អន្តរជាតិ
លើ Google Maps បុរសប៉េរូម្នាក់ឃើញប្រពន្ធខ្លួនកៀកកើយជាមួយប្រុសផ្សេងដោយចៃដន្យ
× Google Maps (Google Street View) បានបង្កឲ្យមានការលែងលះគ្នា ក្រោយបុរសម្នាក់ប្រទះឃើញរូបភាពភរិយារបស់ខ្លួនកៀកកើយជាមួយប្រុសផ្សេងនៅទីសាធារណៈ។ បើតាមការផ្សាយរបស់សារព័ត៌មាន The Sun បុរសនោះ បានស្រាវជ្រាវមើលគោលដៅដែលខ្លួនត្រូវទៅ ប៉ុន្តែចៃដន្យស្រាប់តែឃើញរូបភរិយារបស់ខ្លួន។
រូបមួយសន្លឹកដែលថតចេញពីកាមេរ៉ារថយន្តរបស់ក្រុមហ៊ុន Google នៅទីតាំងមួយកន្លែងក្នុងក្រុង Lima ប្រទេសប៉េរូ បង្ហាញឲ្យឃើញស្ត្រីមួយរូប ប្រកៀកប្រកើយជាមួយបុរសម្នាក់លើកៅអីសាធារណៈ។ បុរសបានគេងកើយលើភ្លៅនារី។
ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បុរសដែលបានប្រទះឃើញរូបថតនេះ មានអាការៈខឹងសម្បារយ៉ាងខ្លាំង ពីព្រោះខ្លួនចំណាំយ៉ាងច្បាស់ថា នារីក្នុងរូបថត គឺជាភរិយារបស់ខ្លួន បើទោះបីជា Google ដាក់ព្រាលៗមុខក៏ដោយ។
គាត់បានពង្រីករូប ហើយកាន់តែជឿជាក់ច្បាស់ថា ជាភរិយារបស់ខ្លួន ពីព្រោះគាត់បានចំណាំអាវយ៉ាងច្បាស់ បើទោះបីជារូបនោះ ត្រូវបានថតតាំងពីឆ្នាំ២០១៣មកក៏ដោយ។
The Sun បានអះអាងថា ក្រោយការបង្ហោះរូបថតតាមហ្វេសប៊ុក រឿងរ៉ាវគ្រួសារមួយគូនេះល្បីល្បាញយ៉ាងខ្លាំង។ ពួកគេបានសម្រេចចិត្តលែងលះគ្នា ក្រោយស្ត្រីដែលជាភរិយាទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយបុរសដទៃពិតប្រាកដមែន៕
© រក្សាសិទ្ធិដោយ thmeythmey.com