រដ្ឋាភិបាលប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) រងការរិះគន់ខ្លាំងនៅសប្តាហ៍នេះក្រោយនាំចូលរថយន្តទំនើបៗ ៤០គ្រឿងដើម្បីដឹកមេដឹកនាំ និងប្រតិភូបរទេសមកចូលរួមប្រជុំ APEC ខែក្រោយ។ ប្រជាជននៃកោះប៉ាស៊ីហ្វិកនេះបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលខ្វះលទ្ធភាពដោះស្រាយបញ្ហាផ្ទុះឡើងជាថ្មីនៃជំងឺស្វិតដៃជើង និងប្រទេសទាំងមូលស្ថិតក្នុងភាពក្រីក្រដោយបន្តពឹងជំនួយបរទេសនៅឡើយ។
រថយន្តទំនើបស៊េរី Maserati ៤០គ្រឿងដែលរដ្ឋាភិបាលប៉ាពូអាស៊ី នូវែលហ្គីណេ កុម្ម៉ង់ទិញពីអ៊ីតាលីនោះបានមកដល់ប៉ាពូអាស៊ី នូវែលហ្គីណេហើយនៅដើមសប្តាហ៍នេះតាមយន្តហោះប៊ូអ៊ីងពីរគ្រឿង។ គេមិនដឹងថា រថយន្តទាំងនោះមានតម្លៃប៉ុន្មានពិតប្រាកដទេ ប៉ុន្តែបើតាមតម្លៃទីផ្សារលក់ចេញនៅអូស្ត្រាលីវាអាចស្ថិតនៅចន្លោះពី២សែនដល់ ៣,៤សែនដុល្លារឯណោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី ABC មន្ត្រីរដ្ឋាភិបាលបានអះអាងថា រថយន្តទំនើបទាំងនេះ បានដឹកជញ្ជូនមកដល់កំពង់ផែ Moresby ហើយវានឹងត្រូវប្រើប្រាស់ដើម្បីដឹកជញ្ជូនមេដឹកនាំពិភពលោកដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)ខែវិច្ឆិកាខាងមុខ។
រដ្ឋមន្ត្រីទទួលបន្ទុករៀបចំកិច្ចប្រជុំ Justin Tkatchenko បាននិយាយថា អាជ្ញាធរទទួលបន្ទុករៀបចំ APEC ចំណាយលុយលើការទិញរថយន្តទាំងនេះ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ក្រោយចប់កម្មវិធី រថយន្តទាំងនោះនឹងត្រូវលក់ចេញវិញ។
លោកបន្ថែមថា បច្ចុប្បន្នឈ្មួញជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញរថយន្តទាំងនេះដែរ ដូច្នេះរដ្ឋាភិបាល ប៉ាពូអាស៊ី នូវែលហ្គីណេ មិនខាតបង់អ្វីនោះឡើយ។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហើបឲ្យដឹងពីតម្លៃសរុបនៃរថយន្តទាំងនោះពេលនាំចូល និងតម្លៃប្រហាក់ប្រហែលសម្រាប់ការលក់ចេញវិញឡើយ។
ការបកស្រាយរបស់រដ្ឋមន្ត្រីរូបនេះទំនងជាឆ្លើយតបនឹងមតិរះគន់និងការខឹងសម្បាររបស់ប្រជាជននិងមន្ត្រីតំបន់មួយចំនួន បន្ទាប់ពីលេចលឺដំណឹងថាមានការនាំរថយន្តទំនើបរាប់សិបគ្រឿងនេះ ខណៈដែលកោះប៉ាស៊ីហ្វិកនេះប្រឈមនឹងបញ្ហាច្រើនទាំងភាពក្រីក្រនិងការផ្ទុះឡើងនៃជំងឺស្វិតដៃជើងជាថ្មីផងនោះ។
អភិបាលខេត្តភាគខាងជើងលោក Gary Juffa បានថ្លែងដោយការខកចិត្តថា វាប្រៀដូចជាការទះ កំផ្លៀងប្រជាជនប៉ាពូអាស៊ី នូវែលហ្គីណេមួយដៃដូច្នេះដែរ ព្រោះបច្ចុប្បន្នប្រជាជនកំពុងរងទុក្ខវេទនា ហើយបញ្ហាប្រឈមក៏ច្រើនក្នុងវិស័យសុខាភិបាល អប់រំ និងច្បាប់ផង។
១៨ ឆ្នាំមុន ប៉ាពូអាស៊ី នូវែលហ្គីណេ ប្រកាសថា លែងមានករណីជំងឺស្វិតដៃជើងហើយ ប៉ុន្តែឆ្នាំនេះ ករណីស្វិតដៃជើង ១៤ករណីកើតឡើង ហើយម្នាក់បានស្លាប់។ ការផ្ទុះឡើងនៃជំងឺនេះធ្វើឲ្យមានក្តីបារម្ភខ្លាំង ហើយម្យ៉ាងទៀតរដ្ឋាភិបាលក៏គ្មានលទ្ធភាពក្នុងការដោះស្រាយបញ្ហានេះទៀត។
ជុំវិញការរៀបចំកិច្ចប្រជុំនេះដែរ អូស្ត្រាលីដែលជាមិត្តជិតខាង ប៉ាពូអាស៊ី នូវែលហ្គីណេនោះ បានចេញថវិកាប្រមាណ ១០០លានដុលា្លរសម្រាប់ជួយរដ្ឋាភិបាលនេះ រៀបចំផ្នែកសន្តិសុខ និងដើម្បីធានាថា កិច្ចប្រជុំអាចដំណើរការទៅបានដោយរលូន៕