុងការ​ទំនាក់ទំនង​?
06, Oct 2018 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ បណ្ដាញ​សង្គម បាន​កំពុង​ធ្វើ​ឲ្យ​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ បងប្អូន មិត្តភក្តិ ដែល​រស់នៅ​ឆ្ងាយ​ពីគ្នា​កាន់តែ​ជិតស្និត​។ មិត្តភក្តិ​ដែល​បែក​គ្នា​យូរ​ឆ្នាំ​បាន​ជួប និង​អាច​និយាយ​គ្នា​បាន​យ៉ាង​ងាយ​ផងដែរ​។

 
​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បាននាំគ្នា​យក ចង្ហាន់ និង​សម្ភារ​ផ្សេងៗ ទៅ​ប្រគេន​ព្រះសង្ឃ តាម​វត្ត​អារាម ដើម្បី​ឧ​ទ្ធិ​ស​កុសលផល​បុណ្យ ជូន​បុព្វការី​ជន​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ ។ ការ​បបួលគ្នា​ទៅ​វត្ត​របស់​មនុស្ស​ចាស់ និង​មនុស្ស​សម័យថ្មី មាន​ភាពទំនើប​គួរ​ឲ្យ​កត់សម្គាល់​។ ចាស់​ពីមុន​បបួលគ្នា​តាម​ការជួប​ផ្ទាល់ ឬ​តា​មកា​ហៅ​ទូរស័ព្ទ​។ ក្មេង​សម័យថ្មី​បាន​ប្រើ​បណ្ដាញ​សង្គម​ក្នុងការ​ទំនាក់ទំនង​គ្នា​វិញ​ម្ដង​។​
 
​យុវជន ប៉ឹង វាសនា ដែល​បាន​បបួល​មិត្តភក្តិ​ដាក់​បិណ្ឌ នៅ​វត្ត​ចំបក់​បិទមាស​និង វត្ត​ស្វាយ តាមរយៈ​ការសន្ទនា​ជា​ក្រុម​ក្នុង​ហ្វេ​ស​ប៊ុ​ក​។ វាសនា បាន​បង្កើត​ក្រុម​សន្ទនា នៅក្នុង​បណ្ដាញ​សង្គម​មួយ​នេះ សម្រាប់​ទំនាក់​ទំនងជា​មួយ​មិត្តភក្តិ​ដទៃ ក្នុង​ការរៀបចំ​កម្មវិធី​ជួបជុំ​ម្ដងៗ ដែល​វា​ជា​មធ្យោបាយ​ងាយស្រួល​មួយផ្នែក​សម្រាប់​វាសនា និង​មិត្តភក្តិ​។​
 
​លោក វាសនា បានបញ្ជាក់​ដូច្នេះ​ថា​៖ « ខ្ញុំ​បាន​បង្កើត group chat មួយ ហើយ​ខ្ញុំ​បាន add មិត្ត​របស់ខ្ញុំ​ចូល វា​មាន​ភាពងាយស្រួល និង​ចំណាយពេល​តិច មិនចាំបាច​សរសេរ​សារ​ច្រើនដង ឬ​ហៅ​ទូរស័ព្ទ​ទៅគ្រប់​គ្នា​ទេ ខ្ញុំ​គ្រាន់តែ​សរសេ​សារ​តែមួយ​ដាក់​ក្នុង​ក្រុម​ទៅ អ្នក​គ្រប់គ្នា​អាច​មើលឃើញ​ហើយ​»​។ 
 
​លោក វង្ស ភារ​ម្យ ដែលជា​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែរ ក៏បាន​ទទួល​សារ​ពី​មិត្តភក្តិ​តាមរយៈ​ក្រុម​សន្ទនា​(Group Chat) ដែល​បបួល​លោក ទៅ​វត្ត​ដាក់​បិណ្ឌ​ដែរ​។ វា​ជា​ទម្លាប់​ថ្មី​មួយ​របស់ ភារ​ម្យ និង​មិត្តភក្តិ​ទៅហើយ ដែល​តែងតែ​ណាត់ជួប​គ្នា​តាម​បណ្ដាញ​សង្គម​មួយ​នេះ ។ មូលហេតុ​ដែល​នាំ​ឲ្យ​ភារ​ម្យ និង​មិត្តភក្តិ ប្រើប្រាស់​បណ្ដាញ​សង្គម​ទាក់ទង​គ្នា​នេះ ដោយសារតែ​ភារ​ម្យ​យល់ឃើញថា វា​ជួយផ្ដល់​ផលចំណេញ​ដល់ពេល​វេលា សម្រាប់​បង្កើត​កម្មវិធី​ជួបជុំ​មិត្តភក្តិ ពោលគឺ​រាល់ពេល​សរសេរ​ចូលក្នុង​ក្រុម (Group Chat ) អាច​ទទួលបាន​ការឆ្លើយ​តប​ពី​មិត្តភក្តិ​វិញ លឿន​ជាង​ការទំនាក់ទំនង​តាម​ទូរ​សព្ទ​។ លោក​បាន​ឲ្យ​ដឹងថា​៖ « នៅ​ចុង​សប្តាហ៍​ខ្ញុំ​នឹង​មិត្ត​របស់ខ្ញុំ នឹង​ទៅ​វត្ត​ទន្លេ​អ៊ុំ ដែល​ស្ថិតនៅ​ខេត្តកណ្ដាល​។ កាលពី​ថ្ងៃ​សៅរ៍​-​អាទិត្យ​មុន បាន​បបួលគ្នា​ដែរ តែ​មិនបាន​ទៅវិញ ដោយសារ​មាន​មិត្ត​ខ្លះ​រវល់​»​។​
 
​ក្រៅពី​ផ្តល់​ភាពងាយស្រួល ក្នុងការ​ទាក់ទង​គ្នា​ហើយ បណ្ដាញ​សង្គម​មួយ​នេះ ក៏បាន​ជួយ​ឲ្យ​បែក​មិត្តភក្តិ និង​សាច់ញាតិ ដែល​បាន​បែក​គ្នា​យូរ ជាប់​ទំនាក់ទំនង​គ្នា​វិញ​ដែរ​។ នេះ​ជា​បទពិសោធន៍​មួយ​របស់លោក ភារ​ម្យ ដែល​ទើបបាន​ជួប​មិត្តភក្តិ​ចាស់ៗ កាល​នៅ​រៀន​វិទ្យាល័យ តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​វិញ ក្រោយ​បែក​គ្នា​៣​ឆ្នាំ​។ 
 
«​ពេល​ពួក​ខ្ញុំ​ចប់​ទី​១២ ចប់​វិទ្យាល័យ​គួ​ក​ខ្ញុំ​ឡើងមក​រៀន​ទៅ​ភ្នំពេញ អ្នកខ្លះ​គេ​ធ្វើកា អ្នកខ្លះ​អត់​ទៀន​ត​ទៀត​ទេ គេ​នៅ​ធ្វើកា​នៅ​ស្រុក ពេល​នឹង​ទៅ​មិត្តភាព​របស់​យើង​បាន​ដាច់​ឆ្ងាយ យើង​អត់​មានអី​ទាក់ទង​គ្នា យើង​មានតែ​លេខ​ទូរស័ព្ទ ហើយ​អ្នកខ្លះ​ប្ដូរ​លេខ ទាក់​ទង់​គ្នា​លែង​បាន  ពេល​នឹង​យើង​ចាប់ផ្ដើម​ដាច់​ទំនាក់ទំនង​ម្ដង​តិចៗ​ឆ្ងាយ​ទៅៗ តែ​ពេល​គេ​ចាប់​ឆ្ដើ​ម​មាន​ហ្វេ​ស​ប៊ុ​កមក ខ្ញុំ​ក៏មាន​គេ​ក៏មាន លេង​យូ​ទៅ​យើង​ក៏​ឃើញ​ហ្វេ​ស​ប៊ុ​ក​គ្នា​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក វង្ស ភារ​ម្យ​។​
 
​បច្ចុប្បន្ននេះ ពលរដ្ឋ​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន តែងតែ​បង្កើត​ក្រុម​សន្ទនា (Group Chat) មិន​ថា​ទាំង​មិត្ត​រួម​ថ្នាក់ ឬ​អ្នកធ្វើការងារ តាម​ក្រសួង​និង​ស្ថាប័ន​នោះទេ គឺ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ទំនាក់ទំនង​ការងារ ដំណឹង ចែករំលែក​ព័ត៌មាន និង​សកម្មភាព​ជាច្រើន​ទៀត​។ 
 
​របាយការណ៍​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ឲ្យ​ដឹងថា ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មាន​ចំនួន​១០,៩៧៥,២៧០​លាន​នាក់ បើ​គិត​ត្រឹម​ខែមេសា​ឆ្នាំ​២០១៨​នេះ បណ្ដាញ​សង្គម​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជាពិសេស Facebook ,Twitter,  Line , WhatsApp , Instagram  ជាដើម ដែលមាន​ការរីកចម្រើន​ខ្លាំង ។ មនុស្ស​ជាច្រើន​បានទទួល​ផលប្រយោជន៍​ច្រើន​ពី​វា​ផងដែរ​៕ 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com