កីឡាជាតិ
ជាតិ
កីឡាការិនី​ចំបាប់ ស៊ឹម សុភា​ឡៃ ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​យុវជន​អូ​ឡាំ​ពក​នៅ​អា​ហ្ស​ង់​ទីន​
08, Oct 2018 , 9:59 pm        
រូបភាព
កីឡាការិនី ស៊ឹម សុភាឡៃ (កណ្តាល)ពេលចូលរួមប្រកួតជម្រើសជើងឯកខេត្តកំពង់ឆ្នាំងកាលពីពេលកន្លងទៅ
កីឡាការិនី ស៊ឹម សុភាឡៃ (កណ្តាល)ពេលចូលរួមប្រកួតជម្រើសជើងឯកខេត្តកំពង់ឆ្នាំងកាលពីពេលកន្លងទៅ
ដោយ:
​កីឡាការិនី​ចំបាប់ ស៊ឹម សុភា​ឡៃ ស្ថិតនៅក្នុង​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទីន ដើម្បី​ត្រៀម​ប្រកួត​លើ​វិញ្ញាសា Women's Freestyle ទម្ងន់​៤៩​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អូឡាំពិក (Youth Olympic Games) នា​ថ្ងៃទី​១៣ ខែតុលា ខាងមុខ​។

 
​ក្រោយ​ទទួលបាន​សិទ្ធិ​អនុគ្រោះ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ ស៊ឹម សុភា​ឡៃ ជា​កីឡាការិនី​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បញ្ជូនទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អូឡាំពិក​។ ការប្រកួត​នេះ រៀបចំ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទីន ចន្លោះ​ពីថ្ងៃ​ទី​៦-១៨ ខែតុលា ឆ្នាំ​២០១៨ ដែលមាន​អត្ត​ពលិកម​ក​ពី​ជាង​២០០​ប្រទេស​ចូលរួម​។​


កីឡាការិនី ស៊ឹម សុភាឡៃ (អាវខៀវ)
 
​កីឡាការិនី​វ័យ​១៦​ឆ្នាំ មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ ត្រូវ​ខកខាន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​នេះ​មិនមែនជា​រឿង​ខកចិត្ត​នោះឡើយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាការិនី ស៊ឹម សុភា​ឡៃ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​មិនបាន​ទៅ​ភ្ជុំបិណ្ឌ​មិន​អី​នោះទេ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ម៉ាក់​ប៉ា​រួចហើយ ហើយ​ពួកគាត់​មិន​ត្រឹមតែ​មិន​ថា​អ្វី​នោះទេ ថែមទាំង​ជូនពរ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​ត្រឡប់មកវិញ​ថែម​ទៀតផង​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​តិចតួច តែ​មិន​ថ្វី​នោះទេ ដើម្បី​កីឡា​និង​ប្រទេសជាតិ ចាំ​ត្រឡប់មកវិញ​ជួប​គាត់​តាម​ក្រោយ​ក៏​មិន​អី​ដែរ​»​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​របស់ ស៊ឹម សុភា​ឡៃ ពោលគឺ​នាង​ធ្លាប់​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តង​រួចមកហើយ​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន កាលពីពេល​កន្លងទៅ​។ តែ​នាង មិន​ទទួលបាន​លទ្ធផល​អ្វី​នោះឡើយ​។ នៅពេល​សួរ​ពី​ក្តី​រំពឹង​សម្រាប់​ការចូលរួម​លើក​នេះ កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ទទួលបាន​លទ្ធ​ផល​ល្អ​នោះទេ​។ តែ​នាង​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​គូប្រកួត​យកឈ្នះ​ដោយ​ស្រួលៗ​នោះឡើយ​។​
 
​យុវតី​រូបនេះ​បាន​រៀបរាប់ថា​៖«​ខ្ញុំ​មិន​ហ៊ាន​រំពឹង​នោះទេ​។ ការប្រកួត​តែងតែមាន​ចាញ់​និង​ឈ្នះ តែ​ខ្ញុំ​មិន​ប្រាកដថា​អាច​យកឈ្នះ​គេ​នោះទេ ហើយក៏​មិន​ឲ្យ​គេ​ផ្តួល​ស្រួលៗ​នោះដែរ ខ្ញុំ​នឹង​ព្យាយាម​ការពារ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​រារាំង​គូប្រកួត​កុំ​ឲ្យ​យកឈ្នះ​យើង​ដោយ​ងាយ​»​។​
 
​កីឡាការិនី ស៊ឹម សុភា​ឡៃ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ យុវតី​រូបនេះ​បាន​ចូល​ហ្វឹកហាត់​កីឡា​ចំបាប់​តាំងពី​អាយុ​១៣​ឆ្នាំ ហើយ​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ធ្វើជា​យុវជន​ថ្នាល​អំឡុង​ឆ្នាំ​២០១៨ បន្ទាប់ពី​មើលឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​នាង​។ តាមរយៈ​ការ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ចំបាប់​អស់​រយៈពេល​ជិត​៣​ឆ្នាំ​កន្លងមកនេះ សុភា​ឡៃ ធ្លាប់បាន​មេដាយប្រាក់​នា​ការប្រកួត​ជើងឯក​ថ្នាក់​ខេត្ត​នៅ​កំពង់ឆ្នាំង និង​ថ្នាក់ជាតិ​ជាដើម​។​


ស៊ឹម សុភាឡៃ
 
​កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា នាង​ស្រលាញ់​និង​ចូល​ហ្វឹកហាត់​កីឡា​ចំបាប់​ដោយសារ​ឃើញ​ប្រុស​នាង​លេង​កីឡា​មួយ​នេះ​។ ពេលនោះ​គ្រូបង្វឹក​កីឡា​ចំបាប់​នៅ​ខេត្តកំពង់ឆ្នាំង​បាន​សួរថា​នាង តើ​នាង​ចូលចិត្ត​កីឡា​នេះដែរ​ឬទេ ហើយ​នាង​ក៏​ឆ្លើយថា​ចូលចិត្ត​។ បន្ទាប់មក​នាង ក៏​ចូល​ហ្វឹកហាត់​កីឡា​ចំបាប់​ចាប់ពីពេលនោះ​តែម្តង​។  
 
«​ភាគច្រើន​នារីៗ​ផ្សេង​មិន​ចូល​លេង​កីឡា​ចំបាប់​នោះទេ ព្រោះ​ខ្លាច​ឡើងសាច់​ដុំ​ដើមដៃ និង​ជើង​ធំៗ​។ សម្រាប់​ខ្ញុំ​គិត​តិចតួច​ដែរ តែដោយសារ​ដាក់ចិត្ត​ស្រលាញ់​កីឡា​នឹង​ហើយ ខ្ញុំ​មិន​ខ្លាច​មាន​រាង​មិន​ស្អាត​នោះទេ​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​កីឡាការិនី ស៊ឹម សុភា​ឡៃ​។ 
 
​មិនមែន​មានតែ​កីឡា​ចំបាប់​នោះទេ ដែល​ទទួលបាន​សិទ្ធិ​អនុគ្រោះ​សម្រាប់​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ កីឡាហែលទឹក និង​វាយ​សី ក៏​ទទួលបាន​សិទ្ធិ​នេះដែរ​៕    
 

Tag:
 ​ចំបាប់​
  ស៊ឹម សុភា​ឡៃ​
  Youth Olympic Games
© រក្សាសិទ្ធិដោយ thmeythmey.com