កីឡាជាតិ
ជាតិ
អតីត​មិត្ត​រួម​ក្រុម Pahang FA ថា វឌ្ឍនាកា ជា​កីឡាករ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សិង្ហ​បុរី​
15, Oct 2018 , 4:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កីឡាករ​សិង្ហ​បុរី Safuwan Baharudin អតីត​មិត្ត​រួម​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Pahang FA បានចាត់ទុក ចាន់ វឌ្ឍនាកា ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ និង​មាន​ទេពកោសល្យ​ខ្ពស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​សិង្ហ​បុរី នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃទី​១៦ ខែតុលា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ តែ​ខ្សែការពារ​រូបនេះ ប្តេជ្ញា​ខិតខំ​លេង​ឲ្យ​អស់ពី​សមត្ថភាព និង​ការពារ​ឲ្យ​បានល្អ ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​ស៊ុត​ប​ញ្ជូ​ល​ទី​។

 
​ក្នុង​ក្រសែភ្នែក​អតីត​មិត្ត​រួម​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Pahang FA រូបនេះ កីឡាករ ចាន់ វឌ្ឍនាកា ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​កម្ពុជា ដែល​ពោរពេញ​ដោយ​បទពិសោធ និង​បច្ចេកទេស​។ លើសពីនេះ រូបគេ​បានចាត់ទុក​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ថា ជា​កីឡាករ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ដែល​សិង្ហ​បុរី​ត្រូវផ្តោត​សំខាន់ និង​យកចិត្តទុកដាក់​ខ្ពស់​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ កីឡាករ​អាច​លេង​ច្រើន​ទីតាំង​រូបនេះ​បាន​និយាយថា​៖«​បើសិន​យើង​មិន​ផ្តោត​និង​យកចិត្តទុកដាក់​ឲ្យ​បានល្អ គាត់​ប្រហែលជា​អាច​បង្កបញ្ហា​ដល់​ក្រុម​យើង​។ ខ្ញុំ​បាន​មើល​ការប្រកួត​ជាច្រើន​របស់ វឌ្ឍនាកា ពិសេស​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup លើក​មុន ក៏ដូចជា​ការហ្វឹកហាត់​រួមគ្នា​នៅ Pahang FA គាត់​ជា​កីឡាករ​មាន​បច្ចេកទេស និង​បំលាស់​ទី​ល្អ ដែល​អាច​យកឈ្នះ​កីឡា​ករពី​២​ទៅ​៣​នាក់​ក្នុងពេល​ហ្វឹកហាត់​និង​ប្រកួត​»​។​
 
​រូបគេ​បាន​បន្ថែមថា​៖«​តាម​បទពិសោធ​ជា​មិត្ត​រួម​ក្រុម​ជាមួយគ្នា​នៅ Pahang FA ចំនួន​៦​ខែ ខ្ញុំ​មើលឃើញថា វឌ្ឍនាកា ជា​កីឡាករ​មាន​បច្ចេកទេស​ខ្ពស់ និង​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​របស់​កម្ពុជា និង​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ គាត់​ជា​កីឡាករ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ក្នុងការ​ប្រកួត តាមរយៈ​ការបង្កើត​ឲ្យ​ឱកាស​កើតឡើង​ក្នុងស្ថានភាព​ក្រុម​គ្មានអ្វី​សោះ​»​។​
 
​កីឡាករ​ដែល​អាច​លេង​នៅ​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ​រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​កម្ពុជា ដើម្បី​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អ​។ តែ​យ៉ាងណា​រូបគេ​ថា ការជួបគ្នា​លើក​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​និង​ស្វិតស្វាញ​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ជំនួប​មួយ​នេះ​។ 
 
​ទោះបី​វា​ជា​ជំនួប​មិត្តភាព តែ​ជាការ​ប្រកួត​តេស្ត​សមត្ថភាព​កីឡាករ​ក្នុងការ​ស្វែងរក​ទម្រង់​លេង​ល្អ​មួយ ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៨ នា​ខែវិច្ឆិកា ខាងមុខនេះ​។ 
 
​មុន​មកជួប​កម្ពុជា ក្រុម​សិង្ហ​បុរី​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​៣​លើក​រួចមកហើយ ដោយ​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ូ​រី​ស មុន​យកឈ្នះ​ជម្រើសជាតិ​ហ្វ៊ី​ជី ២-០ និង​ឈ្នះ​ម៉ុង​ហ្គោ​លី ២-០​។ ចំណែក​កម្ពុជា​ចាញ់​ម៉ាឡេស៊ី ៣-១ និង​ស្មើ ២-២ ជាមួយ​ទី​ម័​រ​ខាងកើត​៕   
 

Tag:
 ​ជម្រើសជាតិ​កម្ពុជា​
  ចាន់ វឌ្ឍនាកា​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com