ជាតិ
តើទូក«ង»វែងអាចបំបែកឯតទគ្គកម្មបានឬមិនបាន លទ្ធផលនឹងប្រកាសនៅថ្ងៃទី ១២ វិច្ឆិកា រូបភាពពីហ្វេសប៊ុក លោក ងិន បាណាល់
× ភ្នំពេញ៖ តំណាង Guinness World Records នឹងប្រកាសលទ្ធផល ថាតើទូក«វែង» ដែលកម្ពុជាផលិត អាចបំបែកឯតទគ្គកម្មពិភពលោកឬអត់ នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ។ ការប្រកាសនេះ នឹងធ្វើឡើងបន្ទាប់ពីតំណាង Guinness World Records ពិនិត្យ វាយតម្លៃលើលក្ខណៈបច្ចេកទេសខ្នាតទូក និងការអុំបង្ហាញជាក់ស្ដែង ដែលកម្មវិធីនេះ ត្រូវរៀបចំនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើត។
ទូក«ង»វែងដែលកម្ពុជាផលិតដើម្បីបំបែកឯតទគ្គកម្មពិភពលោក ត្រូវបានប្រសិទ្ធនាមថា«កម្ពោជិកបុត្តាខេមរាតរី»។ ឈ្មោះនេះមានន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។ «កម្ពោជិកបុត្តាខេមរាតរី» នឹងត្រូវក្រុមការងារ Guinness World Records ពិនិត្យវាយតម្លៃ ក៏ដូចជាប្រកាសថា អាចបំបែកឯតទគ្គកម្មពិភពលោកឬអត់ នៅថ្ងៃទី១២ ខែវិច្ឆិកា។
លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូកខ្នាតវែង បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ដោយក្តីសង្ឃឹមថា ទូក«ង»វែង អាចបំបែកឯតទគ្គកម្មពិភពលោកបាន បើទោះជានៅពេលនេះ ទូកងនេះ មិនទាន់ផលិតចប់សព្វគ្រប់១០០ភាគរយក៏ដោយ។ មានសង្ឃឹមច្រើន ព្រោះក្រុមការផលិតទូក បានធ្វើការងារច្រើនជាមួយតំណាង Guinness World Records ជាពិសេស របាយការណ៍កំណត់ខ្នាតច្បាស់លាស់។ នេះជាការពន្យល់បន្ថែមរបស់លោក ងិន បាណាល់ ដោយលោកបានបន្តថា «កម្ពោជិកបុត្តាខេមរាតរី»នឹងត្រូវយកទៅដាក់តាំងនៅតំបន់ចុងប៉ម នៅក្រោយថ្ងៃទី១២ ខែវិច្ឆិកា។
សូមបញ្ជាក់ថាទូក«ង»នេះធ្វើពីឈើគគីម្សៅ មានប្រវែង៨៥.៥ម៉ែត្រ និងទទឹង១,៥៥ម៉ែត្រ អាចផ្ទុកចំណុះបានដល់១៧៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com