កីឡាជាតិ
ជាតិ
ក្រោយ​រំសាយ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​១៦​រូប​ទៅលេង​នៅ​ក្លិប​អាជីព
16, Oct 2018 , 8:39 pm        
រូបភាព
ដោយ:
​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន​១៦​រូប ត្រូវបាន​រំសាយ បន្ទាប់ពី​ពួកគេ​គ្រប់​អាយុ​ត្រូវ​ចាកចេញ​។ រាល់​អត្ថប្រយោជន៍​នានា ដែល​សាលា​បាល់ទាត់​ជាតិ​បាទី​ធ្លាប់​ផ្តល់​ឲ្យ ត្រូវ​ក្លាយជា​បន្ទុក​របស់​ពួកគេ​ផ្ទាល់​។ ការរំសាយ​នេះ មិន​ត្រឹមតែ​គ្មាន​ផលប៉ះពាល់​នោះទេ ថែមទាំង​ជា​ឱកាសល្អ​សម្រាប់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ទៀតផង​។ នេះ​បើតាម​ការអះអាង​របស់​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

 
​កីឡាករ សេត ម៉ាន់​ស៊ូ​ត​, ហេង ទីណា​, រ័ត្ន ប៊ុន​នូ​, ហ៊ុល គឹម​ហ៊ុយ​, ទេស សម្បត្តិ​, សឿត ណា​វ៉ា​, គង់ ពី​លត់​, ផុន តៃនិញ​, ឡុង ម៉េង​ហាវ​, ទូច គឹម​ឆាយ​, អាត អូន​តូច​, ទៀត គឹម​ហេង​, ផា​ច សុជា​វីឡា​, ឈឿង វិ​ស៊ី​នុ​, លន ថេ​ន និង សៀន សុភ​ក្ត្រា ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​រំសាយ​ពី​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ ក្នុងចំណោម​កីឡាករ​ទាំង​១៦​នាក់​នោះ មាន សេត ម៉ាន់​ស៊ូ​ត​, ផុន តៃនិញ និង​ទូច គឹម​ឆាយ បាន​សុំ​លាឈប់​មុន​ការរំសាយ​ផ្លូវការ​។​
 
​បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​បាទី ការរំសាយ​នេះ បន្ទាប់ពី​កីឡាករ​មួយចំនួន​បាន​រៀន​ចប់​ថ្នាក់​ទី​១២ និង​មួយចំនួន​ដល់​អាយុ​កំណត់​(​កើត​នៅ​ឆ្នាំ​២០០០)​។ ព្រោះ​តាម​លក្ខខណ្ឌ​កីឡាករ​អាច​ស្នាក់នៅ និង​ហ្វឹកហាត់​បាល់ទាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​បាន លុះត្រា​មាន​អាយុ​ក្រោម​១៨​ឆ្នាំ និង​រៀន​នៅ​កម្រិត​វិទ្យាល័យ​។ 


 លោក កែវ សារ៉េត (មុខគេ) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរំសាយយុវជនសាលាបាល់ទាត់ជាតិបាទី
 
​តាមរយៈ​ការរំសាយ​នេះ មានន័យថា រាល់​ការចំណាយ​ផ្សេងៗ​របស់​យុវជន​ទាំង​១៦​រូប​ខាងលើ លែង​ជា​បន្ទុក​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ទៀតហើយ ពោលគឺ​រាល់​ការចំណាយ​ទាំង​លើ​ថ្លៃ​សិក្សា​នៅ​ថ្នាក់​បន្ទាប់ និង​ចំណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​កីឡាករ​។ «​នៅពេល​បញ្ចប់​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​ទៅ មានន័យថា ពួកគេ​ចេញ​ផុតពី​ការគ្រប់គ្រង​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​។ ហើយ​រាល់​ការចំណាយ​ក្រោយ​ការរំសាយ​ជា​បន្ទុក​របស់គាត់ ឬ​ក្លិប​ដែល​ទទួលយក​គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ សារ៉េត​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី​អតីត​នាយក​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ​អះអាងថា ការរំសាយ​នេះ គ្មាន​ផលប៉ះពាល់​ណាមួយ​ដល់​កីឡាករ​ទាំង​១៦​រូបនោះ​ឡើយ​។ ផ្ទុយទៅវិញ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​សម្រេច​បំណង​ចង់​ក្លាយជា​កីឡាករ​ល្បី​ទៅ​ថ្ងៃ​អនាគត ព្រោះ​ពួកគេ​សុទ្ធតែ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា​។​
 
​ជាមួយគ្នានេះ កីឡាករ ទៀត គឹម​ហេង ដែល​ចុះកិច្ចសន្យា​លេង​ក្លិប​វិសាខា​បាន​អះអាងថា ការរំសាយ​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​នេះ មិនមាន​ផលប៉ះពាល់​នោះទេ ព្រោះ​ក្លិប​វិសាខា​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​រូបគេ​។ លើសពីនេះ ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​គេ​ទៀតផង​។ 
 
«​ឆ្លងតាម​ការហ្វឹកហាត់​រយៈពេល​៤​ឆ្នាំ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ពួកយើង​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​នោះទេ​។ ដូច្នេះ​ពួក​ខ្ញុំ​ត្រូវការ​ទៅ​រួមរស់​ជាមួយ​ក្លិប ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​បន្ថែមទៀត​។ សម្រាប់​ខ្ញុំ​អាចមាន​ការលំបាក​ខ្លះ​ដែរ​ជាមួយ​ក្លិប​ថ្មី ព្រោះ​ក្លិប​នីមួយៗ​មាន​ទម្រង់​លេង​រៀងៗ​ខ្លួន តែ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ទៀត គឹម​ហេង ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរំសាយ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។ 
 
​ក្រោយ​ការរំសាយ​កីឡាករ សេត ម៉ាន់​ស៊ូ​ត​, ហេង ទីណា និង រ័ត្ន ប៊ុន​នូ បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ណាហ្គា​វើ​ល រីឯ ហ៊ុល គឹម​ហ៊ុយ​, ទេស សម្បត្តិ និង សឿត ណា​វ៉ា លេង​ឲ្យ​បឹងកេត ខណៈ គង់ ពី​លត់​, ផុន តៃនិញ​, ឡុង ម៉េង​ហាវ​, ទូច គឹម​ឆាយ​, អាត អូន​តូច និង ទៀត គឹម​ហេង លេង​ឲ្យ​វិសាខា និង ផា​ច សុជា​វីឡា​, ឈឿង វិ​ស៊ី​នុ​, លន ថេ​ន និង សៀន សុភ​ក្ត្រា ចុះកិច្ចសន្យា​លេង​ឲ្យ​អគ្គិសនី​កម្ពុជា​៕   
 

Tag:
 បាល់ទាត់​
  សាលា​បាល់ទាត់​ជាតិ​បាទី​
  សាន សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com