កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ គ្រូអង់គ្លេសដាក់កីឡាករក្មេងៗ ដើម្បីយកឈ្នះអេស្ប៉ាញ ៣-២
× លោក Gareth Southgate បានទទួលជោគជ័យជាមួយនឹងការដាក់កីឡាករក្មេងៗជាច្រើនរូបក្នុងជំនួបដែលក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះម្ចាស់ផ្ទះអេស្ប៉ាញដោយលទ្ធផល ៣-២។ នេះជាជ័យជម្នះលើកដំបូងក្នុងរយៈពេល៣១ឆ្នាំមកហើយ សម្រាប់ក្រុមតោកំណាចលើក្រុមគោជល់អេស្ប៉ាញ ពោលគឺចាប់តាំងពីឆ្នាំ១៩៨៧មក។
នេះគឺជាក្រុមក្មេងជាងគេបំផុតដែលអង់គ្លេសបានដាក់តាំងពីទទួលជ័យជម្នះលើជម្រើសជាតិអៀរឡង់ខាងជើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៥៩ ក្រោយមកបំបាក់អេស្ប៉ាញដល់ផ្ទះសម្រាប់ពានរង្វាន់ UEFA Nations League នារាត្រីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងក្រុង Seville។
ក្រុមរបស់លោក Southgate អាចរកគ្រាប់បាល់នាំមុខមុនដល់ទៅ៣គ្រាប់នៅតង់ទី១ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Raheem Sterling (នាទី ១៦, ៣៨) និង Marcus Rashford នៅនាទី៣០។ អេស្ប៉ាញក្រោមការដឹកនាំរបស់លោក Luis Enrique អាចតាមបាន២គ្រាប់វិញដែលធ្វើបានដោយខ្សែប្រយុទ្ធ Francisco Alcacer និងខ្សែការពារ Sergio Ramos នៅតង់ទី២ ចប់ការប្រកួតអង់គ្លេសឈ្នះ អេស្ប៉ាញ ៣-២។
ជ័យជម្នះនេះបានធ្វើឲ្យអង់គ្លេសអាចបន្តដង្ហើមដើម្បីប្រជែងពាន Nations League បន្ទាប់ពីរកបាន៤ពិន្ទុក្នុងការប្រកួត៣លើក ស្ថិតនៅលេខរៀងទី២នៃ League A ក្រុមទី៤ ខណៈអេស្ប៉ាមាន៦ពិន្ទុ ហើយក្រូអាស៊ីមាន១ពិន្ទុ។
អង់គ្លេសមិនដែលស្គាល់ជាតិឈ្នះអេស្ប៉ាញឡើយ ពោលគឺតាំងពីឆ្នាំ១៩៨៧មក ដែលឈ្នះ៤-២ ម្តងគត់នោះ។ សម្រាប់អេស្ប៉ាញ នេះជាបរាជ័យលើកដំបូងក្នុងផ្ទះខ្លួនឯងចាប់ពីឆ្នាំ២០០៣មក៕
Tag:
បាល់ទាត់
Gareth Southgate
អង់គ្លេស
UEFA Nations League
© រក្សាសិទ្ធិដោយ thmeythmey.com