ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិលាចារឹក​៖​មុន​សម័យ​ខ្មែរក្រហម ភាសា​ចាម​នៅ​ប្រើប្រាស់​ទូលំទូលាយ​នៅឡើយ​
11, Oct 2018 , 7:39 pm        
រូបភាព
​សៀមរាប​៖ ភាសា​ចាម បាន​លេចឡើង​នៅតាម​ផ្ទាំង​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ បច្ចុប្បន្ន យ៉ាងហោចណាស់​សិលាចារឹក​ភាសា​ចាម​ចំនួន​៥​ផ្ទាំង ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅតាម​ប្រាសាទ​មួយចំនួន មាន​អង្គរវត្ត បាយ័ន ភិ​មាន​អាកាស និង​តា​ព្រហ្ម​។ សិលាចារឹក​មួយ​ផ្ទាំង​ដែលមាន​ទំហំ​ធំជាងគេ​មាន​វត្ត​មាននៅ​ប្រាសាទអង្គរវត្ត ដែល​ត្រូវបាន​គេ​ចារ​នៅ​អំឡុង​ឆ្នាំ ១៨៨១ នៃ​គ​.​ស​។ សិលាចារឹក​នេះ បាន​បង្ហាញថា​អ្នកភូមិ​ព្រះ​រកា ខេត្ត​កំពង់សៀម ដែលជា​ស្រុក​មួយ​នៅក្នុង​ខេត្តកំពង់ចាម​បច្ចុប្បន្ន​ជា​អ្នក​មក​ចារ​។ ក្នុង​ខ្លឹមសារ​នេះ អាចឱ្យ​អ្នកស្រាវជ្រាវ​ទាញ​សេចក្តី​សន្និដ្ឋានបានថា អក្សរ​ចាម​ត្រូវបាន​គេ​ប្រើប្រាស់​ទូលំទូលាយ​នៅ​សម័យ​នោះ ហើយ​វា​ទើបនឹង​បាត់បង់​ខ្លាំង នៅក្រោយ​សម័យ​ខ្មែរក្រហម​តែប៉ុណ្ណោះ​។ តួយ៉ាង​ដូច​នៅ​កំពង់ចាម​ជាដើម​។​

 
​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖ 



 
 
​វត្តមាន​នៃ​សិលាចារឹក​ភាសា​ចាម​នៅ​ប្រាសាទអង្គរវត្ត មាន​យូរ​មកហើយ គឺ​នៅ​ចុង​ស​.​វ​ទី​១៩ មកម្ល៉េះ​។ កន្លងមក មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​ឃើញ​សិលាចារឹក​នេះ ឬ​បាន​ជួប​ហើយ តែ​អាន​មិន​យល់ថា​ជា​អក្សរ​អ្វី​ជាដើម​។ ដើម្បី​ស្រាយ​ចម្ងល់ និង​បកស្រាយ​ពី​អត្ថន័យ​សិលាចារឹក​នេះ អ្នកស្រាវជ្រាវ​ផ្នែក​ភាសា និង​វប្បធម៌​ចាម បានធ្វើ​បទ​បង្ហាញ​មួយ​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ​។​
 
​បទ​បង្ហាញ ដែល​ធ្វើ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ចុងខែ​កញ្ញា លោក ឡឹប កើ បានចាប់ផ្តើម​ស្រាយ    ចម្ងល់​ជាមួយនឹង​មន្ទិល នៃ​សិលាចារឹក​ភាសា​ចាម ដែល​ពីមុន​ត្រូវបាន​គេ​ចោទ​សួរថា ហេតុអ្វី​មាន​សិលាចារឹក​នេះ​នៅ​អង្គរវត្ត និង​មក​ដើម្បី​អ្វី​ជាដើម​។ មែនទែនទៅ លោក ឡឹប កើ ប្រាប់ថា​លោក​បានទទួល​ព័ត៌មាន​ពី​សិលាចារឹក​ចាម​នេះ តាមរយៈ​អ្នកស្រាវជ្រាវ​ដែលជា​មិត្តភក្ដិ ដែល​បាន​ប្រទះឃើញ ហើយក៏​ប្រាប់​ដំណឹង​នេះ​ដល់​លោក​។​
 
​អ្វីដែល​លោក ឡឹប កើ រកឃើញ​ពី​សិលាចារឹក​នេះ គឺ​ការប្រើប្រាស់​អក្សរ​នៅ​សម័យ​នោះ គឺ​ដូច​នៅ​នឹង​អក្សរ​ចាម​ដែល​សហគមន៍​ចាម​នៅ​ប្រើ​សព្វថ្ងៃ​។ ជាងនេះទៅទៀត​នោះ គឺ​វា​បាន​ប្រាប់ថា អ្នក​នៅ​កំពង់ចាម ជា​អ្នក​មក​ចារ​អក្សរ​នេះ​នៅ​អង្គរវត្ត ដែល​សបញ្ជាក់​ថា​អក្សរ​នេះ នៅ​ប្រើ​តាម​សហគមន៍​ចាម​នៅ​សម័យ​នោះ​។ ក្នុងការ​ស្រាវជ្រាវ​បន្ថែម លោក ឡឹប កើ ក៏បាន​រកឃើញថា អក្សរ​ចាម​ត្រូវបាន​គេ​ប្រើ​ទូលំទូលាយ​នៅមុន​សម័យ​ខ្មែរក្រហម ដោយ​មិនមែន​មានតែ​កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​នោះទេ​។​
 
​សិលាចារឹក​ដែលមាន​ចុះ​ឆ្នាំ​ចារ​នៅ​ឆ្នាំ ១៨៨១ បាន​ប្រាប់ថា អ្នក​ចារ​នោះ​ជា​កម្មករ​បារាំង ដែល​ត្រូវ​ជួល​ឱ្យមក​ចម្លង​សិលាចារឹក​។ សិលាចារឹក​មិន​ប្រាប់​ឈ្មោះ​អ្នក​ចារ​ទេ តែ​ប្រាប់ថា​មកពី​ភូមិ​ព្រះ​រកា កូន​ព្រះ​បាឡាត់ ខេត្ត​កំពង់សៀម (​ស្រុក​មួយ​ក្នុង​ខេត្តកំពង់ចាម​បច្ចុប្បន្ន​)​។ លោក ឡឹប កើ បានឱ្យដឹងថា អ្នក​ចារ​នោះ​ជា​អ្នកចេះដឹង​មួយរូប និង​ពូកែ​រៀប​ពាក្យ​និយាយ និង​ជា​អ្នក​កាន់សាសនា​ឥស្លាម​នៅពេលនោះ​។ 
 
​ទោះបី​អ្នក​កំពង់សៀម​ដែល​តាម​សិលាចារឹក​ថា ពួកគេ​នៅ​សម័យ​នោះ​ចេះអក្សរ​ច្រើនក្ដី តែ​បច្ចុប្បន្ន​ភូមិ​នេះ​លែងមាន​ជនជាតិ​ចាម​រស់នៅ​ទៀតហើយ​។ ក្រោយ​សម័យ​ខ្មែរក្រហម ជនជាតិ​ចាម​នៅ​ភូមិ​នេះ​បាន​ដូរ​ទៅ​រស់នៅ​ភូមិ​ក្បែរៗ​នោះ​វិញ ព្រោះ​សម័យ​ខ្មែរក្រហម​មានការ​ដុត​បំផ្លាញ​ព្រះវិហារ និង​បង្ខំ​ពួកគេ​មិនឱ្យ​និយាយ​ចាម​ជាដើម​។ ក្រៅពីនោះ​គម្ពី និង​សៀវភៅ​ឯកសារ​ជាច្រើន ត្រូវបាន​ខ្មែរក្រហម​ដុតចោល​ផងដែរ​។​
 
​ទាក់ទង​នឹង​ជនជាតិ​ចាម​នេះដែរ បច្ចុប្បន្ន​គេ​សង្កេតឃើញថា សហគមន៍​ខ្លះ​បាន​បោះបង់​ការរៀន​អក្សរ​ខ្លួនឯង​។ ដោយសារ​កត្តា​នេះហើយ ដែល​ធ្វើឱ្យ​កូនចៅ​ជនជាតិ​ចាម​សម័យ​ក្រោយនេះ ខ្លះ​មិនចេះ​និយាយ និង​អាន​នោះទេ ជំនួស​មកវិញ​ដោយ​ការនិយាយ​ភាសា​ខ្មែរ​ដែល​អាច​ទំនាក់ទំនង​ក្នុងសង្គម​ទាំងមូល​។ លោក ឡឹប កើ មើលឃើញថា ហេតុផល​ដែល​ជនជាតិ​ចាម​លែង​ប្រើប្រាស់​ភាសា​ខ្លួនឯង ដោយសារ​កត្ដា​សេដ្ឋកិច្ច និង​ការ​មិនឱ្យ​តម្លៃ​របស់​ជនជាតិ​ចាម​ខ្លួនឯង​តែម្ដង​៕

Tag:
 ភាសា​ចាម​
 ​ខ្មែរក្រហម​
 ​សិលាចារឹក​
 ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com