ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌​៖ យុវនារី គួរ​ដឹង​ខ្លួនឯង​ពី​ការ​ស្លៀកពាក់​ទៅ​វត្ត កុំ​ឲ្យ​គេ​ណែនាំ​ដដែលៗ​
06, Oct 2018 , 4:59 pm        
រូបភាព
លោក ថៃ​​ នរៈ​សត្យា អ្នកនាំពាក្យក្រសួងវប្បធម៌
លោក ថៃ​​ នរៈ​សត្យា អ្នកនាំពាក្យក្រសួងវប្បធម៌
ដោយ:
​ភ្នំពេញ​៖ មិនមែនជា​រឿង​ចម្លែក​នោះទេ ដែល​យុវនារី​មួយចំនួន ស្លៀក​ខ្លី​ទៅ​វត្ត​។ ទម្លាប់​មិនសូវ​ល្អ​នេះ មាន​តាំងពី​យូរណាស់​មកហើយ​។ ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ ប្រាប់​ឲ្យ​យុវនារី​ទាំងនោះ ស្លៀកពាក់​ឲ្យ​បាន​សមរម្យ នៅពេល​ចូល​វត្ត​។​

 
​លោក ថៃ នរៈ​សត្យា បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​ថា យុវនារី​ស្លៀក​ខ្លី មិន​ត្រឹមតែ​នៅ​បុណ្យ​ភ្ជុំបិណ្ឌ​នោះទេ សូម្បី​បុណ្យចូលឆ្នាំ​ខ្មែរ ឬ​បុណ្យជាតិ​ផ្សេងទៀត ក៏មាន​យុវនារី​ស្លៀក​ខ្លី​ដែរ ដែល​ធ្វើ​ឲ្យ​រង​ការរិះគន់​ខ្លាំង​ពី​សាធារណជន​។  ប៉ុន្តែ​ពួកគេ នៅតែ​អនុវត្ត​សកម្មភាព​នោះ​ដដែល ទោះបី​ក្រសួង​វប្បធម៌ ណែនាំ​ប៉ុនណា​ក៏ដោយ​។​
  
​អ្នកនាំពាក្យ​នៃ​ក្រសួង​វប្បធម៌​រូបនេះ បាន​ណែនាំ​ថា​៖ «​នារី​គួរ​ដឹង​ពី​កាលៈទេសៈ​ណា​គួរ​ស្លៀក​អី ពេល​បុណ្យទាន​គួរ​ស្លៀក​អី ពេល​ហែល​ទឹក​គួរ​ស្លៀក​អី ដើម្បី​កុំ​ឲ្យ​មានការ​តិះដៀល​ពី​សាធារណជន​។ យើង​មិន​ចង់​ស្តី​បន្ទាស​ពួកគេ​ទៀត​ទេ ដោយសារ​មាន​អ្នកខ្លះ​ស្លៀក​ល្អ​ទៅ ហើយ​ខ្លះទៀត​មិនល្អ​ទៅ យើង​មានតែ​ណែនាំ​ពួកគេ​បន្ថែមទៀត យើង​ចង់​ឲ្យ​តែ​គេ​ល្អ​ប៉ុណ្ណោះ ទើប​សង្គម​ក៏​ល្អ​ទៅតាម​ហ្នឹង​ដែរ​»​។ 
 
​ចំពោះ​ការ​ស្លៀក​ខ្លី​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌​ខាងលើ មិន​ចង់​និយាយ​ច្រើន​ឡើយ ព្រោះ​មាន​នារី​ភាគច្រើន​យល់ដឹង​ពី​របៀប​ស្លៀកពាក់​បែបណា​ល្អ ឬ​បែបណា​ប៉ះពាល់​ហើយ គឺ​មានតែ​នារី​មួយចំនួន ដែល​មិនទាន់​យល់​តែប៉ុណ្ណោះ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក នរៈ សត្យា បាន​បញ្ជាក់ថា ការ​ស្លៀក​ខ្លី​នៅ​រដូវ​បុណ្យ​ចូល​វត្ត មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទាស់ភ្នែក​អ្នកដទៃ​នោះទេ  ប៉ុន្តែ​ក៏​រង​ការរិះគន់​ពី​សាធារណជន​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ចាស់ដៃ​ផងដែរ​។​
 
​ទោះបី​មានការ​ណែនាំ​ពី​ក្រសួង​វប្បធម៌​យ៉ាងណាក៏ដោយ ពួកគេ​នៅតែ​ធ្វើ​ទៅតាម​ទម្លាប់​ស្លៀក​ខ្លី​របស់​ពួកគេ​នៅឡើយ​។ ក្រសួង​វប្បធម៌ មានតែ​អំពាវនាវ​ដល់​យុវនារី​ទាំងអស់​ចូលរួម​អភិវឌ្ឍន៍ ប៉ុន្តែ​ក្នុងន័យ​អភិរក្ស​តម្លៃ​នៃ​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕ 
 

Tag:
 ​ក្រសួង​វប្បធម៌​
  ស្លៀក​ខ្លី​
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com