អន្តរជាតិ
កូរ៉េ​ទាំងពីរ​និង​UN ចាប់ផ្ដើម​ជជែក​ពី​ការរំសាយ​អាវុធ​នៅ​តំបន់​ព្រំដែន​
16, Oct 2018 , 9:39 pm        
រូបភាព
ទាហានកូរ៉េខាងត្បូងឈរក្នុងតំបន់សន្តិសុខរួម JSA (រូបភាព AFP)
ទាហានកូរ៉េខាងត្បូងឈរក្នុងតំបន់សន្តិសុខរួម JSA (រូបភាព AFP)
​មន្ត្រី​យោធា​កូរ៉េ​ទាំងពីរ និង​មន្ត្រី​មកពី​ទីបញ្ជាការ​អង្គការសហប្រជាជាតិ (UNC) នៅ​ថ្ងៃទី​១៦ ខែតុលា បាន​ជួប​ពិភាក្សាគ្នា​ពី​ការរំសាយ​អាវុធ​នៅ​តំបន់​ព្រំដែន​ក្នុង​តំបន់​សន្តិសុខ​រួម (JSA) ។ ការជួប​ជជែក​នេះ ជា​លទ្ធផល​នៃ​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែកញ្ញា​។ ភាគី​ទាំងសងខាង​បាន​ព្រមព្រៀងគ្នា​កាត់បន្ថយ​សកម្មភាព​គំរាមកំហែង​គ្នា និង​គ្រោះថ្នាក់​តាម​ព្រំដែន​។​

 
​ជំនួប​ត្រីភាគី​រវាង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​ទីបញ្ជាការ​អង្គការសហប្រជាជាតិ បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា នៅ​ភូមិ​ប៉ាន់​មុន​ជុម​ក្នុង​តំបន់​គ្មាន​យោធា (DMZ) នៃ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ការជជែក​ពិភាក្សា ផ្ដោត​សំខាន់​លើ​ការរំសាយ​អាវុធ​ពី​តំបន់​សន្តិសុខ JSA ដែល​ស្ថិត​ក្នុងភូមិ​ប៉ាន់​មុន​ជុម​ក្នុង​តំបន់​ព្រំដែន​ដ៏​គ្រោះថ្នាក់​មួយ​របស់​ពិភពលោក​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​។​
 
​តំបន់ JSA ដែល​ស្ថិតក្នុង​ភូម​ប៉ាន់​មុន​ជុម គឺជា​ទីតាំង​មួយគត់​តាម​បណ្ដោយ​ព្រំដែន​ប្រវែង​២៥០​គីឡូម៉ែត្រ ដែល​យោធា​កូរ៉េ​ទាំងពីរ​ខាង​ជួប​មុខ​គ្នា ហើយ UNC ដែល​ដឹកមុខ​ដោយ​អាមេរិក​មាន​យុត្តាធិការ​នៅ​ទូទាំង​តំបន់ JSA នេះ​។ នា​ជំនួប​នៅ​ព្យុងយ៉ាង មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ឯកភាពគ្នា​កែប្រែ​តំបន់​នេះ​ទៅជា​តំបន់​គ្មាន​អាវុធ​។ ការដោះមីន​បានចាប់ផ្ដើម​កាលពីដើម​ខែតុលា មុននឹង​បន្ត​រុះរើ​កាមេរ៉ា​ស៊ើបការណ៍​បន្តទៀត​។ 
 
​សេ​អ៊ូ​ល និង​ព្យុងយ៉ាង ក៏​ព្រមព្រៀង​ដកចេញ​ប៉ុស្តិ៍​យោធា​ចំនួន​១១​ចេញពី​តំបន់​ព្រំដែន​នៅ​ដំណាច់​ឆ្នាំនេះ និង​ផ្អាក​រាល់​សមយុទ្ធ​យោធា​ក្នុង​តំបន់​គ្រោះថ្នាក់​នេះដែរ​នៅ​ខែវិច្ឆិកា ហើយ​កំណត់​ចំនួន​យោធា​ម្ខាងៗ​ត្រឹម​៣៥​នាក់​។ ជំនួប​ត្រីភាគី​លើកដំបូង​នេះ នឹង​ពិនិត្យ​លទ្ធផល​ដោះមីន និង​ជជែក​លើ​វិធីសាស្ត្រ​អនុវត្តតាម​កិច្ចព្រមព្រៀង​ព្យុងយ៉ាង​លើ​ការរំសាយ​អាវុធ​ក្នុង JSA ។ បើតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ការសម្រេចចិត្ត​យ៉ាងណា នឹង​សម្រេច​ក្នុងជំនួប​នេះ​។​
 
​ជុំវិញ​ការរុះរើ​ប៉ុស្តិ៍​របស់​កូរ៉េ​ទាំងពីរ មេបញ្ជាការ UNC លោក​ឧ​ត្ត​ម​សេនីយ៍ Vincent Brook ធ្លាប់​និយាយថា ក្នុងនាម​ជា​មេបញ្ជាការ​យោធា​របស់​អង្គការសហប្រជាជាតិ លោក​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ដែល​សំដៅ​កាត់បន្ថយ​ភាព​តានតឹង​។ យ៉ាងណាមិញ លោក Brook ដែលជា​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​និយាយ​ដែរ​ថា ក្នុងនាម​ជា​មេបញ្ជាការ​កម្លាំងចម្រុះ​អាមេរិក​-​កូរ៉េខាងត្បូង​ដែរនោះ លោក​ហាក់​បារម្ភ​ចំពោះ​ការដក​ប៉ុស្តិ៍​យាម​តាម​ព្រំដែន​នេះ​។​
 
​កាលពី​ថ្ងៃទី​១៥ ខែតុលា កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏បាន​មូលមាត់គ្នា​ចាប់ផ្ដើម​ត​ភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​ឡើងវិញ ដែល​អាច​ចាប់ផ្ដើម​ចុងឆ្នាំ​នេះ​។ ក្រុង​សេ​អ៊ូ​ល​ហាក់​មិន​អើពើ​ការបារម្ភ​របស់​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការរីកចម្រើន​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុង​ព្យុងយ៉ាង​។ ក្រុង​វ៉ាស៊ីនតោន​ព្រួយ​ថា ទណ្ឌ​គម្ម​លើ​ព្យុងយ៉ាង​អាច​ធូររលុង​ជាង​មុន ទោះជា​ខ្លួន​ប្រឹង​បង្កើន​សម្ពាធ​ខ្លាំង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​សិន​ក្ដី​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com