អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ទឹកកក​តំបន់​អាក​ទិ​ករ​លាយ​អាចបង្កើត​ច្រក​ផ្លូវ​នាវាចរណ៍​ពាណិជ្ជកម្ម​ថ្មី​រវាង​អឺរ៉ុប​-​អាស៊ី​
09, Oct 2018 , 1:59 pm        
រូបភាព
រូបភាព៖ The Arctic Institute
រូបភាព៖ The Arctic Institute
ដោយ:
ការ​រលាយ​ទឹកកក​នៅ​តំបន់​អាក​ទិ​ក​ប្រហែល​ក្លាយជា​ដំណឹង​ល្អ​សម្រាប់​ការធ្វើ​ចរាចរណ៍​ពាណិជ្ជកម្ម​តាម​សមុទ្រ​។ អ្នកជំនាញ​បាន​អះអាងថា ការ​រលាយ​ទឹកកក​នៅ​តំបន់​ប៉ូល​នេះ​ធ្វើ​ឲ្យ​ចម្ងាយ​នៃ​ការធ្វើ​ចរាចរណ៍​កាន់តែ​ខ្លី ហើយ​រយៈពេល​នៃ​ការធ្វើដំណើរ​នឹង​ថយចុះ​ចន្លោះ​ពី ១០ ដល់​១៥​ថ្ងៃ​ឯណោះ​។

 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន អង់គ្លេស The Guardian នាវា​ដឹកជញ្ជូន​ទំនិញ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​មួយគ្រឿង​បានធ្វើ​ដំណើរ​ដោយ​ជោគជ័យ​ឆ្លងកាត់​សមុទ្រ​ទឹកកក​អាក​ទិ​ក ឬ​តាមផ្លូវ​សមុទ្រ​ភាគ​ខាងជើង (Northern Sea Route)​។ នេះ​អាច​បញ្ជាក់ថា​ផ្លូវ​នាវាចរណ៍​មួយ​ថ្មី​អាច​នឹង​បើក​ឲ​ដំណើរការ​រវាង​ទ្វីបអឺរ៉ុប​និង​ទ្វីបអាស៊ី​ដែលមាន​ចំងាយ​ជិត​ជាង​ផ្លូវ​នាវាចរណ៍​បច្ចុប្បន្ន​ដែល​ដទៃទៀត​។ 
 
​តាមពិតទៅ តំបន់​ទឹកកក​នានា​ជុំវិញ​ពិភពលោក​រលាយ​ដោយហេតុតែ​ការប្រែប្រួល​អាកាសធាតុ  ប៉ុន្តែ​វា ក៏បាន​ធ្វើ​ឲ​ការធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម​តាម​សមុទ្រ​រវាង​ទ្វីប​ទាំងពីរ​នេះ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ជាមុន​ដែរ​។ អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ចំងាយ​ផ្លូវ​កាន់តែ​ជិត​ជាង​មុន ហើយ​ការចំណាយ​លើ​ការធ្វើដំណើរ​ក៏​កាន់​តិចជាង​មុន​ដែរ​។​
 
​អ្នកជំនាញ​បាន​អះអាង​ផងដែរ​ថា នាវា​ធំៗ​ដែល​ដឹកទំនិញ​តាមផ្លូវ​សមុទ្រ​ប្រើ​ពី​តំបន់​អឺរ៉ុប​មកកាន់​អាស៊ី ដែល​ធ្លាប់​ធ្វើដំណើរ​ក្នុង​រយៈ​ចម្ងាយ ២១០០០​គីឡូម៉ែត្រ តាមរយៈ​ច្រក​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នេះ អាច​នឹងត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​រយៈ​ចម្ងាយ​ត្រឹម ១២០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែក​ពេលវេលា​វិញ គេ​សន្សំ​ពេល​សម្រាប់​ធ្វើដំណើរ​ចន្លោះ​ពី ១០​ទៅ ១៥​ថ្ងៃ​ឯណោះ​។​
 
​ប៉ុន្តែ​ទោះបីជា​បែបនេះ​ក៏ដោយ អ្នកជំនាញ​ខាង​នាវាចរណ៍​មួយចំនួន​យល់ថា ផ្លូវទឹក​ថ្មី​នេះ​មិនទាន់​អាច ប្រើប្រាស់​បាន​សម្រាប់​ជា​ច្រក​ផ្លូវ​ធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម​ឡើយ​។ នេះ​ក៏​ព្រោះថា នៅ​រដូវរងា​ផ្ទាំង​ទឹកកក​នៅមានកម្រិត​ក្រាស់​នៅឡើយ ហើយ​នាវា​ដែល​ត្រូវ​ឆ្លងកាត់​តំបន់​នេះ​ត្រូវតែមាន​លក្ខណ​:​ពិសេស​បន្ថែមទៀត​ដើម្បី​ទប់ទល់​ទៅនឹង​សី​តុ​ណ្ណ​ភាព​ដ៏​ត្រជាក់​មួយ​នេះ​។ ដូច្នេះ វា​ចាំបាច់​ត្រូវមាន​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ឲ្យ​ការធ្វើដំណើរ​បាន​តាម​ច្រក​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នេះ​៕
 
ដោយ៖ គី ចំណារ
 
 
 

Tag:
 ​អាក​ទិ​ក​
  អឺរ៉ុប​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com