ជាតិ
សង្គមជាតិ
លោក សួន វិសាល បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីដដែល
16, Oct 2018 , 4:37 pm        
រូបភាព
លោក សួន វិសាល នៅតែបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីដដែល សម្រាប់អាណត្តិទី១២នេះ។ នេះបើតាមការប្រកាសលទ្ធផលបោះឆ្នោត នៅម៉ោង៤និង៤០នាទី នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។

 

លោក សួន វិសាល បានជាប់ឆ្នោតជាប្រធានគណៈមេធាវីជាលើកទី១ កាលពីឆ្នាំ២០១៦ សម្រាប់អាណត្តិ១១។ សម្រាប់អាណត្តិទី១២នេះ មានបេក្ខជនតែម្នាក់ប៉ុណ្ណោះ គឺ លោក សំ សុគង់ ដែលបានឈរឈ្មោះប្រជែងយកតំណែងប្រធានគណៈមេធាវី ជាមួយលោក សួន វិសាល។ 

លទ្ធផលដែលត្រូវបានប្រកាស តាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសបុករបស់គណៈមេធាវី លោក សួន វិសាល ទទួលបាន សំឡេង៩៣០ ហើយលោក សំ សុគង់  ទទួលបានសំឡេង២៨៨។

លោក សួន វិសាល ដែលមានវ័យ៥៣ឆ្នាំ បានស្បថចូលធ្វើជាមេធាវីតាំងពីឆ្នាំ១៩៩៨មក។ ចំណែក លោក សំ សុគង់ មានវ័យ៤១ឆ្នាំ និងបានស្បថចូលធ្វើជាមេធាវី នៅឆ្នាំ២០០៣។ លោក សំ សុគង់ ត្រូវបានគេស្គាល់ច្រើន ដោយសារតែលោក តែងតែការពារក្តីឲ្យមន្រ្តីជាន់ខ្ពស់ និងមេដឹកនាំកំពូលនៃអតីតគណបក្សប្រឆាំង។   

សូមបញ្ជាក់ថា មេធាវីម្នាក់ អាចធ្វើជាប្រធានគណៈមេធាវី បានតែ២អាណត្តិប៉ុណ្ណោះ ហើយក្នុង១អាណត្តិ មានរយៈពេល២ឆ្នាំ៕

Tag:
 សួន វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com