ពីនេះ ពីនោះ
«ជនាងផ្ទះ»,«ជីនាងផ្ទះ» និង«ជំនាងផ្ទះ»ជាពាក្យច្រើនតែនិយាយមិនត្រូវ?
× នៅក្នុងការប្រើប្រាស់ពាក្យទាំងនេះ កន្លងមកសាធារណជននៅតែប្រើទាំងស្រពេចស្រពិល ដោយអ្នកខ្លះ ប្រើជា «ជនាងផ្ទះ» ហើយខ្លះទៀត «ជីនាងផ្ទះ» និងខ្លះទៀត «ជំនាងផ្ទះ» ដោយមិនប្រាកដថាពាក្យណាមួយត្រឹមត្រូវឡើយ។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យដែលត្រឹមត្រូវនោះគឺ «ជំនាងផ្ទះ» ដែលជានាមសព្ទ មានន័យថា ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្តិសិទ្ធិដែលអាស្រ័យក្នុងផ្ទះ។ បើតាមប្រពៃណីខ្មែរ នៅវេលាគេសង់ផ្ទះថ្មី មុននឹងដាក់ដំបូលគេតែងយកសំពត់ជាតី ឬព្រៃពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ និងមានគូរយន្តទៅដាក់ភ្ជាប់ចំកណ្តាលមេដំបូល ដែលគេរៀបទ្រនឹប ដែលមានបង្អែម ចម្អាប, ទៀន ធូប,ភ្ញីផ្កាជាដើម។ ឧទាហរណ៍៖ អុជទៀនធូបបូជារំលឹកនឹកដល់ជំនាងផ្ទះសុំឲ្យជួយថែរក្សាកូនចៅ ឲ្យសុខសប្បាយ។
ក្រោយពេលសាងសង់ផ្ទះរួចរាល់ហើយ គេតែងតែដាក់ជំនាងផ្ទះ នៅក្នុងផ្ទះ ដែលគេជឿថា នឹងមានទេវតាតាមថែរក្សាផ្ទះ ដោយអ្នកខ្លះជឿទៀតថា នឹងមានខ្មោចជំនាងផ្ទះមកលេង ឬមកពន្យល់សប្តិជាដើម។ ជាទូទៅគេតែងរៀបចំសែនរាល់ថ្ងៃសីល ឬថ្ងៃប្រារព្ធពិធីសាសនានានា ដូចជា ពីធីបុណ្យចូលឆ្នាំខ្មែរ, ចូលឆ្នាំចិន, ពិធីអកអំបុក និងសំពះព្រះខែ, សែននំព្រះខែជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com