អន្តរជាតិ
ម៉ាឡេស៊ី​ដំឡើងថ្លៃ​បារី និង​កំណត់​អាយុ​អ្នក​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​ដល់ ២១​ឆ្នាំ​
16, Oct 2018 , 5:49 pm        
រូបភាព
រូបភាព៖ Malaymail
រូបភាព៖ Malaymail
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ដំឡើង​ថ្ងៃ​បារី​នៅក្នុង​ប្រទេស​ចាប់ពី​ចុងខែ​នេះ​តទៅ​។ រដ្ឋាភិបាល​នេះ​ក៏​ចេញ​បទបញ្ញត្តិ​កំណត់​អាយុ​អ្នក​ចង់​ទិញ​គ្រឿង​ស្រវឹង​អប្បបរមា​ពី ១៨ ដល់ ២១​ឆ្នាំ​ផងដែរ ហើយ​បទបញ្ជា​នេះ​ចូល​ជា​ធរមាន​ចាប់ពី​សប្តាហ៍​នេះ​។


 
​ចាប់ពី​ចុងខែ​តុលា​នេះ​តទៅ រាល់​ផលិតផល​បារី​នឹងត្រូវ​ដំឡើងថ្លៃ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​លោក វេជ្ជបណ្ឌិត Dzulkefly Ahmad​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama រដ្ឋមន្ត្រី​ខាងលើ​បាន​ពន្យល់ថា ការដំឡើងថ្លៃ​បារី​នេះ​ធ្វើឡើង​ដោយសារ​ការដំឡើង​ពន្ធ​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណូល​ថ្នាំជក់​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៤​មក​នោះ​។​
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​បង្ហើប​ដែរ​ថា កាលពីដើម​សប្តាហ៍​នេះដែរ អាគារ​សភា​ម៉ាឡេស៊ី​ទាំងមូល​ត្រូវគេ​កំណត់​ជា​កន្លែង​គ្មាន​ការជក់បារី ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ សមាជិកសភា​ម្នាក់​ស្ថិតក្នុង​ចំណោម​មនុស្ស ៨​នាក់​ត្រូវបាន​គេ​ផាកពិន័យ​ដោយសារ​គេ​ជក់បារី​ក្នុង​តំបន់ហាមឃាត់​។
 
​ក្រៅពី​ការដំឡើងថ្លៃ​បារី រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​នឹង​កំណត់​អាយុ​អប្បបរមា​សម្រាប់​អ្នក​ចង់​ទិញ​គ្រឿង​ស្រវឹង​ផងដែរ​។ កន្លងមក នៅ​ម៉ាឡេស៊ី អាយុ ១៨​ឆ្នាំ​អាច​ទិញ​គ្រឿង​ស្រវឹង​បាន ប៉ុន្តែ​ចាប់ពីពេលនេះ​អ្នក​ចង់​ទិញ​ទាល់​តែមាន​អាយុ​ចាប់ពី ២១ ឆ្នាំ​ឯណោះ​។ 
 
​តាម​បទបញ្ជា​ថ្មី អ្នកលក់​គ្រឿង​ស្រវឹង​ក៏ត្រូវ​ដាក់​ស្លាក​សញ្ញា​ដែល​ក្រើនរម្លឹក​អ្នកទិញ​ថា វា​ប៉ះពាល់​ដល់​សុខភាព ហើយក៏​ចាំបាច់​ត្រូវ​ដាក់តាំង​ផលិតផល​គ្រឿង​ស្រវឹង​ដាច់ដោយឡែក​ពី​ផលិតផល​ចំណីអាហារ ឬ​ម្ហូបអាហារ​ដទៃទៀត​ដែរ​។  បន្ថែម​ពីនេះ ច្បាប់​នេះ​ក៏ត្រូវ​ដាក់​ឲ្យ​អនុវត្ត​សម្រាប់​អ្នករៀបចំ​ពិធី​ស្រា​បៀ​អាល្លឺម៉ង់ Oktoberfest ផងដែរ​៕
 

Tag:
 ម៉ាឡេស៊ី​
  បារី​
  គ្រឿង​ស្រវឹង​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com