ពូ​ទីន សុំ​ឪពុក Nurmagomedov កុំ​ដាក់ទោស​កូន​ខ្លាំងពេក ក្រោយ​ហក់​វាយ​ក្រុម McGregor ឆៅៗ​
កីឡាអន្តរជាតិ
អន្តរជាតិ
ពូ​ទីន សុំ​ឪពុក Nurmagomedov កុំ​ដាក់ទោស​កូន​ខ្លាំងពេក ក្រោយ​ហក់​វាយ​ក្រុម McGregor ឆៅៗ​
11, Oct 2018 , 4:59 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានស្នើ​សុំ​ឪពុក​របស់​កីឡាករ Khabib Nurmagomedov ថា​«​កុំ​ដាក់ពិន័យ​កូន​ខ្លួន​ខ្លាំងពេក​»​បន្ទាប់ពី​កីឡាករ​វាយ​ក្នុង​ទ្រុង UFC រូបនេះ​មាន​ជម្លោះ​ហិង្សា​ភ្លាមៗក្រោយពេល​យកឈ្នះ​ជើង​ខ្លាំង Conor McGregor នៅ​សង្វៀន​នាទី​ក្រុង Las Vegas សហរដ្ឋអាមេរិក កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​


​អ្នក​វាយ​ក្នុង​ទ្រុង​សញ្ញា​តិ​រុស្ស៊ី Nurmagomedov បាន​ផ្តួល​កីឡាករ McGregor នៅត្រឹម​ទឹក​ទី​៤ ដើម្បី​ការពារ​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ Lightweight របស់គេ ក្នុង​កម្មវិធី UFC 229​។ ប៉ុន្តែ​ក្រោយ​ទទួល​ជ័យជម្នះ​ដោយ​សុំ​ចុះចាញ់​ពី​សំណាក់​កីឡាករ​អៀរ​ឡង់ ភ្លាមៗ​នោះ​ក៏មាន​ជម្លោះ​កើតឡើង​ពេញ​សង្វៀន ហើយ​កីឡាករ Nurmagomedov បាន​លោត​ចេញពី​ទ្រុង​ទៅ​វាយ​ក្រុម​របស់ McGregor ឆៅៗ​តែម្តង​។​
 
​គណៈកម្មាធិការ​អត្តពលកម្ម​រដ្ឋ Nevada បានដាក់​ទណ្ឌកម្ម​លើ​សកម្មភាព​ហិ​ស្សា​នេះ និង​បាន​ដកហូត​ខ្សែក្រវ៉ាត់​របស់ Nurmagomedov ខណៈដែល​ស្ថាប័ន​ខ្លួន​កំពុង​ស៊ើបអង្កេត​។ ប៉ុន្តែ ប្រធាន​សហព័ន្ធ UFC លោក Dana White មិន​យល់ស្រប​នឹង​ការដកហូត​នេះ​ទេ ដោយ​លើកឡើងថា​ខ្សែក្រវ៉ាត់​គួរតែ​ឲ្យ Nurmagomedov រក្សាទុក​ខ្លួនឯង​បើទោះបី​រូបគេ​ត្រូវបាន​ហាមឃាត់​ក៏ដោយ​។​
  
 
​ជុំវិញ​ទង្វើ​មិន​សមរម្យ​ជា​អ្នកកីឡា​របស់​កីឡាករ​រុស្ស៊ី​វ័យ​៣០​ឆ្នាំ​រូបនេះ ក៏បាន​ធ្វើ​ឲ្យ​ឪពុក​របស់គេ​មាន​ការមិន​ពេញចិត្ត​ផងដែរ និង​ត្រៀម​ដាក់ពិន័យ​កូន​ឲ្យ​តឹងរឹង​ជាង UFC ទៅទៀត​។​
«​ខ្ញុំ​បាន​ព្រមាន​គាត់​រួចហើយ ចំពោះ​ខ្ញុំ​វិន័យ​គឺជា​រឿង​សំខាន់បំផុត​»​។ លោក Abdulmanap Nurmagomedov បន្ថែម​ដូច្នេះ​។​
 
​យ៉ាងណាក៏ដោយ នៅក្នុង​ជំនួប​រវាង​ឪពុក​កូន​ជាមួយ​លោកពូ​ទីន​នៅ​ថ្ងៃទី​១០ ខែតុលា ដើម្បី​ជាការ​អបអរ​ដែល Khabib Nurmagomedov អាច​យកឈ្នះ​ជើង​ខ្លាំង​លំដាប់​ពិភពលោក McGregor បាន​នោះ មេដឹកនាំ​ក្បាលម៉ាស៊ីន​របស់​រុស្ស៊ី​រូបនេះ​បានស្នើ​សុំ​លោក Abdulmanap Nurmagomedov «​កុំ​ដាក់ទោស​កូន​ខ្លួនឯង​ខ្លាំងពេក​» ចំពោះ​ហេតុការណ៍​ហិង្សា​នោះ​៕



 

 

Tag:
 Khabib Nurmagomedov
  Conor McGregor
  UFC
  ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com