សិល្បៈអន្តរជាតិ
សុខភាព
លោក Simon Cowell អ្នកបង្កើតកម្មវិធីកម្សាន្តលំដាប់ពិភពលោក ផ្អាកប្រើទូរសព្ទជិត១ឆ្នាំ
× លោក Simon Cowell បានអះអាងថា លោកមិនបានប្រើប្រាស់ទូរសព្ទអស់រយៈពេលជាង១០ខែ ដើម្បីពង្រឹងសុខភាពផ្លូវចិត្ត និងភាពសប្បាយរីករាយ។ អ្នកជំនាញរៀបចំកម្មវិធីតន្ត្រី និងកម្មវិធីកម្សាន្តលំដាប់ពិភពលោករូបនេះ អះអាងថា ជីវិតលោកពិតជាមានន័យ ពេលនៅឆ្ងាយពីទូរសព្ទ។
«ខ្ញុំពិតខកខានប្រើប្រាស់ទូរសព្ទអស់រយៈពេលប្រមាណ១០ខែ។ ភាពខុសប្លែកគ្នានោះ គឺថា ខ្ញុំបានក្លាយជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សដែលនៅជុំវិញខ្លួន និងផ្ចិតផ្ចង់ខ្ពស់ផងដែរលើការងារអ្វីមួយ»។ លោក Simon បាននិយាយយ៉ាងដូច្នេះទៅកាន់សារព័ត៌មាន The Mail on Sunday។
លោក Simon មហាសេដ្ឋីអង់គ្លេសវ័យ៥៨ឆ្នាំ ជាផលិតករកម្មវិធីទូរទស្សន៍ និងស្ថាបនិកកម្មវិធីប្រឡងសិល្បៈល្បីៗលំដាប់ពិភពលោក ដូចជា The X Factor, Britain’s Got Talent, American Idol និង America’s Got Talent ជាដើម។
លោកបានត្អូញត្អែរថា រាល់ជំនួបជាមួយមនុស្សដែលជាប់ប្រើប្រាស់ទូរសព្ទដៃ ហាក់ដូចជាមិនសូវមានការផ្ចិតផ្ចង់នោះឡើយ។ លោកបានលើកឡើងពីការសម្រេចចិត្តឆ្ងាយពីទូរសព្ទជិត១ឆ្នាំថា៖ «វាពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពផ្លូវចិត្ត។ ពិតណាស់ នេះជាបទពិសោធន៍ដ៏ចម្លែក ប៉ុន្តែវាពិតជាល្អខ្លាំងណាស់សម្រាប់អ្នក ហើយវាពិតជាបានធ្វើឲ្យខ្ញុំរីករាយខុសពីធម្មតា»។
ជាមួយគ្នានេះផងដែរ លោក Simon បានអះអាងថា លោកបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់កូនប្រុស Eric វ័យ៤ឆ្នាំរបស់ខ្លួនលើការប្រើប្រាស់ iPad ដោយលោកចូលចិត្តបបួលគេអង្គុយមើលទូរទស្សន៍ជំនួសវិញ។
កាលពីឆ្នាំមុន សេវាកម្មស្រាវជ្រាវ Deloitte បានធ្វើការស្ទង់មតិលើយុវជនអង់គ្លេស ៤១៥០នាក់ ដែលក្នុងនោះ ៣០ភាគរយ បានអះអាងថា ពួកគេចំណាយពេលយ៉ាងច្រើនជាមួយទូរសព្ទស្មាតហ្វូន ជាពិសេសអាយុចន្លោះពី១៦ទៅ២៤ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com