ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភ្ជុំបិណ្ឌ​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​នៅ​បរទេស​នឹក​ស្រណោះ​ស្រុកកំណើត​ជា​អនេក​
09, Oct 2018 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត​ខ្មែរ​មួយចំនួន​ដែល​កំពុង​សិក្សា​នៅ​បរទេស ពុំបាន​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ  និង​ជួបជុំ​ក្រុមគ្រួសារ​ដូច នឹង​និស្សិត​ដទៃទៀត​ទេ​។  យុវជន​ទាំងនោះ​មានការ​មមាញឹក​នឹង​ការសិក្សា​នៅក្រៅ​ប្រទេស​។ ដូច្នេះ​ធ្វើ​ឲ្យ​ពូកគេ​មានការ​នឹករលឹក​ក្រុមគ្រួសារ​ជា​ពន់ពេក ដោយ​ពួកគេ​បានត្រឹមតែ​ផ្ញើ​ក្តី​នឹករលឹក​ទៅ​គ្រួសារ​ពី​ចម្ងាយ​តែប៉ុណ្ណោះ​។


 
​យុវជន ពេ​ជ្រ ច័ន្ទ​ភិ​រុណ ជា​និស្សិត​រៀន​បរិញ្ញាបត្រ​ផ្នែក Business នៅ​ប្រទេស​ចិន បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ភិ​រុណ​មិនមាន​ពេល​ឈប់សម្រាក​ដូច​គេ​ទេ ដោយសារ​ជាប់រវល់​នឹង​ការសិក្សា​នៅ​ប្រទេស​ចិន​។ ភិ​រុណ​បាន​និយាយ​ទាំង​ក្តី​នឹករលឹក​អ្នកផ្ទះ​ថា ខ្លួន​មិនមាន​ពេល​ឈប់សម្រាក និង​គ្មាន​គម្រោង​ដើរ​កម្សាន្ត​នៅទីណា​ឡើយ​ពេល​ភ្ជុំ​។ មាន​អាយុ​២១​ឆ្នាំ ភិ​រុណ​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនមាន​គម្រោង​ថា​នឹង​ទៅលេង​នៅ​ណា​ទេ ព្រោះ​ពេលនោះ​ជា​ពេល​ខ្ញុំ​រៀន ហើយ​បើ​ចង់​ទៅណា ក៏​ពិបាក​ដាក់​ច្បាប់​ដែរ​»​។​


 
​ថ្វីដ្បិតតែ​លោក ភិ​រុណ បាន​សិក្សា​នៅ​ប្រទេស​ចិន​មួយឆ្នាំ​មកហើយ ប៉ុន្តែ​រូបលោក​ក៏​ធ្លាប់​មកលេង​ក្រុមគ្រួសារ​នៅ​ខ្មែរ​ម្តង​ផងដែរ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ភិ​រុណ ប្រាប់ថា​៖ «​កាលពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កន្លងទៅ ខ្ញុំ​បានមក​លេង​ស្រុកកំណើត​ម្តង​ដែរ ដោយសារ​ប្រទេស​ចិន គេ​ឈប់សម្រាក​ដើម្បី​វិលត្រឡប់​ទៅ​ជួបជុំ​សាច់ញាតិ​។ ប៉ុន្តែ​ភ្ជុំ​នេះ​ខ្ញុំ​បានត្រឹមតែ​តែ​ខ​ល​ទៅលេង​ពួកគាត់​ពី​ចម្ងាយ​តែប៉ុណ្ណោះ​»​។ 


 
​មិន​ខុសពី ភិ​រុណ​ទេ កញ្ញា ណា​រ៉ា លីន​ដា ជា​និស្សិត​ផ្នែក Global Studies នៅ​សកល​វិទ្យាល័យ Middlesex Community College  នៅ​ប្រទេស​សហរដ្ឋអាមេរិក ក៏មាន​ក្តី​នឹក​ដល់​ស្រុកកំណើត​ជា​ពន់ពេក​អស់​រយៈពេល​មួយឆ្នាំ​ហើយ​។ នៅពេល​រលឹក​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​បងប្អូន​សាច់ញាតិ និង​មិត្ត​ជិតស្និទ្ធ ធ្វើ​ឲ្យ​នាង​ស្រណោះ​ជាខ្លាំង​។

ជា​អ្នក​ភ្នំពេញ លីន​ដា បញ្ជាក់ថា​៖ «​ពេល​ខ្ញុំ​មើល​រូបថត​កាលពី​ទៅ​វត្ត​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ ផុស​ពី​ឆ្នាំមុនៗ នៅក្នុង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ពួកគេ​មែនទែន​។ តែ​ឥឡូវ​អត់​មាន​ពួកគេ​នៅក្បែរ​អ៊ីចឹង ខ្ញុំ​កាន់តែ​នឹក​ពួកគេ​ជាខ្លាំង ហើយ​ចង់តែ​វិលត្រឡប់​ទៅលេង​ពួកគេ ប៉ុន្តែ​ពេលវេលា​មិន​អំណោយផល​នោះទេ​»​។ 


 
​ទោះយ៉ាងណា នៅ​ប្រទេស​សហរដ្ឋអាមេរិក​នេះ មាន​ខ្មែរ​រស់នៅ​ច្រើន និង​មាន​វត្ត​អារាម និង​មានការ​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ ដូចនឹង​ស្រុក​ខ្មែរ​ដែរ​។ នាង​នឹង​ឆ្លៀតពេល​សម្រាក​ពី​ការសិក្សា​ថ្ងៃ​ចុង​សប្តាហ៍ ចូលរួម​ពិធី​កាន់បិណ្ឌ​ដូច​អ្នក​នៅ​ស្រុក​ខ្មែរ​ផងដែរ ប៉ុន្តែ​ទោះបី​លីន​ដា​រស់នៅ​កន្លែង​ដែល​អាច​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ពិតមែន ចំពោះ​លីន​ដា​នៅតែ​នឹក​ពួកគេ​ដដែល​។ ដើម្បី​កាត់បន្ថយ​ក្តី​នឹករលឹក​ពួកគេ លីន​ដា នឹង​ខ​ល​ទៅលេង និង​ឆ្លងឆ្លើយ​ជាមួយ​អ្នកផ្ទះ​ជាធម្មតា​។ 


 
​និស្សិត​ម្នាក់ទៀត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូ​ស្រា្ត​លី ក៏​បញ្ជាក់​ពី​អារម្មណ៍​នឹក​ស្រណោះ​ដែរ ដែល​មិនបាន​ជួបជុំ​សាច់ញាតិ​បងប្អូន​នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។ កញ្ញា អេង ចាន់​រស្មី ជា​និស្សិត​កម្ពុជា បាន​រៀបរាប់ថា រូបគេ​នឹក​ដល់​ម្តាយ​ដែល​តែងតែ​ធ្លាប់​ទៅ​វត្ត​ធ្វើបុណ្យ​កាលពី​ឆ្នាំមុនៗ ក្នុងឱកាស​បុណ្យ​ភ្ជុំ​។



កញ្ញា ចាន់​រស្មី ប្រាប់​ដូច្នេះ​ថា​៖ «​ខ្ញុំ​នឹក​ដល់​ម្តាយ​ជាខ្លាំង នឹក​ដល់ពេល​ខ្ញុំ​ទៅ​ដាក់​ចង្ហាន់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន យ៉ាងហោចណាស់​ខ្ញុំ​បាន​ទៅ​វត្ត​យ៉ាងតិច​៣​ដែរ ហើយ​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​ទេ ខ្ញុំ​ពិតជា​ចង់ទៅ​លេង​គាត់​ណាស់ តែ​មិនមាន​ពេល​អាច​ទៅ​ទេ ព្រោះ​ខ្ញុំ​រវល់​រៀន និង​ត្រៀម​មើល​មេរៀន​ប្រឡង​នៅក្រោយ​បុណ្យ​ភ្ជុំ​នេះ​»​។ 
 
​យ៉ាងណាក៏ដោយ សមាគមនិស្សិត​ខ្មែរ​នៅ​ប្រទេស​អូ​ស្រា្ត​លី ក៏​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​ដែរ ដើម្បី​ជួបជុំគ្នា​ទៅ​វត្ត​។ បើតាម​កញ្ញា ចាន់​រស្មី សាលា​របស់​កញ្ញា​អត់​វ៉ា​កង​ទេ ដូច្នេះ​មានតែ​បបួលគ្នា​ដែលជា​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​សាលា​ជាមួយគ្នា​តែប៉ុណ្ណោះ ដែល​ទំនេរ​ពី​ការសិក្សា ដើម្បី​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ទាំងអស់គ្នា​៕ 
 

Tag:
 និស្សិត​
 ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com