ជាតិ
សង្គមជាតិ
អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ផ្តើម​សង្គ្រោះ​បឹង​ទន្លេសាប​ពី​ការបំពុល​ដោយសារ​សំរាម​ប្លា​ស្ទិ​ក​
17, Oct 2018 , 8:39 am        
រូបភាព
​សៀមរាប​៖ ដោយ​មើលឃើញ​ពី​ការបំពុល​បរិស្ថាន​ក្នុង​បឹង​ទន្លេសាប​កាន់តែច្រើន​ទៅៗ អង្គការ​ក្នុងស្រុក​មួយ បានរៀបចំ​គម្រោង​សម្អាត​បរិស្ថាន ដើម្បី​សង្គ្រោះ​បឹង​ទន្លេសាប​ពី​ការបំពុល​ដោយសារ​ថង់​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក ត្រូវបាន​គេ​មើលឃើញថា បាន​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ព្រោះថា​មិន​ត្រឹមតែ​មិន​រលាយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បាន​ប្រាប់​ពី​ផលប៉ះពាល់​ខ្លាំង ប្រសិនបើ​វា​ត្រូវបាន​ដុត ព្រោះ​ផ្សែង​របស់​វា​អាច​បំផ្លាញ​ស្រទាប់​បរិយាកាស​ដ៏​គ្រោះថ្នាក់​បំផុត​។

 
​គម្រោង​សង្គ្រោះ​បឹង​ទន្លេសាប ត្រូវបាន​ផ្តើមធ្វើ​នៅ​តំបន់​លិច​ទឹក​ឃុំ​កំពង់​ឃ្លាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​។ ឃុំ​នេះ​ស្ថិតនៅ​ក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រវែង​១៤​គីឡូម៉ែត្រ ពី​ផ្សារ​ដំ​ដែក​។ ភូមិសាស្ដ្រ​នេះ គឺជា​តំបន់​លិច​ទឹក ហើយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង ត្រូវ​ស្ថិតនៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែល​លាតសន្ធឹង​ល្វឹងល្វើយ​នា​រដូវវស្សា​។ ឃុំ​កំពង់​ឃ្លាំង មាន​១០​ភូមិ ដែលមាន​ប្រជាពលរដ្ឋ​សរុប​ជាង ២​ពាន់​គ្រួសារ ហើយ​៨៥​ភាគរយ គឺជា​អ្នកនេសាទ​។​
 
​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សង្គម និង​ការអប់រំ បាន​មើលឃើញ​ពី​ផលប៉ះពាល់​ធំធេង ដែល​បណ្ដាលមកពី​សំរាម​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក មិន​ត្រឹម​មិន​រលាយ​ទេ ថែមទាំង​បំពុល​ទឹក​ដែល​ឈានដល់​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទឹក​ថែម​ទៀតផង​។ អង្គការ​នេះ បានធ្វើ​ការងារ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង ដោយ​ប្រមូល​ពលរដ្ឋ​នៅ​តំបន់​នេះ ដួស​សំរាម​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក ទៅ​ដា​ក់នៅ​ទីតាំង​មួយ និង​យក​សំរាម​ទាំងនោះ ទៅ​កែច្នៃ បង្កើត​វត្ថុ​សិល្បៈ​ផ្សេងៗ​។​


 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី បានឱ្យដឹងថា គម្រោង​ខាងលើ​មាន​ឈ្មោះថា «​ការសម្អាត​បឹង​ទន្លេសាប​» ដោយ​អង្គការ​លោក​បានជ្រើសរើស​ឃុំ​កំពង់​ឃ្លាំង ជា​គោលដៅ​ដំបូង​សម្រាប់​ការអនុវត្ត​។ លោក​ថា គម្រោង​នេះ​មានបំណង​ជួយសង្គ្រោះ​បឹង​ទន្លេសាប និង​ប្រព័ន្ធ​ជីវចម្រុះ​ទាំងអស់​ដែលមាន​នៅក្នុង​បឹង​ដ៏​ធំ​មួយ​នេះ​។ លោក​ពន្យល់ថា ហេតុផល​ដែល​អង្គការ​លោក​ចាប់​ដៃគូ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង ដោយសារ​អង្គការ​នេះ​មើលឃើញ​ពី​ការតាំង​ចិត្ត និង​ការចូលរួម​ខ្ពស់​របស់​សហគមន៍ គឺ​ថ្នាក់ដឹកនាំ​មាន​ផែនការ​ច្បាស់លាស់ និង​ចង់​បំបាត់​សំរាម​ចេញពី​សហគមន៍​ពួកគេ​។ 
 
​សំរាម​ដែល​ប្រមូលបាន អង្គការ​ខាងលើ សហការ​ជាមួយ​សហគមន៍ និង​អង្គការ​ដៃគូ រៀបចំ​កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​សិល្បៈ​ផ្សេងៗ បំណង​ដើម្បី​ទាញ​ប្រយោជន៍​ពី​របស់​ទាំងនោះ ហើយ​សហគមន៍​ជា​អ្នកទទួលបាន​ផល​ទាំង​អស់ពី​គម្រោង​មួយ​នេះ​។ សំរាម​ទាំងអស់ នឹងត្រូវ​ញែក​ជា​ផ្នែក ដើម្បី​ដាក់​នៅ​ទីតាំង​មួយ​សម្រាប់​យកទៅ​កែច្នៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ា សុផល​។ 
 
​សកម្មភាព​សម្អាត​សំរាម ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ តុលា មាន​មនុស្ស​ប្រមាណ ១០០​នាក់ ភាគច្រើន​ជា​សិស្សានុសិស្ស ព្រះសង្ឃ និង​ចាស់​ព្រឹទ្ធ​ចា​រ្យ​។ រូបភាព​នេះ ធ្វើឱ្យ​លោក ស៊ា សុផល រីករាយ និង​មាន​កម្លាំងចិត្ត​ក្នុង​ការជួយ​សហគមន៍​នេះ​កាន់តែខ្លាំង​ឡើង​។​


 
​មេឃុំ​កំពង់​ឃ្លាំង លោក ទូច សុ​ផុន ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ពិធី​សម្អាត​បរិស្ថាន​បឹង​ទន្លេសាប​នៅថ្ងៃនោះ បានឱ្យដឹងថា កន្លងមក​ឃុំ​ក៏​ធ្លាប់​បានរៀបចំ​កម្មវិធី​សម្អាត​បាន​ច្រើនលើក​ដែរ ហើយ​តែងមាន​សិស្សានុសិស្ស​ជាច្រើន​ចូលរួម​។ យ៉ាងណា លោក​មេឃុំ​មើលឃើញថា កម្ម​ភាព​នេះ​នៅ​ខ្វះ​អ្នកចូលរួម​នៅឡើយ ពិសេស​ពលរដ្ឋ​ផ្ទាល់​ដែល​មិនទាន់​យល់ដឹង​ពី​បញ្ហា​នេះ មិនតែប៉ុណ្ណោះ ពួកគេ​ហាក់​សើចចំអក​ផងដែរ ពេល​ឃើញ​សកម្មភាព​រើស​សំរាម​ម្ដងៗ​ដែល​ឃុំ​បានរៀបចំ​។ បញ្ហា​ចោទ​សម្រាប់​កំពង់​ឃ្លាំង គឺ​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មិនទាន់​យល់ដឹង​ពី​ផលប៉ះពាល់​សំរាម​តែម្ដង ធ្វើឱ្យ​ពួកគេ​ទុកដាក់​កាកសំណល់​ផ្សេងៗ​មិនបាន​ត្រឹមត្រូវ​។ 
 
​យ៉ាងណា បើតាម​ការបញ្ជា​ក់រប​ស់លោក ទូច សុ​ផុន កន្លងមក​លោក​ធ្លាប់​ចុះ​អប់រំ​ច្រើន​ដែរ​ទាក់ទង​នឹង​សំរាម ហើយ​លោក​សង្ឃឹមថា ពលរដ្ឋ​នឹង​យល់​ពី​បញ្ហា​ទាំងនេះ ក្រោម​គម្រោង​សម្អាត​បឹង​ទន្លេសាប​ដែលមាន​អង្គការ​ចុះជួយ​ជា​បន្ដបន្ទាប់​។ លោក ទូច សុ​ផុន ជឿជាក់ថា ភ្ញៀវទេសចរ​នឹង​ទៅ​ទស្សនា​ភូមិ​លិច​ទឹក​កំពង់​ឃ្លាំង​កាន់តែច្រើន ប្រសិនបើ​តំបន់​នេះ​លែងមាន​សំរាម​តទៅទៀត​៕












 

Tag:
 បឹង​ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com