អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី Nikki Haley ទូតអាមេរិកប្រចាំ UN លាលែងពីតំណែងនាដំណាច់ឆ្នាំ
× លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រកាសលាលែងពីតំណែង ដែលខ្លួនកាន់កាប់អស់រយៈពេលជិត២ឆ្នាំ។
អតីតអភិបាលរដ្ឋ South Carolina អាយុ៤៦ឆ្នាំរូបនេះ គឺស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដ៏តិចតួចក្នុងរដ្ឋបាលត្រាំ។ លោកស្រី Nikki Haley មិនបានបញ្ជាក់ពីមូលហេតុនៃការលាលែងនេះឡើយ ប៉ុន្តែមានការលើកឡើងនានាថា គាត់គ្រោងប្រជែងធ្វើបេក្ខភាពប្រធានាធិបតីឆ្នាំ២០២០។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទូតអាមេរិកប្រចាំ UN រូបនេះ នឹងចេញពីតំណែងរបស់ខ្លួននាដំណាច់ឆ្នាំ។ នេះបើតាមការដកស្រង់របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក ដូណាល់ ត្រាំ អាចជ្រើសរើសអ្នកបន្តតំណែងលោកស្រី Nikki នារយៈពេលពីពីរទៅបីសប្តាហ៍ខាងមុខ ដោយលោកមើលឃើញថា Dina Powell អតីតទីប្រឹក្សារងផ្នែកសន្តិសុខរបស់លោក អាចជាបេក្ខភាពនាំមុខសម្រាប់តំណែងនេះ។
លោកត្រាំ ក៏បានបង្ហើបពីឈ្មោះ Ivanka ដែលជាកូនស្រីបង្កើតរបស់ខ្លួនផងដែរ ប៉ុន្តែលោកជឿថា នឹងទទួលរងនូវការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រួសារនិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com