ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន​គាំទ្រ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២០
11, Oct 2018 , 12:30 pm        
រូបភាព
សម្ដេច ហ៊ុន សែន ចាប់ដៃលោក ស៊ីនហ្ស អាបេ នាជំនួបនៅតូក្យូ។ (រូបភាព AFP)
សម្ដេច ហ៊ុន សែន ចាប់ដៃលោក ស៊ីនហ្ស អាបេ នាជំនួបនៅតូក្យូ។ (រូបភាព AFP)
​ជប៉ុន បាន​គាំទ្រ​សំណើ​របស់​កម្ពុជា​ដើម្បី​ធ្វើជា​ម្ចាស់​ជំនួប​អាស៊ី​-​អឺរ៉ុប​ឆ្នាំ​២០២០ ។ ការគាំទ្រ​នេះ ធ្វើឡើង​នា​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ជាមួយ​សម​ភាគី​កម្ពុជា​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែតុលា នៅ​ទីក្រុង​តូ​ក្យូ​។ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ដ៏​ច្រើន​បែបនេះ​។​

 
​ជំនួប​អាស៊ី​-​អឺរ៉ុប (ASEM) តែងតែ​ធ្វើឡើង​នៅ​រៀងរាល់​២​ឆ្នាំ​ម្ដង ដោយ​ប្រទេស​អាស៊ី និង​អឺរ៉ុប​ដាក់​វេន​គ្នា​ធ្វើ​ម្ចាស់ផ្ទះ​ម្ដងម្នាក់​។ ជំនួប​លើក​ទី​១២ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ចាប់ពី​ថ្ងៃទី​១៨ ដល់ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ។ ជំនួប​លើក​ទី​១៣ ឆ្នាំ​២០២០ នឹងត្រូវ​ដល់​វេន​អាស៊ី រៀបចំ​វិញ​ម្ដង ហើយ​កម្ពុជា​បានស្នើ​ជា​បេក្ខភាព​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ដ៏​ធំ​មួយ​នេះ​។ 
 
​បេក្ខភាព​របស់​កម្ពុជា ត្រូវបាន​ជប៉ុន​ដែលជា​ប្រទេស​ធំ​មួយ​នៅ​អាស៊ី គាំទ្រ​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​សម្ដេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នា​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៨ ខែតុលា​កន្លងទៅ​។ សារព័ត៌មាន​ជប៉ុន Japan Today ផ្សាយ​ថា សម្ដេច ហ៊ុន សែន ក៏បាន​អរគុណ​លោក អា​បេ ដែល​ត្រៀមខ្លួន​ជួយ​កម្ពុជា​ក្នុងការ​រៀបចំ​ជំនួប​អាស៊ី​-​អឺរ៉ុប​នៅ​ឆ្នាំ​២០២០ ។​
 
«​ហើយ​សង្ឃឹមថា នឹងមាន​ការអនុម័ត​ទៅលើ​គោលជំហរ​បែបនេះ​សម្រាប់​ការប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល​ខាងមុខ​។​» នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល ជុំវិញ​បេក្ខភាព​របស់​កម្ពុជា​។ ទាក់ទង​បញ្ហា​នេះដែរ មុន​ធ្វើដំណើរ​ទៅកាន់​ជប៉ុន សម្ដេច ហ៊ុន សែន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ថា ការធ្វើជា​ម្ចាស់ផ្ទះ ASEM នេះ កម្ពុជា​នឹងមាន​ឱកាស​បង្ហាញ​សក្ដានុពល​ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ភ្ញៀវទេសចរ​។​
 
​បើសិន​បេក្ខភាព​របស់​កម្ពុជា​ត្រូវបាន​ឯកភាព​មែន​នោះ វា​នឹង​ក្លាយជា​លើកដំបូង​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ដ៏​ធំ​របស់​មេដឹកនាំ​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប​។ លោក សុក ស៊ីផា​ណា ទីប្រឹក្សា​រដ្ឋាភិបាល លើកឡើងថា បេក្ខភាព​របស់​កម្ពុជា ត្រូវបាន​គាំទ្រ​ដោយ​សមាជិក​អាស៊ាន​ទាំង​៩​ផ្សេងទៀត ហើយ​កម្ពុជា​អាច​ទទួល​មេដឹកនាំ​ពិភពលោក​បាន ព្រោះ​មាន​សណ្ឋាគារ​ច្រើន និង​អាគារ​ខ្ពស់​នៅ​ទូទាំងប្រទេស ជាពិសេស រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់ Kyodo ។​
 
​សូមបញ្ជាក់ថា ជំនួប​អាស៊ី​-​អឺរ៉ុប ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ី និង​អឺរ៉ុប​។ ជំនួប​នេះ​នឹងមាន​ដៃគូ​ចូលរួម​ជាច្រើន​ដូចជា​ប្រទេស​តំបន់​អឺរ៉ុប​ចំនួន​៣០ ដែល​ក្នុងនោះ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៨ បូក​ថែម​ន័​រ​វ៉េ​ស និង​ស្វ៊ី​ស រួម​ប្រទេស​តំបន់​អាស៊ី​ចំនួន​២១ និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ផង​៕ 
 
 
  

Tag:
 ហ៊ុន សែន
 ​កម្ពុជា​
  ជប៉ុន​
  ASEM)
© រក្សាសិទ្ធិដោយ thmeythmey.com