ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ ក្រសួងទេសចរណ៍ ស្នើ​ឲ្យ​ម្ចាស់​អាជីវករ​ថែរក្សា​អនាម័យ​ត្រឹមត្រូវ​
07, Oct 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់  និង​ម្ចាស់​អាជីវកម្ម រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​សន្តិសុខ សុវត្ថិភាព និង​អនាម័យ នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ។

 
​សេចក្តីណែនាំ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍ មាន​គោលបំណង​ឲ្យ​ម្ចាស់​អាជីវករ ម្ចាស់​រមណីយដ្ឋាន និង​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត និង​ពង្រឹងគុណភាព​ផលិតផល សេវាកម្ម និង​រៀបចំ​ទុកដាក់​សំរាម ដាច់ដោយឡែក​ពីគ្នា​ទៅតាម​ប្រភេទ​ខុសគ្នា ។ ជាពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ជូត​មាត់​នៅក្រៅ​ធុង​។ ទន្ទឹមនឹងនេះ ក្រសួង​ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​អប់រំ​ទៅ​ពលរដ្ឋ​ដែល​លក់ដូរ​តាមផ្លូវ​ថ្នល់​ឲ្យ​រក្សា​អនាម័យ​ម្ហូប អាហារ និង​ផ្ត​ល់ប​ដិ​សណ្ឋាន​កិច្ច​ជូន​ភ្ញៀវទេសចរ​។ 
 
​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ ចំរុះ​ជើងវត្ត  ត្រូវ​សហការ​ជា​មន្ទីរ​ធម្មការ និង​សាសនា ដើម្បី​រៀបចំ​វត្ត​អារាម​ឲ្យ​ក្លាយជា​កន្លែង​ដែល​អាច​ឈ្វេងយល់​ពី​ប្រវត្តិ និង​ទំនៀមទម្លាប់​នៃ​ការរៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ចូលរួម​ថែរក្សា​អនាម័យ​ក្នុង​បរិវេណ​វត្ត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ 
 
​ជាមួយគ្នា​ផងដែរ ក្រសួងទេសចរណ៍ ប្រាប់​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច ចូលរួម​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​កុមារ ។ ជាពិសេស​ការទប់ស្កាត់​រាល់​សកម្មភាព​របស់​ក្មេង​ទំនើង​។ 
 
​រាល់​ម្ចាស់​កាណូត ឬ​ម្ចាស់​ទូក​«​ដ​» មិនត្រូវ​ដឹក​ភ្ញៀវ​ឲ្យ​លើស​ចំណុះ​ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​នានា ដោយ​ឆ្លងកាត់​សមុទ្រ ស្ទឹង​បឹង ជាដើម​។ នេះ​ជា​សេចក្តីណែនាំ​បន្ថែម​របស់​ក្រសួងទេសចរណ៍​ទៅកាន់​ម្ចាស់​អា​ជីករ នៅតាម​រមណីយដ្ឋាន​នានា​៕ 
 

Tag:
 ភ្ជុំបិណ្ឌ​
  ក្រសួងទេសចរណ៍​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com