ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា ជប៉ុន​ជា​គម្រូ​តែមួយគត់​ដែល​សមស្រប​សម្រាប់​អភិវឌ្ឍ​ប្រជាធិបតេយ្យ​កម្ពុជា​
07, Oct 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ប្រទេស​មេគង្គ​-​ជប៉ុន​លើក​ទី​ដប់ បាន​ថ្លែងថា កម្ពុជា​ចាត់ទុក​ជប៉ុន​នេះ​ជា​គម្រូ​ដែល​ស័ក្តិសម​សម្រាប់​កម្ពុជា​រៀនសូត្រ​តាម​ក្នុងការ​អភិវឌ្ឍ និង​លើកស្ទួយ​ប្រជាធិបតេយ្យ​។

 

 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែតុលា មុន​ចាក​ចេញទៅ​ប្រជុំ​មេគង្គ​-​ជប៉ុន​នៅ​ជប៉ុន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ថា ជប៉ុន​ជា​គម្រូ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​គួរ​រៀនសូត្រ​តាម ហើយ​ជប៉ុន​នេះ​ជា​ប្រទេស​ដែល​មួយគត់​ដែល​កម្ពុជា​អាច​រៀន​បាន​។ 
 
​សម្តេច​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​បែបនេះ​៖ «​ខ្ញុំ​តែងតែ​ក្រឡេក​ទៅ​មើល​ប្រទេស​អភិវឌ្ឍ​មួយចំនួន​ក្នុង​តំបន់ និង​លើ​ពិភពលោក ដើម្បី​ខ្ញុំ​អាច​រៀនសូត្រ​បាន​ពី​ពួកគេ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​។ ជាក់ស្តែង ជប៉ុន​តែងតែ​អាច​រក្សា​សេដ្ឋកិច្ច​រឹងមាំ និង​ស្ថិរភាព​នយោបាយ​។ ជប៉ុន​នេះ​ជា​គម្រូ​មួយ​នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។​
 
​សម្តេច​បានលើកឡើង​ពី​ការរៀនសូត្រ​ពី​ជប៉ុន​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​បែបនេះ ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ថា​តើ កម្ពុជា​នឹង​ដើរ​ទៅមុខ​លើផ្លូវ​ប្រជាធិបតេយ្យ​របៀប​ណា ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់អំណាច​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ ២៩ ខែកក្កដា នឹង​ក្រសោប​យក​អាសនៈ​សភា​ទាំងអស់​។​
 
​យ៉ាងណាមិញ ការបោះឆ្នោត​រង​ការរិះគន់​ខ្លាំង ដោយសារ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​គ្មាន​គណបក្សប្រឆាំង​ដែលមាន​ឥទ្ធិពល​ក្នុងការ​បោះឆ្នោត​នេះ​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម ចាត់ទុក​ការបោះឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង​នោះ មិន​ស្របតាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ​។​
 
​កម្ពុជា​ចង់​ដំឡើង​កម្រិត​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ទៅ «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»
 
​ដោយឡែក ក្នុង​បទសម្ភាសន៍​ដដែល​នោះ សម្តេច ក៏បាន​លើកសរសើរ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​បានរួម​ចំណែក​ធំធេង​ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ បន្ថែម​ពីនេះ សម្តេច​ក៏​បង្ហើប​ពី​បំណង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ​ទៅដល់ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​ដែរ​។​
 
​ចង់បាន​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ជប៉ុន​ក្នុងពេល​ណាមួយ​ខាងមុខ​។ បើសិនជា​មានការ​ឯកភាព​គ្នា​សម្រេច​ដំឡើង​កម្រិត​ដល់ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ ជប៉ុន​នឹង​ក្លាយជា​ប្រទេស​ទី​ពីរ​ដែរ ស្របពេល​ចំណងមិត្តភាព​ប្រជាជាតិ​ទាំងពីរ​ឈានដល់​វ័យ ៦៥​ឆ្នាំ​ក្នុង​ឆ្នាំ ២០១៨​ហើយ​នេះ​។​
 
​កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៣ ហើយ​មានតែ​ចិន​ប៉ុណ្ណោះ​ដែល​បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​តាំងពី​ឆ្នាំ ២០១០​។ បើសិនជា ជប៉ុន និង​កម្ពុជា​ឯកភាពគ្នា​ដំឡើង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​មែន​នោះ ជប៉ុន​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន​ដែរ​។​
 
​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចេញពី​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ប្រទេស​ជប៉ុន​។ 
 
​បើតាម​ក្រសួងការបរទេស​ដដែល កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ នឹង​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​ឆ្នាំ ២០១៨ ដែលមាន​សសរស្តម្ភ​បី​មានការ​ផ្សាភ្ជាប់​, ប្រជាជន និង​ការការពារ​បរិស្ថាន​។  
 
​ក្រៅពី​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដើម្បី​ពិភាក្សា​ពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទាំង​ក្នុង​តំបន់​និង​ថ្នាក់​អន្តរជាតិ​៕
 

Tag:
 សម្តេច ហ៊ុន សែន​
  ជប៉ុន​
  ប្រជាធិបតេយ្យ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com