ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូង​ផ្តល់​កម្ចី​ជាង​៦៦​លាន​ដុល្លារ បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​
14, Oct 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េ បានសម្រេច​ផ្តល់​កម្ចី​ចំនួន ៦៦,៥៧​លាន​ដុល្លារ ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះ    បណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​កម្ពុជា​(UHS)​។ នេះ​បើ​យោងតាម      សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​១១​តុលា​។ កម្ចី​ជាង​៦៦​លាន​ដុល្លារ​នេះ នឹងត្រូវ​ផ្តល់​មក​កម្ពុជា តាមរយៈ​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF)​។


 
​រដ្ឋាភិបាល​កូរ៉េ​បាន​បង្កើត​EDCF នៅក្នុង​ឆ្នាំ​១៩៨៧ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ជួយ​ដល់​បណ្តា​ប្រទេស​ទាំងនោះ​សម្រេចបាន​នូវ​ឧស្សាហូបនីយកម្ម និង​ស្ថិរភាព​សេដ្ឋកិច្ច តាម រយៈ​ការផ្តល់​ឥណទាន​រយៈពេល​វែង និង​ការប្រាក់​ទាប​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​គម្រោង​នេះ មានបំណង​ចិញ្ចឹម​បីបាច់​បុគ្គលិក​សុខាភិបាល​ប្រកបដោយ​វិជ្ជាជីវៈ ដែលមាន​គុណភាព​អប់រំ​ខ្ពស់ ព្រមទាំង​ផ្តល់​សេវា​សុខភាព​ស្តង់ដារ​ខ្ពស់ ដោយ​បង្កើត​មន្ទីរពេទ្យ​បង្រៀន​មាន​២០០​គ្រែ ជាមួយនឹង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ល្អៗ​។​


ជំនួបរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងប្រតិភូមកពីប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ឆ្នាំ២០១៨
 
​រដ្ឋាភិបាល​កូរ៉េ រំពឹងថា នៅពេល​មន្ទីរពេទ្យ​បង្រៀន UHS បង្កើតឡើង វា​នឹង​អាច​អភិវឌ្ឍ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព​ខ្ពស់ តាមរបៀប​ជា​ប្រព័ន្ធ​។ នៅពេលនោះ ប្រជាពលរដ្ឋ​កម្ពុជា ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​វេជ្ជសាស្ត្រ​ទំនើប តាមរយៈ​ការផ្គត់ផ្គង់ និង​ការដំឡើង​ឧបករណ៍​ពេទ្យ​ទំនើប និង​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពេទ្យ​ដែរ​។ 
 
​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០១​មក រដ្ឋាភិបាល​កូរ៉េ បានផ្តល់​ប្រាក់កម្ចី​សរុប​ចំនួន ៧៦៦​លាន​ដុល្លារ​អាមេរិក ក្នុង​កម្ចី EDCF ដើម្បី​គាំទ្រ​ដល់​គម្រោង​ចំនួន​២២ នៅ​កម្ពុជា​៕
 


Tag:
 សុខាភិបាល​
 ​មន្ទីរពេទ្យ​
 ​កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com