ជាតិ
សង្គមជាតិ
ក្រសួងផែនការ និង UNDP ឯកភាពគ្នាថា ភាពក្រីក្រ​នៅ​កម្ពុជា សល់​តែ​១៣​ភាគរយ​ប៉ុណ្ណោះ
09, Oct 2018 , 3:29 pm        
រូបភាព
ជំនួបរវាងលោក ឆាយ ថន និង លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។ រូបពីក្រសួងផែនការ
ជំនួបរវាងលោក ឆាយ ថន និង លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។ រូបពីក្រសួងផែនការ
នៅ​ទីបំផុត រដ្ឋាភិបាល​កម្ពុជា និង កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) បាន​រកឃើញ​តួលេខ​រួមគ្នា​ស្តីពី​ភាពក្រីក្រ​នៅ​កម្ពុជា ហើយ​តួលេខ​ពីមុន ដែល​ខុសពី​គ្នា និង​បណ្តាល​ឲ្យ​ខ្វែងគំនិត​គ្នា​នោះ ត្រូវ​ចាត់ទុកជា​អត់​បានការ​។ ក្នុងជំនួប​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៨ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង លោកស្រី  ផូ​លីន ថា​ម៉េ​ស៊ី​ស តំណាង UNDP បាន​ឯកភាពគ្នា​ថា សមាមាត្រ​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្រោម​បន្ទាប់​ភាពក្រីក្រ មាន​ចំនួន​១៣,៥​ភាគរយ​។


 
​ក្រោយ​យល់ស្រប​ជាមួយគ្នា​បែបនេះ​រួចហើយ អ្នក​ទាំង​២ ក៏​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ ដើម្បី​បំភ្លឺ​ទៅកាន់​សាធារណជន​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ការរកឃើញ​អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា​១៣,៥​ភាគរយ​នេះ គឺ​ផ្អែកលើ​ការ​គណនា​តាម​ទស្សនទាន​ចំណាយ​លើ​ការប្រើប្រាស់ ដោយ​ប្រើ​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​-​សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០១៤​។​
 
«​លោក ឆាយ ថន និង​លោកស្រី យល់ស្រប​គ្នា​ថា ប្រទេស​កម្ពុជា សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ធំធេង ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​»​។ នេះ​បើតាម​ខ្លឹមសារ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។
   
​មូលហេតុ ដែល​នាំ​ឲ្យ​លោក ឆាយ ថន និង លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស ជួបពិភាក្សា​គ្នា​នាពេលនេះ គឺ​ដោយសារតែ​កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ UNDP បានចេញ​របាយការណ៍​មួយ ដោយ​បញ្ជាក់ថា អត្រា​នៃ​ភាព​ក្រី​ក្រី​នៅ​កម្ពុជា មាន​ទៅ​ដល់៣៥​ភាគរយ​ឯណោះ​។ បន្ទាប់មក សារព័ត៌មាន​នានា បាន​ចុះផ្សាយ​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​សាធារណជន ភាន់ច្រឡំ​ពី​តួលេខ​ខាងលើ​។
 
​មិនយូរប៉ុន្មាន ក្រសួងផែនការ ក៏​ចេញមក​ប្រតិកម្ម រហូត​ជំរុញ​ឲ្យ UNDP សិក្សា​ជាថ្មី ហើយក៏​រកឃើញថា តួលេខ​ដែល​ខ្លួន​ចេញផ្សាយ​ពីមុន គឺ​មិន​ត្រឹមត្រូវ​ទេ​។ UNDP បាន​សុំទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​តួលេខ​របស់ខ្លួន​។
 
​ដំណោះស្រាយ​ចុងក្រោយ តំណាង UNDP និង រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ពិភាក្សាគ្នា ហើយក៏​សម្រេច​រួមគ្នា​ថា ភាព​ក្រី​នៅ​កម្ពុជា មានតែ​១៣,៥​ភាគរយ​ប៉ុណ្ណោះ មិនមែន​​៣៥​ភាគរយ​នោះទេ​៕ 
 

Tag:
 កម្ពុជា
  UNDP
  ភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com