កីឡាជាតិ
ជាតិ
​កម្ពុជា​ស្វាគមន៍​ទី​ម័​រ​ខាងកើត ប៉ុន្តែ​លោក Honda មិនបាន​ឈរ​បញ្ជា​ផ្ទាល់​ឡើយ​
12, Oct 2018 , 2:58 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda គ្មាន​វត្តមាន​ក្នុងជំនួប​នេះ​ទេ ដោយសារ​ជាប់​ភារកិច្ច​នៅ​ក្លិប​អាជីព​របស់ខ្លួន​។​

 
​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ដឹកនាំ​ក្រុម​កម្ពុជា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​លើកដំបូង​ជាមួយ​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ កញ្ញា នឹង​គ្មាន​វត្តមាន​ដឹកនាំ​ក្នុងជំនួប​លើក​ទី​២​របស់​កម្ពុជា​នៅ​ល្ងាច​នេះ​។ លោក Felix Gonzalez Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​នៅលើ​ទីលាន​ជំនួស​លោក Honda នា​ជំនួប​តទល់​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​។​
 
​បើតាម​ប្រវត្តិ​ជួបគ្នា​៦​លើក​កន្លងមក កម្ពុជា​ធ្លាប់​យកឈ្នះ​ទី​ម័​រ​ខាងកើត​ចំនួន​៤​លើក ស្មើ និង​ចាញ់​១​លើក​។ កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ទី​ម័​រ​ខាងកើត​នា​ជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Championship 2008 មុន​កម្ពុជា​យកឈ្នះ ៤-២ ក្នុង​ព្រឹត្តិការណ៍ AFF Championship នៅ​ឆ្នាំ​២០១០​។ 
 
​នៅ​ឆ្នាំ​២០១២ ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ ទី​ម័​រ​ខាងកើត​បាន​យកឈ្នះ​កម្ពុជា ៥-១​។ នៅ​ឆ្នាំ​២០១៤ ក្នុង​ព្រឹត្តិការណ៍​នេះដែរ កម្ពុជា​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ ហើយ​បាន​បន្ត​ឈ្នះ ២-០ នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឆ្នាំ​២០១៦ និង​យកឈ្នះ ៣-២ ក្នុង​វគ្គ​ជម្រុះ AFF Championship ឆ្នាំ​២០១៦​។​
 
​តើ​កីឡាករ​រូប​ណា​នឹង​ក្លាយជា​ក្លាយ​ម្ចាស់​អាវ​លេខ​១១​ក្នុងជំនួប​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ល្ងាច​នេះ​? នេះ​ជា​ចម្ងល់​របស់​អ្នកគាំទ្រ​ដែល​ទន្ទឹង​ចង់ដឹង​កីឡាករ​រូប​ណា​ក្នុងចំណោម​កីឡាករ ចាន់ វឌ្ឍនាកា និង ស៊ិន កក្កដា នឹង​ក្លាយជា​ម្ចាស់​លេខ​អាវ​នេះ​។ នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើកដំបូង​ជាមួយ​ម៉ាឡេស៊ី លោក Keisuke Honda បានប្រគល់​លេខ​អាវ​នេះ​ឲ្យ​ទៅ​កីឡាករ ស៊ិន កក្កដា​។ ប៉ុន្តែ​កាលនោះ​គ្មាន​វត្តមាន​កីឡាករ ចាន់ វឌ្ឍនាកា ក្នុង​ក្រុម​ជម្រើសជាតិ​នោះទេ ខណៈ វឌ្ឍនាកា បាន​គ្រប់គ្រង​លេខ​នេះ​ជា​យូរ​មកហើយ​កាលពីពេល​កន្លងទៅ​៕      
    
​ 

Tag:
 ​ជម្រើសជាតិ​កម្ពុជា​
  ទី​ម័​រ​ខាងកើត​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com