ជាតិ
សេដ្ឋកិច្ច
លោក តែ តាំង​ប៉ ស្នើ​ក្រសួងពាណិជ្ជកម្ម​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច ដើម្បី​គាំទ្រ​SMEc កម្ពុជា​
17, Oct 2018 , 10:34 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ ផ្ដល់បទសម្ភាសដល់អ្នកកាសែតកន្លងមក
រូបពីហ្វេសប៊ុកសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ ផ្ដល់បទសម្ភាសដល់អ្នកកាសែតកន្លងមក
​ភ្នំពេញ​៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា​(FASMEc) ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេស​មក​ទីផ្សារ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីកចម្រើន​។​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​លើក​បែបនេះ ដោយសារ​លោក​សង្កេតឃើញ​ថា ក្រសួង​ពាក់ព័ន្ធ ហាក់​មិនទាន់​អនុវត្តន៍​បាន​ពេញលេញ​លើ​ការនាំ​ចូល​ផលិតផល​សម្រេច​មក​ក​ម្ពុ​ជា​ឡើយ​។

 
​លោក តែ តាំង​ប៉ បាន​និយាយថា បើ​ការ​នាំចូល​ផលិតផល​សម្រេច​នៅតែ​កើនឡើង​នោះ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ប្រាកដជា​ជួប​បញ្ហា​ប្រឈម និង​ពិបាក​រីកចម្រើន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« បើសិនជា​ក្រសួងពាណិជ្ជកម្ម​ចេះតែ​អនុញ្ញាតឲ្យ​ផលិតផល​គេ​ចូលមក​ដោយ​សេរី​អ៊ីចឹង ចុះ​យើង​ក្នុងស្រុក​យើង​នេះ​ផលិត​បាន​ប្រយោជន៍​អី​។ យើង​គិត​ទាំងអស់គ្នា ប្រទេស​ណា​ក៏​គេ​គ្រាំទ្រ​ផលិតផល​ក្នុងស្រុក​គេ​ដែរ បើ​យើង​មិន​គាំទ្រ​ផលិតផល​ក្នុងស្រុក​យើង​ទេ យើង​បើក​ឲ្យ​គេ​សេរី​ចូលមក អាហ្នឹង​ក្នុងស្រុក​ងាប់​បាត់​ហើយ​»​។​
 
​ត្រង់ចំណុច​លោក តែ តាំង​ប៉ ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​រដ្ឋាភិបាល ដែលមាន​ទិសដៅ​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ចូល​ទីផ្សារ​កម្ពុជា​។ « រដ្ឋាភិបាល គាត់​មាន​គោលនយោបាយ​មួយ មុន​ការបោះឆ្នោត គឺថា​ចេញ​គោលនយោបាយ​ហាមឃាត់​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេស អាហ្នឹង​គឺជា​គោលដៅ​ទីមួយ ដោយឡែក​តែ​ក្រសួង​ទេ ដែល​ចេះតែ​អនុញ្ញាត​ឲ្យ​គេ​នាំចូល​។ គោលនយោបាយ​ចតុកោណ​ដំណាក់​ទី​បី​របស់​រដ្ឋាភិបាល​គឺ​ចង់​កាត់បន្ថយ ការនាំ​ផលិតផល​សម្រេច​ពី​បរទេស ជំរុញ​សហគ្រាស​ធុន​តូច​មធ្យម ជាពិសេស​ជួយ​ជំរុញ​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​យើង ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម មាន​ផលិតផល​កសិកម្ម​ហើយ យើង​យក​វា​កែឆ្នៃ​ជា​ចំណីអាហារ​ផលិតផល​សម្រេច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តែ តាំង​ប៉​។​
 
​បើតាម​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​រូបនេះ សព្វថ្ងៃ​SMEc អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ខណៈ​សហគ្រាស​មួយចំនួន កំពុង​ចុះបញ្ជី​ទទួលស្គាល់​កំរិតស្ដង់ដា​រ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ 
 
​លោក តែ តាំង​ប៉ បាន​បន្ថែម​បែបនេះ​ថា ៖« ខ្មែរ​យើង​សព្វថ្ងៃ​ផលិត​បាន​ច្រើនណាស់ ទីមួយ​ជំរុញ​ឲ្យ​ខ្មែរ​យើង​ចេះ​គាំទ្រ​ផលិតផល​ខ្មែរ​យើង យើង​យក​ស្ដង់ដា​អាស៊ាន​មក​ប្រើ ក្រសួង​ឧស្សាហកម្ម​គាត់​កំណត់​អ៊ីចឹង យើង​កំពុង​ជំរុញ​សិប្បកម្ម​តូចៗ​មួយចំនួន ហើយគ្នា​កំពុង​រត់​ការយក​ISO ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។ យើង​មិន​ត្រឹម​ផលិត​ត្រឹម​ក្នុងស្រុក​ទេ យើង​ចង់​នាំចេញ ដើម្បី​យក​រូបិយប័ណ្ណ​ចូល​ប្រទេស​យើង​ផងដែរ​»​។ 
 
​កម្ពុជា​ខាត់​បង់​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ​លើ​ការនាំ​ទំនិញ​ចូល ខណៈដែល​សហគ្រាស​ធុន​តូច និង​មធ្យម​គឺជា​ឆ្អឹង​កង​របស់​សេដ្ឋកិច្ចជាតិ ដែល​ត្រូវ​ការគាំទ្រ​ពី​រដ្ឋាភិបាល​។ នេះ​បើតាម​ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​។​
 
​លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើកឡើងថា សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ជាង​៥​ម៉ឺន​សហគ្រាស តែមាន​ជាង​២​ម៉ឺន​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​។ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​លើកលែង​ពន្ធ​រយៈពេល​ពីរ​ឆ្នាំ ដល់​អាជីវកម្ម​បើក​ថ្មី​ផងដែរ​។ 
 
​កន្លងមក​រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ មាន​ចំណុច​អាទិភាព​ចំនួន​៤ រួមមាន​ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម អាជីវកម្ម​ខ្នាតតូច​និង​មធ្យម ដឹកជញ្ជូន និង​ផ្គត់ផ្គង់​សម្ភារៈ ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​សមត្ថភាព​ពលករ​៕
 

Tag:
 SMEs
  សេដ្ឋកិច្ចកម្ពុជា​
  សហគ្រាស​
 ​ធុន​តូច​-​មធ្យម​
© រក្សាសិទ្ធិដោយ thmeythmey.com