ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖ ខេត្តកំពត មាន​ភ្ញៀវទេសចរ​ច្រើន ខណៈ​ព្រះសីហនុ​,​កោះកុង និង​កែប ធ្លាក់ចុះ​ភ្ញៀវ ដោយសារ​ស្ថានភាព​ផ្លូវ​មិនល្អ​
11, Oct 2018 , 9:43 am        
រូបភាព
​ភ្នំពេញ​៖ របាយការណ៍​របស់​ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តំបន់ឆ្នេរ​សមុទ្រ​រួមមាន ខេត្ត​ព្រះសីហនុ​,​កោះកុង និង​កែប ចំនួន​ភ្ញៀវទេសចរ​មានការ​ថយចុះ​។ ដោយឡែក​ខេត្តកំពត មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន ជាពិសេស រមណីយដ្ឋាន​ភ្នំ​បូកគោ និង​ទឹកឈូ​។


 
​ក្នុងអំឡុងពេល​ភ្ជុំបិណ្ឌ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៨-១០ តុលា​ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង ១,២​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​កម្ពុជា​។ 
 
​ក្នុងនោះ ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ១១៧,៦៣៣​នាក់ ដែល​កើនឡើង ៥៨,៦២​ភាគរយ​។ ជាមួយគ្នានេះ ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១១៥,១០៣ នាក់ កើនឡើង ៥៧,៧៧ ភាគរយ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ២,៥៣០​។​
 
​យោងតាម​របាយការណ៍​ខាងលើ ទ​ន្និ​ន័យ​ភ្ញៀវទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​,​កោះកុង និង​កែប មានការ​ថយចុះ ដោយសារតែ​ស្ថានភាព​ផ្លូវ​មិន​អំណោយផល និង​មាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​មួយចំនួន​។ របាយការណ៍​ដដែល បញ្ជាក់ថា ភ្ជុំបិណ្ឌ​ឆ្នាំនេះ ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​ត្រឹមតែ ៧៩,៥៨៧​នាក់ ថយចុះ ១៣,៤៩​ភាគរយ​៕

Tag:
 (​ជាតិ​) ភ្ជុំបិណ្ឌ​
  ភ្ញៀវទេសចរ​
  កំពត
 កែប
  ព្រះសីហនុ
 កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com