កីឡាអន្តរជាតិ
អន្តរជាតិ
Mahrez ផ្ញើ​ឃ្លី​ប​វីដេអូ​​ដើម្បីលើក​ទឹកចិត្ត​ក្មេងប្រុស​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​រញ្ជួយ​ដី​
12, Oct 2018 , 4:34 pm        
រូបភាព
​ក្មេងប្រុស​ឥណ្ឌូណេស៊ី​អាយុ​១២​ឆ្នាំ​ម្នាក់​បានទទួល​រងគ្រោះថ្នាក់​ដោយសារ​ហេតុការណ៍​រញ្ជួយ​ដី​អំឡុងពេល​រូបគេ​កំពុង​មើល​ការចាក់ផ្សាយ​ឡើងវិញ​នៃ​ការប្រកួត​របស់​ក្រុម Manchester City ដែលជា​ក្រុម​ជាទី​ស្រលាញ់​របស់ខ្លួន​នៅក្នុង​ហាង​កាហ្វេ​អ៊ីនធឺណិត​មួយកន្លែង​។ ក្មេងប្រុស Rizky ជា​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ និង​ជាង Fan របស់​ខ្សែបម្រើ Riyad Mahrez ផងដែរ​។​


 
​បន្ទាប់ពី BBC បាន​ប្រាប់​ពី​ដំណើរ​ដើមទង​របស់ Rizky ទៅកាន់ Mahrez ហើយ​នោះ ខ្សែបម្រើ​សញ្ញជាតិ​អាល់​ហ្សេ​រី វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ផ្ញើ​សារ​ជា​វី​ដែ​អូ Online ផ្ទាល់​ទៅកាន់​ក្មេងប្រុស​នោះ ដើម្បី​ជាការ​លើកទឹកចិត្ត ខណៈ​ក្មេង​នោះ​កំពុង​ដេក​សម្រាក​ព្យាបាល​ក្រោយ​រួច​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​ដែល​បាន​វាយប្រហារ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី និង​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​។​
 
Mahrez បាន​និយាយ​សួរ​ស្តី​ទៅកាន់ Rizky តាមរយៈ​វីដេអូ​នោះ និង​ជូនពរ​រូបគេ​ឆាប់​ជាសះស្បើយ​ពី​រំ​បួស​របួស​បាក់ដៃ​ថែមទៀត​ផង​។ «​ខ្ញុំ​សង្ឃឹមថា​អ្នកជា​ឆាប់ៗ​។ ខ្ញុំ​បាន​លឺថា​អ្នកជា Fan ប្តូរផ្តាច់​របស់ Man City ដូច្នេះ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នកជា​ពី​ជំងឺ​ដូចដើម​វិញ​»​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ឥណ្ឌូណេស៊ី​បានទទួល​រងគ្រោះ​ធម្មជាតិ​ផ្ទួនៗ​ច្រើនលើកច្រើនសារ​ដូចជា​រញ្ជួយ​ដី ស៊ូណាមិ និង​ផ្ទុះ​ភ្នំភ្លើង​ជាដើម​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់ពាន់​អ្នក និង​ប្រជាជន​ដែល​រួច​ជីវិត​ត្រូវ​រស់នៅ​ដោយ​ខ្វះ​អាហារ និង​ទី​ជំរក​៕
 
​ 

Tag:
 ​រញ្ជួយ​ដី​
  ឥណ្ឌូណេស៊ី​
  Manchester City
  Riyad Mahrez
© រក្សាសិទ្ធិដោយ thmeythmey.com