ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រី សុខុន ដាំ​បន្លែ​សរីរាង្គ​មិន​បារម្ភ​រឿង​ខ្វះ​ទីផ្សារ​
14, Oct 2018 , 7:59 am        
រូបភាព
​តាកែវ​៖ អ្នកស្រី អ៊ី សុខុន ជា​កសិករ​ដាំ​បន្លែ​ក្នុង​កសិដ្ឋាន​អង្គការ​សេ​ដាក ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។ អ្នកស្រី សុខុន ដែល​បាន​ដាំ​ដុះ​បន្លែ​សរីរាង្គ​ជិត​២​ឆ្នាំ​មកហើយ មិនដែល​ខ្វាយខ្វល់​សោះឡើយ​ចំពោះ​រឿង​ខ្វះ​ទីផ្សារ​លក់ ព្រោះ​បន្លែ​របស់គាត់ ត្រូវបាន​ក្រុមការងារ​របស់​អង្គការ​សេ​ដាក​ជួយ​យកទៅលក់​បន្ត និង​កំពុង​ផ្គត់ផ្គង់​រាល់ថ្ងៃ​ក្នុង​ទីផ្សារ​មូលដ្ឋាន​ក្នុងស្រុក​ត្រាំកក់​។ ការដាំ​បន្លែ បាន​ចំណូល​ឲ្យ​គ្រួសារ​កសិករ​រូប ប្រមាណ​៣​លាន​រៀល ក្នុង​១​ខែ​។​


 
​អ្នកស្រី សុខុន បានចាប់ផ្ដើម​ដាំ​បន្លែ​សរីរាង្គ​ជិត​២​ឆ្នាំ​ហើយ នៅក្នុង​កសិដ្ឋាន​អង្គការ​សេ​ដាក ស្ថិតក្នុង​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ អ្នកស្រី សុខុន និង​ស្វាមី ដែល​បោះបង់​ការធ្វើ​ចំណាកស្រុក​ទៅ​គាស់​ដំឡូង​នៅ​ជាយដែន​មក​ដាំ​បន្លែ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បន្លែ​សរីរាង្គ​ដែល​គាត់​ដាំ​រួមមាន​ត្រប់ស្រួយ​,​ព​ពាយ​,​គូឆាយ​,​ត្រសក់​,​សាឡាត​,​ននោង និង​គល់​ស្លឹកគ្រៃ ហើយ​សុទ្ធសឹង​តែមាន​ទីផ្សារ​រួចជាស្រេច​។



អ្នកស្រី សុខុន ដែល​បន្ត​បញ្ជាក់ថា​៖«​បន្លែ​ទាំងអស់នេះ  មាន​ក្រុមការងារ​របស់​អង្គការ​សេ​ដាក​ជួយ​យកទៅលក់​បន្ត ហើយ​យើង​មិន​ពិបាក​រក​ទីផ្សារ​ទេ​។ រាល់ថ្ងៃ​ខ្ញុំ​និង​ស្វាមី ត្រូវ​ក្រោក​ពី​ម៉ោង​៣ ទៀបភ្លឺ ដើម្បី​រៀបចំ​បន្លែ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​»​។​


 
​លើស​តែ​ពី​ចំណូល​ប្រចាំថ្ងៃ ប្រមាណ​៧​ម៉ឺន​ទៅ ១០​ម៉ឺន​រៀល​ដែល​បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ កសិករ​វ័យ ៥៨​ឆ្នាំ​រូបនេះ អះអាងថា សុខភាព​គ្រួសារ​របស់គាត់​ក៏​ល្អ​ដែរ ព្រោះ​គាត់​បរិភោគ​បន្លែ​ធម្មជាតិ​ដែល​ដាំ​ដោយ​ខ្លួនឯង​៕


 
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ThmeyThmey ជាមួយ​អ្នកស្រី អ៊ី សុខុន កសិករ​ដាំ​បន្លែ​ក្នុង​កសិដ្ឋាន​អង្គការ​សេ​ដាក​ដូចតទៅ​៖ 
 
​ 

Tag:
 កសិករ​
 ​បន្លែ​
 ​ទីផ្សារ​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com