អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​ទំនង​​ប្រកាសថា អ្នកកាសែត​រិះគន់រដ្ឋាភិបាល​ដែល​បាត់​ខ្លួនបាន​ស្លាប់​ពេល​ត្រូវគេ​សួរចម្លើយ​
16, Oct 2018 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កាសែត​អាមេរិក​បាន​ផ្សព្វផ្សាយ​នៅ​ដើម​សប្តាហ៍​នេះ​ថា អា​រ៉ា​ប៊ី​សា​អូឌីត ទំនងជា​ត្រៀម​សារភាពថា អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Jamal Khashoggi ដែល​បាន​បាត់​ខ្លួន​កាលពី​ពីរ​សប្តាហ៍​មុន​នោះបាន​ស្លាប់​ក្នុងការ​សួរចម្លើយ​មួយ​ដែល​រៀបចំឡើង​ដោយ​អង្គភាព​ចារកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ​។ កន្លងមក ក្រុង​រី​យ៉ា​ដ បន្ត​ទាត់ចោល​ការចោទប្រកាន់​ដែលថា​ខ្លួន​នៅ​ពីក្រោយ​ការបាត់​ខ្លួន​របស់​អ្នកកាសែត​ល្បី​ខាងលើ​។



​កាសែត​អាមេរិក​ធំៗ​ពីរ​មាន CNN និង Wall Street Journal បាន​ស្រង់​សម្តី​ប្រភព​ស្និទ្ធ​នឹង​បញ្ហា​បាត់​ខ្លួន​អ្នកសារព័ត៌មាន Jamal Khashoggi ដែល​កើតឡើង​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ បើតាម CNN អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​រៀបចំ​របាយការណ៍​ដោយ​ទទួលស្គាល់​ការស្លាប់​របស់លោក Khashoggi ក្នុងពេល​សួរចម្លើយ​ក្រោយ​ត្រូវ​ចាប់ខ្លួន​។ ប៉ុន្តែ​ប្រភព​ដែល CNN ដកស្រង់​បញ្ជាក់ថា  របាយការណ៍​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​រៀបចំ​នេះ​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​ថែមទៀត​។​
 
​ចំណែក Wall Street  Journal វិញ​បាន​បញ្ជាក់ថា អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ថ្លឹងថ្លែង ដោយ​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា លោក Khashoggi ត្រូវ​ក្រុម​ឃាតក​សង្គមងងឹត​សម្លាប់​ដោយ​អ​ចេតនា​ក្នុងពេល​សួរចម្លើយ​ដែរ​។​
 
​តាមពិតទៅ លោក Khashoggi ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកកាសែត​ម្នាក់​មានឈ្មោះ​ល្បីល្បាញ​ម្នាក់​ដោយសារ​លោក​ហ៊ាន​រិះគន់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ។ លោក Khashoggi បានរ​ត់ទៅ​រស់នៅ​សហរដ្ឋអាមេរិក ក្រោយពេល​រជ្ជទាយាទ​ខាងលើ​អនុវត្ត​គោ​លន​យ​បាយ​បង្ក្រាប​អំពើពុករលួយ​តែ​តាមពិត​បិទមាត់​ពួក​ប្រឆាំង​។ លោក​បាន​បាត់​ខ្លួន​ឈឹង​ក្រោយ​ពេលដែល​លោក​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ថ្ងៃ ២ ខែតុលា​។ 
 
​ក្រោយ​ការបាត់​ខ្លួន ខាង​អាជ្ញាធរ​តួ​ក​គី​កន្លងមក​បាន​អះអាងថា អ្នកកាសែត​រូបនេះ​ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីតសម្លាប់ចោល ប៉ុន្តែ​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​ជា​បន្តបន្ទាប់​។ 
 
​ចំណែក​សហរដ្ឋអាមេរិក ធ្លាប់បាន​គំរាម​ដាក់ទណ្ឌកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រោយ​មាន​ករណី​បាត់​ខ្លួន​អ្នកកាសែត​នេះ​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ដែរ​ថា លោក​បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman ជុំវិញ​បញ្ហា​ចម្រូងចម្រាស និង​អាថ៌កំបាំង​នេះដែរ​។ លោក ត្រាំ ហាក់ដូចជា​គាំទ្រ​ការ​លើកឡើងថា ការបាត់​ខ្លួន​របស់លោក Khashoggi អាចជា ស្នាដៃ​របស់​ក្រុម​ឃាតក​សង្គមងងឹត​ដែរ​។
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដើម្បី​ស្វែងយល់​បញ្ហា​ឲ្យ​កាន់តែ​ស៊ីជម្រៅ លោក ត្រាំ ក៏បាន​បញ្ជូន​ប្រមុខ​ការទូត​ខ្លួន​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​នេះដែរ​។ លោក ប៉ុ​ម​ប៉េ​អូ បាន​ទៅដល់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃ អង្គារ ទី ១៦ តុលា​ហើយ​លោក​នឹងត្រូវ​ជួប​ជាមួយ​ប្រមុខ​ការទូត​តួ​ក​គី Mevlut Cavusoglu ទៀត​ក្រោយ​ចាកចេញ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​។ 
 
​មន្ត្រីជាន់ខ្ពស់​អាមេរិក​ធ្វើដំណើរ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត កើតឡើង​ស្រប​ពេលដែល​អាជ្ញាធរ​តួ​ក​គី​នៅ​យប់​ថ្ងៃ​ចន្ទ​ទី ១៥ ខែតុលា បាន​ចូល​ឆែកឆេរ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អី​ឌី​ត​ក្នុង​ទឹកដី​ខ្លួន ដោយមាន​ការឯកភាព​ពី​សំណាក់​អា​រ៉ា​ប៊ី សា​អូឌីត​ដែរ​។ ការចុះ​ឆែកឆេរ​ធ្វើឡើង​ក្នុង​រយៈពេល​រហូតដល់ ៨​ម៉ោង​ឯណោះ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ភស្តុតាង ឬ​តម្រុយ​អ្វីដែល​ខាង​អាជ្ញាធរ​តួ​ក​គី​រកឃើញ​ក្នុង​ប្រតិបត្តិការ​នោះឡើយ ព្រោះ​អាជ្ញាធរ​ទាំងនោះ​មិនបាន​និយាយ​ឬ​បកស្រាយ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com