ក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ភ្ញៀវសិង្ហបុរី សម្រាប់ជំនួបមិត្តភាពអន្តរជាតិនៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិ។ បើគិតតាំងពីឆ្នាំ២០១៤ក្នុងចំណោមការជួបគ្នា៥លើក កម្ពុជាធ្លាប់យកឈ្នះសិង្ហបុរី ២-១ តែម្តងគត់។
នេះជាជំនួបដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ព្រោះវាការប្រកួតតេស្តចុងក្រោយក្នុងការស្វែងរកកីឡាករមានសមត្ថភាព និងទម្រង់លេងសមស្របណាមួយ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 នៅខែវិច្ឆិកា ខាងមុខនេះ។ ទាំងគ្រូបង្វឹកកម្ពុជា និងសិង្ហបុរីសុទ្ធតែអះអាងថា នឹងផ្តល់ឱកាសឲ្យកីឡាករថ្មីៗបានបង្ហាញសមត្ថភាពក្នុងជំនួបល្ងាចនេះ។
នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា លោកនឹងយកជំនួបជាមួយសិង្ហបុរីនៅល្ងាចនេះ ដើម្បីធ្វើតេស្តសមត្ថភាពកីឡាករចុងក្រោយ និងស្វែងរកទម្រង់លេងថ្មីមួយសម្រាប់ក្រុមជម្រើសជាតិ។ ក្នុងន័យនេះគ្រូបង្វឹកអាហ្សង់ទីនរូបនេះ នឹងដាក់កីឡាករថ្មីៗ ឲ្យបង្ហាញសមត្ថភាពក្នុងជំនួបតទល់ជាមួយសិង្ហបុរីនៅថ្ងៃនេះ។
ទន្ទឹមនឹងនេះ លោកស្នើអ្នកគាំទ្រកម្ពុជាកុំឲ្យផ្តោតសំខាន់តែលើលទ្ធផល ពោលគឺត្រូវគិតពីការអភិវឌ្ឍជាធំ ព្រោះកម្ពុជាឋិតនៅក្នុងដំណាក់អភិវឌ្ឍន៍និងរៀបចំទម្រង់លេងថ្មីសម្រាប់ខ្លួន។ ប៉ុន្តែគ្រូបង្វឹករូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលល្អប្រសើរ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រនៅថ្ងៃនេះ។
ជាមួយគ្នានេះលោក Fandi Ahmad គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីអះអាងស្រដៀងគ្នាថា លោកមិនដាក់កីឡាករល្អ១០០ភាគរយក្នុងជំនួបនេះឡើយ។ ពោលគឺលោកនឹងដាក់កីឡាករថ្មីៗឲ្យបង្ហាញសមត្ថភាព ដើម្បីចម្រាញ់យកកីឡាករល្អចំនួន២៥រូបក្នុងចំណោម២៨រូប បញ្ជូនទៅហ្វឹកហាត់នៅជប៉ុន សម្រាប់ត្រៀមការប្រកួតផ្លូវការខាងលើ។ គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះលើកឡើងថា កម្ពុជាជាក្រុមល្អមួយដែលខ្លាំងនៅក្នុងដី និងមានកីឡាករមានសមត្ថភាពល្អៗច្រើន។
គ្រូបង្វឹករូបនេះបន្ថែមថា ការប្រកួតល្ងាចនេះនឹងក្លាយជាជំនួបមួយដ៏តានតឹងបំផុត ព្រោះកម្ពុជាត្រូវការឈ្នះជាចាំបាច់ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិ។ ម្យ៉ាងកម្ពុជាជាក្រុមដែលមានទឹកចិត្តប្រយុទ្ធប្រកបដោយថាមពល ព្រោះមានអ្នកគាំទ្រជាអ្នកផ្តល់កម្លាំងចិត្ត។ ដូច្នេះលោកយល់ថា សិង្ហបុរីមិនអាចយកឈ្នះកម្ពុជាដោយងាយៗនោះឡើយ។ តែយ៉ាងណាលោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។
បើគិតតាំងពីឆ្នាំ២០១៤ ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន៥លើក ដោយកម្ពុជាឈ្នះ១លើកនិងចាញ់៤លើក។ សម្រាប់ជំនួបមិត្តភាពអន្តរជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កម្ពុជាចាញ់សិង្ហបុរីក្នុងលទ្ធផល ៤-២ មុនចាញ់ជាបន្តបន្ទាប់ក្នុងវគ្គជម្រុះ World Cup 2018 ក្នុងពូល Q ជាមួយលទ្ធផល ៤-០ និង ២-១។
នាជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពហកីឡដ្ឋានជាតិ កម្ពុជាបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល ២-១ តែចាញ់សិង្ហបុរីវិញក្នុងលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦៕