ជាតិ
​​​ន​យោ​បាយ​ជាតិ​
​តួនាទី​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ រួមទាំង​អ្នកនាំពាក្យ​៣​រូប​
12, Oct 2018 , 10:19 pm        
រូបភាព
ដោយ: រួបរួម
 ​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ស្តីពី​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ដែលមាន​រដ្ឋលេខាធិកា​រ​៦​រូប និង​អនុរដ្ឋលេខាធិការ​១០​រូប​។ ក្នុង​សេចក្តីសម្រេច​ដោយឡែក​មួ​យ លោក​រដ្ឋមន្ត្រី ក៏បាន​តែងតាំង​អ្នកនាំពាក្យ​៣​រូប​ផងដែរ​។​

 
​លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​បញ្ជាក់ថា សេចក្តីសម្រេច​នេះ សំដៅ​ធានា​ដល់​ដំណើរការ​ប្រព្រឹត្តទៅ​រប​ស់​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព និង​សម្រេច​ភារកិច្ច​ឲ្យ​បានល្អ​ប្រសើរ​។ ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី លោក អង្គ វង្ស វ​ឌ្ឍា​នា ផ្ទាល់​ត្រូវ​ដឹកនាំ​ការងារ​រួម​របស់​ក្រសួង  ហើយ​លោក​គ្រប់គ្រង​ដោយផ្ទាល់​លើ​ការងារ​ចាត់តាំង ហិរញ្ញវត្ថុ និង​សវនកម្ម​ផ្ទៃក្នុង​។ 
 
​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខា​ទាំងអស់ មាន​ភារកិច្ច​ជួយ​ការងារ​រដ្ឋមន្ត្រី​។ លោក កើត រិ​ទ្ធ ជា​រដ្ឋលេខាធិការ​ដែល​ទទួលបន្ទុក​ប្រចាំការ និង​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​អយ្យការ និង​ព្រហ្មទណ្ឌ ការងារ​លិខិត​ថ្កោលទោស កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធតុលាការ ការងារ​អាជ្ញាធរកណ្តាល​នៃ​ក្រសួងយុត្តិធម៌​។​
 
​ការងារ​ជួយ​រដ្ឋមន្ត្រី​លើ​ផ្នែក​កិច្ចប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​រដ្ឋប្បវេណី កិច្ចការ​យេនឌ័រ ស្ត្រី និង​កុមារ គឺជា​បន្ទុក​របស់លោក​ស្រី​រដ្ឋលេខាធិការ ចាន់ សុទ្ធា​វី ខណៈ​លោក​រដ្ឋលេខាធិការ ព្រហ្ម សិទ្ធ​ត្រា រ៉ាប់រង​លើ​កិច្ចការរដ្ឋបាល​នៃ​អគ្គលេខាធិការដ្ឋាន និង​កិច្ចការរដ្ឋបាល​នៃ​សាលាជម្រះក្តី​។​
 
​លោក គឹម សន្តិភាព ក្រៅពី​ជួយ លោក កើត រិ​ទ្ធ លើ​ការងារ​អយ្យការ និង​ព្រហ្មទណ្ឌ ព្រមទាំង​ការងារ​លិខិត​ថ្កោលទោស រដ្ឋលេខាធិការ​រូបនេះ ជួយ​រដ្ឋមន្ត្រី​លើ​កិច្ចការ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ការងារ​ធ្វើ​ទំនើបកម្ម​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ និងសេចក្តីសម្រេច​តុលា​ការ និង​ចងក្រង​ឯកសារ​ទាំងនេះ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​។ បន្ថែម​ពីលើ​នេះ លោក​ទទួលបន្ទុក​លើ​ការងារ​អភិវឌ្ឍ និង​ការគ្រប់គ្រង​គេហទំព័រ និង​បណ្តាញ​សង្គម​របស់​ក្រសួង​។​
 
​លោក​រដ្ឋលេខាធិការ ឡុង នរិន្ទ គ្រប់គ្រង​លើ​ការងារ​អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ និង​ការងារ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី រីឯ​លោក​រដ្ឋលេខាធិការ ជីវ សុខ​ហាក់ ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌ ច្បាប់ និង​វិវាទ​ពាណិជ្ជកម្ម រួមទាំង​ការងារ​ទោស​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ ។​
 
​ចំពោះ​ភារកិច្ច​របស់​អនុរដ្ឋលេខាធិការ​ទាំង​១០​រូប លោក ប៉ុក ម៉ាន់​នី ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង និង​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក សេង សុវណ្ណារ៉ា ជួយ​ការងារ​នាយកដ្ឋាន​សន្ធាន​កម្ម និង​យុត្តិធម៌​មូលដ្ឋាន​។​
 
​លោក កែវ សុផល ជួយ​ការងារ​នាយកដ្ឋាន​កិច្ចការ​បុគ្គលិក​របស់​ក្រសួង និង​សាលាជម្រះក្តី ខណៈ​លោក ជិន ម៉ា​លីន ជួយ​រដ្ឋមន្ត្រី​ក្នុង​វិស័យ​សិទ្ធិមនុស្ស កិច្ចការពារ​ជនក្រីក្រ​របស់​គណៈមេធាវី គម្រោង​តុលាការ​គំរូ និង​ការងារ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ និង​នាយកដ្ឋាន​ស្រាវជ្រាវ និង​ផែនការ​។ បន្ថែម​ពីលើ​នេះ លោក​ត្រូវ​ជួយ​ការងារ​លោក កើត រិ​ទ្ធ ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។​
 
​វិស័យ​កម្មសិទ្ធិបញ្ញា ការងារ​នាយកដ្ឋាន​កិច្ចការ​ច្បាប់ និង​ស្ថិតិ​រដ្ឋប្បវេណី ជា​បន្ទុក​របស់លោក​ស្រី ខៀវ សុ​ផានី រីឯ​លោក មាស សាវឿន រ៉ាប់រង​ការងារ​នាយកដ្ឋាន​កិច្ចការ​ចុះបញ្ជី និង​តម្កល់​។ លោក សូរ ចាន់​ធី ជួយ​ការងារ​នាយកដ្ឋាន​កិច្ចការ​អយ្យការ និង​កិច្ចការ​អនុវត្ត​ទោស នាយកដ្ឋាន​ច្បាប់ និង​ស្តិ​តិ​ព្រហ្មទណ្ឌ រួមទាំង​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​
 
​លោក អ៊ូ រ៉ាស៊ី ជួយ​លោក ឡុង នរិន្ទ លើ​ការងារ​អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ លោក ច័ន្ទ មនោ ជួយ​រដ្ឋមន្ត្រី​ក្នុង​ការងារ​ហិរញ្ញវត្ថុ និង​លោក នាក់ សើ​គី​រី​ន ជួយ​លោក ជីវ សុខ​ហាក់ លើ​ការងារ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌​។​
 
​ជាមួយគ្នានេះ តាមរយៈ​សេចក្តីសម្រេច​មួយ​ចុះ​កាលពី​ថ្ងៃទី​១១ ខែតុលា លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​បង្កើត​ក្រុម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ដែលមាន​សមាសភាព​៣​រូប​។ អ្នកនាំពាក្យ​ទាំងបី​រូប​រួមមាន លោក​រដ្ឋលេខាធិការ គឹម សន្តិភាព លោក​អនុរដ្ឋលេខាធិការ ជិន ម៉ា​លីន និង​លោក សន សោភ័ណ ដែលជា​នាយក​ខុទ្ទកាល័យ​ក្រសួង​៕

Tag:
 ក្រសួងយុត្តិធម៌​
  នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com