កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​កីឡាករ​យុវជន​ស៊ី​លី ទៅ​ចូលរួម​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន តាមរយៈ​ទំនាក់ទំនង​លើ LinkedIn
17, Oct 2018 , 7:59 am        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ក្រោម​អាយុ​២០​ឆ្នាំ (U-20) កីឡាករ Yashir Pinto បានសម្រេច​ចិត្ត​ប្តូរ​ទៅលេង​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន​វិញ ដ្បិត​រូបគេ​មិនដែល​ជាប់​ក្រុម​ឈុត​ធំ​សោះ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ឱកាស​សម្រាប់ Pinto ទៅ​ចូលរួម​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នោះ​គឺ​តាមរយៈ​ទំនាក់ទំនង​គ្នា​លើ​បណ្តាញ​សង្គម LinkedIn​។​

 
Pinto អាយុ​២៧​ឆ្នាំ កើត​នៅក្នុង​ក្រុង Santiago ប្រទេស​ស៊ី​លី និង​មាន​ឪពុកម្តាយ​ជា​ជនជាតិ​ស៊ី​លី ហើយ​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ពី​តំបន់​អាមេរិក​ឡាទីន​នេះ​តាំងពី U-18 រហូតដល់ U-20 ថែម​ទៀតផង​។​
 
​ជា​អតីត​យុវជន​ថ្នាល​របស់​ក្លិប Colo Colo នៃ​លី​គ​កំពូល​ស៊ី​លី​ក្នុងអំឡុង​ឆ្នាំ ២០០៨ Pinto ដែល​កាលណោះ​ពាក់អាវ​លេខ​៩ ជា​សមាជិក​ជាមួយ Alexis Sanchez ខ្សែប្រយុទ្ធ Manchester United ផង និង Arturo Vidal របស់ Bacelona ផង​។​


 Yashir Pinto កាលលេងឲ្យឈុតយុវជនស៊ីលីទល់នឹងប្រេស៊ីល
 
Pinto បានទទួល​ការចាប់អារម្មណ៍​ពី​ទម្រង់​លេង​របស់ខ្លួន​សម្រាប់​ក្រុមយុវជន​ក្រោម​អាយុ​២០​ឆ្នាំ​របស់​ស៊ី​លី ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន ៨ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៤ ប្រកួត និង​លេង​ក្នុង​ក្របខណ្ឌ South American U-20 Championship ឆ្នាំ​២០១១​។​
 
​បើទោះជា​យ៉ាងនេះ​ក្តី ខ្សែប្រយុទ្ធ​របស់​ក្លិប Coquimbo Unido រូបនេះ​មិនដែល​ត្រូវបាន​កោះហៅ​ពី​សំណាក់​គ្រូបង្វឹក​ដើម្បី​ឈានទៅ​ចូលរួម​ជាមួយ​ឈុត​ធំ​របស់​ស៊ី​លី​ឡើយ ដែល​នេះ​បានធ្វើ​ឲ្យ​រូបគេ​មិន​សប្បាយចិត្ត​ដែរ​។​
 
​ជា​រឿង​ចៃដន្យ​បំផុត នៅ​អំឡុងពេល​រូបគេ​លេង​ឲ្យ​ក្លិប Budapest outfit Ujpest ឆ្នាំ​២០១៥ មានការ​ទាក់ទង​មួយ​ពី​សំណាក់​ក្រុម​ប៉ា​ឡេ​ស្ទី​ន​តាម​ប្រភព​ដែល​មិន​ប្រក្រតី​។​
 
Pinto បាន​រៀបរាប់ថា​៖«​មន្ត្រី​ម្នាក់​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ា​ឡេ​ស្ទី​ន (PFA) បាន​ផ្ញើ​សារ​មួយ​មក​ខ្ញុំ​តាម​បណ្តាញ​សង្គម LinkedIn ដែល​បាន​និយាយថា​ពួកគេ​បាន​ព្យាយាម​ទាក់ទង​ខ្ញុំ​ជា​យូរ​មកហើយ ដើម្បី​ស្នើ​ខ្ញុំ​ទៅលេង​ឲ្យ​ក្រុម​ប៉ា​ឡេ​ស្ទី​ន​។ វា​គួរ​ឲ្យ​អស់សំណើច​ណាស់​ព្រោះ​ខ្ញុំ​មិនដឹងថា​កីឡាករ​បាល់ទាត់​ជាច្រើន​ទៀត​ប្រើ LinkedIn ដូច​ខ្ញុំ ដូច្នេះ​នេះ​គឺជា​សំណាង​»​។​
 
«​វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវបាន​គេ​ស្នើ​បែបនេះ ហើយក៏​ដោយសារតែ​ជីតា​របស់ខ្ញុំ​ដែល​បាន​ផ្លាស់​ពី​ប៉ា​ឡេ​ស្ទី​ន​ទៅ​រស់នៅ​ស៊ី​លី​តាំងពីក្មេង ហើយ​ជាការ​ពិត​តា​របស់ខ្ញុំ​បាន​និយាយ​ច្រើនណាស់​អំពី​ស្រុកកំណើត​របស់គាត់ ហើយ​ដោយសារតែ​ហេតុផល​នេះ​ទើប​ខ្ញុំ​តែងតែ​គិតថា​ខ្ញុំ​អាច​លេង​ឲ្យ​ប៉ា​ឡេ​ស្ទី​ន ដ្បិត​ខ្ញុំ​ក៏មាន​ឈាមជ័រ​របស់​ប្រទេស​នេះដែរ​»​។ Pinto បន្ថែម​ដូច្នេះ​។​
 
Pinto បាន​ទៅ​ចូលរួម​លេង​ឲ្យ​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ដោយ​បង្ហាញខ្លួន​៨​ប្រកួត និ​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​។ រូបគេ​មាន​មហិច្ឆតា​ចង់​នាំ​ប៉ា​ឡេ​ស្ទី​ន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០២២ នៅ​កាតា​ថែម​ទៀតផង​៕

Tag:
 បាល់ទាត់​
  Yashir Pinto
  ប៉ា​ឡេ​ស្ទី​ន​
  LinkedIn
  ស៊ី​លី
© រក្សាសិទ្ធិដោយ thmeythmey.com