បាត់ដំបង៖ អ្នកភូមិបាយដំរាំនៃស្រុកបាណន់ក្នុងខេត្តបាត់ដំបង វិនិយោគច្រើនទៅក្នុងរបរដុតក្រឡាន។ ពួកគេត្រូវទិញវត្ថុធាតុដើមទាំងអស់ តាំងពីឫស្សី។ ផ្ទុយទៅវិញ អ្នកភូមិទាំងនេះមិនបានបោះបង់របរតែមួយគត់ដែលពួកគេមានសម្រាប់ចិញ្ចឹមជីវិតនៅក្នុងភូមិ។
បើសិនជាគេធ្វើដំណើរឆ្ពោះទៅភ្នំបាណន់ដែលស្ថិតនៅភាគខាងលិចនៃក្រុងបាត់ដំបង នៅគីឡូម៉ែត្រទី១៥ គេនឹងទៅដល់ភូមិបាយដំរាំដែលសម្បូរដោយផ្ទះឈើប្រក់ស័ង្កសី និងប្រក់ក្បឿង និងសម្បូរទៅដោយដើមឈើហូបផ្លែ។ នៅមុខផ្ទះខ្លះ មានរានតូចល្មមដែលម្ចាស់ផ្ទះអាចដាក់តាំងលក់ក្រឡានបាន។ អ្នកក្រុងបាត់ដំបងប្រហែលមិនភ្ញាក់ផ្អើលនឹងរបរលក់ក្រឡានរបស់អ្នកភូមិនេះ ដែលមានតាំងពីទស្សវត្សរ៍៨០មកនោះឡើយ។ អ្នកធ្វើដំណើរឆ្លងកាត់ អាចឃើញការលក់ដូរក្រឡានដែលជាផលិតផលរបស់ខ្មែរបុរាណនេះមែន ប៉ុន្តែពួកគេមិនបានដឹងថា អាជីពដុតក្រឡានរបស់អ្នកភូមិបាយដំរាំនេះ កាន់តែជួបការលំបាកនោះឡើយ។ ទន្ទឹមនឹងការចំណាយថវិកាទិញអង្ករដំណើប សណ្តែក ដូង និងធ្យូង អ្នកដុតក្រឡានត្រូវស្វែងរកទិញឫស្សីដែលនៅឆ្ងាយលើសពី៥០គីឡូម៉ែត្រពីភូមិ។
ទោះស្តាប់ឮថាជារបរដ៏លំបាក ហើយផ្តល់ប្រាក់ចំណេញបន្តិចបន្តួច ប៉ុន្តែអ្នកភូមិ៨គ្រួសារដែលជាអ្នកប្រកបរបរចាស់យូរឆ្នាំនេះ មិនព្រមបោះបង់ចោលឡើយ។
ស្ត្រីលក់ក្រឡានវ័យ៣៥ឆ្នាំ អ្នកស្រី ឆោម ឆវិន បានឆ្លើយប្រាប់អ្នកកាសែតថ្មីៗភ្លាមថា អ្នកស្រីមិនមានលទ្ធភាពអាចប្រកបរបរអ្វីផ្សេងទៀតឡើយ ក្រៅពីការដុតក្រឡានលក់ដើម្បីចិញ្ចឹមគ្រួសារនោះ។
អ្នកស្រី ឆវិន ដែលកំពុងតែអង្គុយនៅក្នុងរានលក់ក្រឡាន ហើយកំពុងសកក្រឡាន មានពណ៌ខ្មៅរោលដោយផ្សែងភ្លើងនោះ បានត្អូញត្អែរថា របរលក់ក្រឡាននេះបានផ្តល់ប្រាក់ចំណេញតែ២ម៉ឺនរៀល បើសិនជាអ្នកស្រីអាចលក់អស់ក្រឡានដែលធ្វើពីអង្ករដំណើប៧គីឡូក្រាម។ ស្រី ឆវិន បញ្ជាក់បន្ថែម៖«ចំណេញបានតិចណាស់ តែបើមិនធ្វើយើងមិនមានមុខរបរអ្វីផ្សេង ប្រាក់ចំណូលក៏អត់ដែរ»។
ការចំណាយប្រាក់ទិញអង្ករ និងគ្រឿងផ្សំជាចំណាយដ៏ធំមួយហើយ ប៉ុន្តែក្រុមអ្នកលក់ក្រឡាននៅក្នុងភូមិបាយដំរាំនេះ ត្រូវចំណាយលុយកាន់តែច្រើនដើម្បីទិញឫស្សី ដែលកាន់តែខ្សត់ ហើយថ្លៃ។ ស្វាមីរបស់អ្នកស្រី ឆវិន តែងបានចំណាយថវិកា៤ម៉ឺនរៀលដើម្បីជួលមនុស្សម្នាក់ក្នុងមួយថ្ងៃឲ្យកាប់ឫស្សី ដែលម្ចាស់ឫស្សីត្រូវលក់មួយដើមថ្លៃ៥០០០រៀលផ្សេងទៀត។
នេះពិតជាការងារដ៏លំបាកបន្ថែមទៀត សម្រាប់លោក រេត ថេត ដែលជាអ្នកដុតក្រឡានលក់ម្នាក់ទៀតនៅក្នុងភូមិ។ លោក ថេត រអ៊ូថា ពេលខ្លះពេញមួយថ្ងៃ លោករកឫស្សីមិនបាន សូម្បីតែមួយដើម។
ទោះជាត្រូវផ្សងព្រេងរកឫស្សីបែបនេះក្ដី តែអ្នកភូមិបាយដំរាំទាំងនេះ សុទ្ធតែមិនចង់ដាំដើមឫស្សីលើដីរបស់ខ្លួន ព្រោះពួកគេគិតថាវាចំណាយពេលយូរឆ្នាំទម្រាំបានផល ហើយគុម្ភឫស្សីអាចធ្វើឱ្យដីខ្សោះជីជាតិផង។ ឫស្សីមួយដើមថ្លៃ៥,០០០រៀល ឈ្នួលកាប់មួយថ្ងៃបួនម៉ឺនរៀលក្នុងម្នាក់ ថែមបាយនិងភេសជ្ជៈផ្សេងទៀត លោក ថេត ត្រូវការមនុស្សប្រមាណពីរទៅបីនាក់ដើម្បីកាប់ឫស្សី។
ក្នុងមួយថ្ងៃលោក ថេត អាចរកប្រាក់ចំណេញបានពីការលក់ក្រឡាន ប្រមាណ៥ម៉ឺនរៀល ដោយក្រឡានធំជាងគេ មានតម្លៃ ៣,៥០០រៀល ហើយក្រឡានទំហំតូចត្រូវបានលក់ក្នុងតម្លៃ១ពាន់រៀល។ ជាធម្មតាក្នុងរដូវភ្ជុំបិណ្ឌ លោក ថេត អាចរកប្រាក់ពីការលក់ក្រឡានបានប្រមាណ ២០០ដុល្លារអាមេរិក។ លោក ថេត បញ្ជាក់៖ «ថ្ងៃធម្មតារៀងពិបាកលក់បន្តិច តែបើពេលមានបុណ្យទានដូចជាចូលឆ្នាំឬភ្ជុំលក់បានច្រើន មួយថ្ងៃអាចដុតពីដង។ របរនេះពិបាកខ្លាំងតែរកដើមឫស្សីទេ ពេលខ្លះរកដើមឫស្សីមិនបានយើងក៏អត់អីលក់ដែរ»។
ជាអ្នកប្រកបរបរលក់ក្រឡានមួយរូបទៀតលោកតា វង្ស រេត ដែលប្រកបរបរនេះ៤០ឆ្នាំមកហើយនោះ ក៏បានបញ្ជាក់ថាក្រៅពីលក់ក្រឡាន លោកតាគ្មានរបរអ្វីផ្សេងអំណោយផលដល់លោកតាឡើយ។ ស្បែកមុខជ្រីវជ្រួញ និងមានពាក់វែនតាផងនោះ លោកតា រេត បានរៀបរាប់ថា កាលពីសម័យមុន បុរសរូបនេះយកអុសមកដុតក្រឡាន តែសម័យនេះគេយកធ្យូងមកដុតជំនួសវិញ ព្រោះវាងាយស្រួលប្រែ និងមិនធ្វើឱ្យឆាប់ខ្លោច។ ត្រូវលាងអង្កររហូតទៅដល់៥ទឹក មុនយកទៅលាយគ្រឿង លោក រេត ដែលមានពិសោធន៍ធ្វើក្រឡាន៤០ឆ្នាំមកហើយនោះ ពន្យល់ថា ដើម្បីធ្វើក្រឡានបានឆ្ងាញ់គេត្រូវលាយគ្រឿងកុំឱ្យផ្អែមពេកឬប្រៃពេក។ ការថែភ្លើងឱ្យនៅកម្ដៅក្ដៅល្មម ក៏ជាកត្តាចាំបាច់ដែរ ដើម្បីឱ្យក្រឡានឆ្អិនល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់។
ស្ថិតក្នុងវ័យ៧៧ឆ្នាំនេះរាល់ថ្ងៃលោកតា រេត អាចត្រឹមតែអង្គុយសកក្រឡានទុកលក់តែប៉ុណ្ណោះ ចំណែកការងារផ្សេងទាក់ទងនឹងរបរនេះ លោកត្រូវជួលគេ និងពឹងលើកូន។ ដ្បិតមិនមានរបរផ្សេងក្ដី តែរបរលក់ក្រឡាននេះក៏អាចជួយជីវភាព របស់លោក រេត បានខ្លះដែរ។ ពីដើមឡើយនៅក្នុងភូមិបាយដំរាំនេះមានតែលោក រេត ម្នាក់ប៉ុណ្ណោះ ដែលលក់ក្រឡាន ប៉ុន្តែបច្ចុប្បន្ននេះមានគ្នាច្រើន។ «ពីដើមលក់ដាច់ច្រើនហើយក៏ចំណេញដែរ ព្រោះមានតែខ្ញុំម្នាក់លក់ តែឥឡូវមានគេលក់ច្រើន ក៏តឹងជាងមុនដែរ។ របរនេះមិនហត់អីទេ ហើយឥឡូវកូនខ្ញុំមួយចំនួនរករបរនេះ។ វាបានតែម៉ាហូប ហើយមិនបាច់ចំណាកស្រុក»។ នេះជាការបញ្ជាក់របស់លោក វង្ស រេត។
ជាធម្មតាអ្នកធ្វើក្រឡានត្រូវក្រោក លាយគ្រឿងក្រឡាន និងដុតវានៅម៉ោងប្រមាណ៤កន្លះទៅម៉ោងប្រាំទាបភ្លឺ ដើម្បីអាចលក់ទាន់ពេលព្រឹក។ គ្រឿងធ្វើក្រឡាន មានអង្ករដំណើបសុទ្ធ សណ្ដែក ដូង ស្ករ និងអំបិល។ គេត្រូវលាយគ្រឿងផ្សំទាំងនេះចូលគ្នា។ សម្រាប់ដូងគេត្រូវពូតយកខ្ទិះទៅលាយ ឬអាចដាក់ទាំងកាកដូងក៏បាន បន្ទាប់មកគេយកវាទៅញាត់ចូលក្នុងបំពង់ឫស្សី ហើយយកវាទៅដុត ក្នុងកម្ដៅមធ្យម។ ក្រោយពីដុតរយៈពេលមួយម៉ោងទៅមួយម៉ោងកន្លះ ឬពេលដែលឫស្សីប្រែពណ៌នោះវានឹងឆ្អិន៕