ជាតិ
កុមារ​ជាង​១​ខួប​ម្នាក់​នៅ​ឧ​ត្ត​រ​មានជ័យ ជួប​គ្រោះ​បាក់​ភ្លៅ ចំពេល​ឪពុកម្តាយ​ធ្វើការ​នៅ​ឆ្ងាយ​
12, Oct 2018 , 2:21 pm        
រូបភាព
នេះជារូបថតកុមារារងគ្រោះ (សូមអភ័យទោសចំពោះរូបថតដែលមានស្នាមឈាម)
នេះជារូបថតកុមារារងគ្រោះ (សូមអភ័យទោសចំពោះរូបថតដែលមានស្នាមឈាម)
ដោយ: ថ្មីៗ
កុមារា​អាយុ​ត្រឹម​១​ខួប​១០​ខែ​ម្នា​ក់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រងរបួស​បាក់​ភ្លៅ បែកក្បាល ដោយសារ​ការ​ដួល​ម៉ូតូ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​១២ ខែតុលា នេះ នៅ​ភូមិសាស្ត្រ​ភូមិ​អូរ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។

 
​កុមារា​រងគ្រោះ​មានឈ្មោះ សាយ ណា​រ៉ុង ដែល​រស់នៅ​ជាមួយ​ជីដូន​របស់ខ្លួន​។  បើតាម​លោក ស្រួច គឿ​ត មេភូមិ​អូរ​ពក កុមារា​វ័យ​ជិត​២​ខួប​រូបនោះ បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​បងស្រី​ជីដូនមួយ​របស់ខ្លួន​ក្នុង​ដំណើរ​ត្រឡប់​ពី​ជូន​ជីដូន​ទៅ​កាត់​ចុង​ផ្តៅ នៅក្នុង​ព្រៃ​។​
 
«​អ្វីដែល​គួរ​ឲ្យ​អាណិត​នោះ គឺ​ឪពុកម្តាយ​គាត់​មិន​នៅក្បែរ​នោះឡើយ ដោយ​ម្តាយ​ទើប​វិលត្រឡប់​ទៅ​ធ្វើការ​រោងចក្រ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ភ្ជុំបិណ្ឌ ហើយ​ឪពុក​ទៅរក​ស៊ី​នៅ​ខេត្ត​ផ្សេងទៀត​»​។ នេះ​ជាការ​រៀបរាប់​របស់លោក​មេភូមិ​អូរ​ពក ដោយ​អះអាងថា កុមារា​រងគ្រោះ ត្រូវបាន​បងជីដូនមួយដែលជិះម៉ូតូដួលនោះ នាំទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប​ដើម្បី​សង្គ្រោះបន្ទាន់​។​
 
​លោក ស្រួច គឿ​ត បាន​បន្ថែមថា ក្នុង​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប ព្រះសង្ឃ​មួយអង្គ​បាន​រ៉ាប់រង​លើ​ចំណាយ​ថ្លៃ​រថយន្ត ប៉ុន្តែ​ការចាយវាយ​ផ្សេងទៀត​មានការ​ខ្វះខាត​នៅឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ ជាមួយនឹង​អាកា​រៈ​ក្តុកក្តួល អ្នកស្រី ឆា រី អាយុ​២៦​ឆ្នាំ ដែល​ត្រូវជា​ម្តាយ បាន​បញ្ជាក់ថា គាត់​ទើបតែ​ត្រឡប់​ចូលធ្វើការ​ក្នុង​រោងចក្រ​នៅ​តាខ្មៅ​វិញ បាន​មួយ​ព្រឹក​ប៉ុណ្ណោះ​។ ក្រោយ​ឮដំណឹង​បែបនេះ គាត់​បាន​បង្ខំចិត្ត​សម្រាក​ពី​ការងារ​ដើម្បី​ទៅ​មើលថែ​កូន​នៅ​មន្ទីរពេទ្យ​។​
 
​កម្មការិនី​រូបនេះ បាន​រៀបរាប់ថា គាត់​បាន​ទុក​កូន​ទាំងពីរ​ឲ្យ​នៅ​ជាមួយ​ម្តាយ ដោយ​កូនស្រី​ច្បង​មាន​អាយុ​ជាង​៩​ឆ្នាំ និង​កូនប្រុស​អាយុ​ជាង​១​ខួប ពីព្រោះ​គាត់​ត្រូវ​ចេញ​ធ្វើការ​រកលុយ រីឯ​ស្វាមី​ក៏​ធ្វើជា​កម្មករ​ផងដែរ​នៅ​ខេត្ត​ផ្សេង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com