ជាតិ
សេដ្ឋកិច្ច
CRF៖«ពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោក នឹងជួយលើកតម្កើងមុខមាត់ និងតម្លៃអង្ករកម្ពុជា»
× ភ្នំពេញ៖ អង្ករក្រអូបប្រណីតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមប្រទេសនានាដែលបានដាក់ប៉ាន់អង្ករសរុប៣៦សំណាក នៅក្នុងសន្និសីទស្រូវ-អង្ករពិភពលោកលើកទី១០ ដែលរៀបចំដោយ The Rice Trade(TRT) ពីថ្ងៃទី ១០-១២ ខែតុលា នៅក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា មានកត្តាចម្បងមួយចំនួនដែលជំរុញឲ្យកម្ពុជាអាចទទួលបានពានរង្វាន់អង្ករល្អជាងគេនេះ។ កត្តាទាំងនោះមានដូចជា ការខិតខំប្រឹងប្រែងក្នុងការធ្វើបន្សុទ្ធពូជស្រូវ ការពង្រឹងគុណភាពស្រូវអង្ករ ការបង្កើនស្តង់ដាររោងម៉ាស៊ីនជាកម្រិតអន្តរចាតិ ដើម្បីកិនកែច្នៃអង្ករឲ្យមានស្តង់ដារ។ ម្យ៉ាងកម្ពុជាមានពូជស្រូវដែលល្អ និងអង្ករមានរសជាតិក្រអូបឆ្ងាញ់ ដែលបានបន្សល់ទុកតាំងពីដូនតាមក ទន្ទឹមនឹងទីតាំងភូមិសាស្ត្រដែលមានអំណោយផលសម្រាប់វិស័យកសិកម្ម។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។
សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ការទទួលបាននូវពានរង្វាន់លើកនេះ នឹងជួយលើកតម្កើងមុខមាត់ គុណភាពអង្ករកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ វាក៏នឹងផ្តល់ភាពងាយស្រួលក្នុងការផ្សព្វផ្សាយម៉ាកវិញ្ញាតកម្មអង្ករជាតិ«ម្លិះអង្គរ» ក៏ដូចជាអង្ករកម្ពុជា ទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ ស្របពេលដែល សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយភាគីពាក់ព័ន្ធ ធ្វើម៉ាកវិញ្ញាតកម្មអង្ករជាតិ«ម្លិះអង្គរ» ដែលបានគ្រប់ដណ្តប់លើអង្ករក្រអូបប្រណីតជាច្រើនរបស់កម្ពុជា ដើម្បីបញ្ជាក់ និងរក្សាឲ្យបានគុណភាពអង្ករល្អជាងគេ និងមានរសជាតិក្រអូបឆ្ងាញ់ពិសា សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក។
សូមរំលឹកថា កម្ពុជាធ្លាប់បានទទួលពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល៣ឆ្នាំជាប់ៗគ្នា(២០១២-២០១៤) និងទទួលបានលំដាប់លេខ២ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧៕
Tag:
អង្ករ
CRF
ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com