កីឡាជាតិ
ជាតិ
លោក Felix៖ កែវ សុខ​ផេង អវត្តមាន​ដោយសារតែ​គេ​ហ្វឹកហាត់​មិនបាន​១០០​ភាគរយ​
17, Oct 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការប្រកួត​មិត្តភាព​អន្តរជាតិ​បានបញ្ចប់​ហើយ ដោយ​កម្ពុជា​ចាញ់​២ និង​ស្មើ​១​ប្រកួត​។ ដ្បិត​លទ្ធផល​ហាក់​មិនសូវ​ល្អ​ក្តី ប៉ុន្តែ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅក្នុង​ការប្រកួត​ទាំង​៣​នេះ​។ នោះ​ក៏​ព្រោះតែ​កីឡាករ​ទាំងអស់ បាន​ប្រឹង​ហ្វឹកហាត់​សម្រាប់​ការប្រកួត​នេះ​។ ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​មួយទៀត គឺ​កីឡាករ កែវ សុខ​ផេង ដែលជា​ខ្សែប្រយុទ្ធ​កម្ពុជា​ឆ្នើម​មួយរូប​នោះ បែរជា​អវត្តមាន​នៅ​ពីរ​ប្រកួត​ចុងក្រោយ​ទៅវិញ​។ អ្នកកាសែត​ចោទសួរ​រឿងនេះ ទៅ​លោក Felix G. Dalmas គ្រូបង្វឹក​កម្ពុជា​។​

 
​រឿងនេះ​ពិតជាមាន​ហេតុផល ដែល​តម្រូវ​ឲ្យ​គ្រូបង្វឹក​ដាក់​កីឡាករ​ផ្សេងទៀត លេង​ក្នុងតួនាទី​កីឡាករ កែវ សុខ​ផេង​។ មូលហេតុ​ដែល​លោក Felix G. Dalmas សម្រេច​ដាក់​អ្នកផ្សេង​ជំនួស កែវ សុខ​ផេង ដោយសារតែ​ខ្សែប្រយុទ្ធ​រូបនេះ មិនបាន​ហ្វឹកហាត់​១០០​ភាគរយ មុន​ការប្រកួត ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​ការប្រកួត​ចុងក្រោយ​ជាមួយ​សិង្ហ​បុរី គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារតែ កែវ សុខ​ផេង មិនបាន​ហ្វឹកហាត់​១០០​ភាគរយ​ជាមួយ​ក្រុម នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដូច្នេះ​យើង​ក៏​សម្រេចចិត្ត​ដាក់​អ្នកផ្សេង ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់​១០០​ភាគរយ​ជាមួយ​ក្រុម ជំនួស​គាត់​»​។​


 
​គ្រូបង្វឹក​កម្ពុជា សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ មិនបានបញ្ជាក់​មូលហេតុ​ឲ្យ​ច្បាស់​ថា តើ​ការហ្វឹកហាត់​មិនបាន​១០០ ភាគរយ របស់ កែវ សុខ​ផេង ដោយសារតែ​បញ្ហា​អ្វី​ឡើយ​។​
 
​បើ​មើល​តាម​តារាងបញ្ជី​ឈ្មោះ​កីឡាករ សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ ២​ប្រកួត​ចុងក្រោយ​នេះ កីឡាករ កែវ សុខ​ផេង ត្រូវបាន​គ្រូបង្វឹក​ដាក់​ឲ្យ​ស្ថិត​នៅក្រៅ​កីឡាករ​បម្រុង​ទៀតផង​។ កែវ សុខ​ផេង បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ បាន​មួយ​ប្រកួត​ដំបូង​ក្នុងជំនួប​ជាមួយ​ម៉ាឡេស៊ី​។​
 
​ការប្រកួត​មិត្តភាព​អន្តរជាតិ​កន្លងមក កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣​ទល់​១ មុន​ស្មើ​ជាមួយ​ទី​ម័​រ ១​ទល់​១ ។ ប្រកួត​ចុងក្រោយ​កម្ពុជា ចាញ់​សិង្ហ​បុរី ២​ទល់​១​។​
 
​ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ កម្ពុជា​នឹងត្រូវ​បន្តដំណើរ​ទៅ​ប្រកួត​AFF SUZIKI Cup 2018 នៅ​ខែវិច្ឆិកា ខាងមុខ ដែល​កម្ពុជា ត្រូវ​ជួប​ជាមួយ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម​។ សម្រាប់​ការប្រកួត​នេះ កម្ពុជា​ត្រៀម​ជ្រើសរើស​កីឡាករ​ថ្មី ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​។ បើតាម​លោក Felix G. Dalmas គ្រូបង្វឹក​កម្ពុជា លោក​នឹង​កោះហៅ​កីឡាករ ដែលមាន​សមត្ថ​ភាពល្អ និង​សមរម្យ​មក​ជំរុំ​ហ្វឹកហាត់ តាមរយៈ​ការ​ពិនិត្យមើល​ឡើងវិញ នៃ​សកម្មភាព​ប្រកួត​ចាស់ៗ​របស់​ពួកគេ តាមរយៈ​វីដេអូ​កន្លងមក​៕ 

Tag:
 កែវ សុខ​ផេង​
  មិត្តភាព​អន្តរជាតិ​
  កីឡា​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com