កីឡាជាតិ
ជាតិ
សិង្ហ​បុរី សរសេរ​អ្វីខ្លះ​ពី​កម្ពុ​ជាមុន​ប៉ះគ្នា​ថ្ងៃស្អែក​
15, Oct 2018 , 11:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​បើកទ្វារ​ស្វាគមន៍​សិង្ហ​បុរី​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី​១៦ ខែតុលា និង​ជាការ​ប្រកួត​កំដៅ​សាច់ដុំ​ត្រៀម​ប្រជែង​ពានរង្វាន់ Suzuki Cup ឆ្នាំ​២០១៨ ខាងមុខ​។​


 
​នៅមុន​ជំនួប​រវាង​ក្រុម​ទាំងពីរ សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី (FAS) នៅ​ថ្ងៃទី​១៤ តុលា តាមរយៈ​គេហទំព័រ​ផ្ទាល់​របស់ខ្លួន​បាន​សរសេរ​រៀបរាប់​ពី​ប្រវត្តិ​ខ្លះៗ​របស់​ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជា ពោលគឺ​ចាប់តាំងពី​ប្រទេស​នេះ​បាន​ចូលរួម​ជាមួយ FIFA ពី​ឆ្នាំ​១៩៥៣​មក​។​
 
​ពួកគេ​បាន​សរសេរ​ដូច្នេះ​ថា គូប្រជែង​នៅ​តំបន់​អាស៊ាន​របស់​សិង្ហ​បុរី​មាន​ប្រជាជន​ប្រហែល ១៥ លាន​នាក់ ដែល​ក្នុងនោះ ៩៧​ភាគរយ​គឺជា​ខ្មែរ​។ កីឡាបាល់ទាត់​គឺជា​កីឡា​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ក្នុង​ឆ្នាំ ១៩៥៣ ហើយ​នៅ​ឆ្នាំ ១៩៧២ ដែល​កម្ពុជា​កាលណោះ​នៅ​ជា​សាធារណរដ្ឋ​ខ្មែរ​បានទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ការប្រកួត​អន្តរជាតិ​ដែល​អាច​ឈរ​នៅ​លំដាប់​ទី​បួន​ក្នុង​ព្រឹត្តិការណ៍ Asian Cup​។​
 
​ចំណាត់ថ្នាក់ FIFA Ranking ខ្ពស់បំផុត​របស់​កម្ពុ​ជា​គឺ​នៅ​ឆ្នាំ​១៩៩៨ ដោយ​ឈរ​នៅ​លេខ​រៀង​ទី ១៦២ និង​កម្រិត​ទាប​បំផុត​គឺ​នៅ​ចំណាត់​ថ្នក់​ទី ១៨៩ នៅ​ឆ្នាំ ២០១៣​។ តែ​បច្ចុប្បន្ន​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៦៩​។​
 
​លើសពីនេះ​ទៀត​នោះ FAS បាន​សរសេរ​ពី​កីឡាករ​កម្ពុជា​៣​រូប​ដែល​រួមមាន​ប្រធាន​ក្រុម កួច សុ​កុម្ភៈ ប៉ិន ចាន់​ធា​រី និង​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដោយ​រៀបរាប់​ពី​សមិទ្ធផល​ដែល​ពួកគេ​ទទួលបាន​កន្លងមក​។​
 
​ស្ថាប័ន​ដឹកនាំ​កីឡាបាល់ទាត់​សិង្ហ​បុរី​មួយ​នេះ​ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​របស់លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​គោព្រៃ​កម្ពុជា​ផងដែរ​។ ពួកគេ​សរសេ​ថា អតីត​សមាជិក AC Milan និង CSKA Moscow ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប Melbourne Victory នៃ​លី​គ​កំពូល​អូស្ត្រាលី​ផង​នោះ បាន​ដឹកនាំ​កម្ពុជា​ដោយ​តែង​តាំ​លោក Felix Gonzalez ជា​ជំនួយការ និង​ជា​គ្រូ​បង្គោល ដ្បិត Honda មិនទាន់មាន​អាជ្ញា​ប័​ណ្ឌ​គ្រូបង្វឹក​នៅឡើយ​។​
 
​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់ Honda ចំនួន​ពី​ប្រកួត​កន្លងមក កម្ពុជា​ទទួលបាន​លទ្ធ​ផល​ចាញ់​១ និង​ស្មើ​១ ក្នុងនោះ​ចាញ់​ម៉ាឡេស៊ី ៣-១ និង​ស្មើ​ទី​ម័​រ​ខាងកើត ២-២ នៅក្នុង​ផ្ទះ​ខ្លួនឯង​៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com