ជាតិ
ក្រសួងកសិកម្ម កំពុង​ព្រាង​ច្បាប់​ការពារ​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី​
18, Oct 2018 , 7:59 am        
រូបភាព
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ធ្វើ​សេ​ក្ដី​ព្រាង​ប្រកាស​ដាក់​តំបន់​មួយចំនួន នៅតាម​ព្រែក​ស្រែអំបិល​ទៅជា​តំបន់​ការពារ និង​អភិរក្ស​សម្រាប់​សត្វ​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​។ ការធ្វើ​សេចក្ដីព្រាងច្បាប់​នេះ ក្រោយ​ក្រសួងកសិកម្ម និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ រកឃើញ​វត្តមាន​ប្រភេទ​សត្វ​ទាំងពីរ​នេះ កំពុង​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុង​ខេត្តកោះកុង​។

 
​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ក្រុមការងារ​ផ្នែក​ច្បាប់​នៃ​រដ្ឋបាល​ជលផល កំពុង​តាក់​កែង​ច្បាប់​ដែលមាន​១០​ប្រការ ដើម្បី​ធានា​ភាព​គង​វង្ស​នៃ​អណ្តើក​ហ្លួង និង​ការបែងចែក​ទីតាំង​គ្រប់គ្រង​តាម​ផ្នែក ដែលមាន​ដូចជា​កន្លែង​អភិរក្ស  និង​កន្លែង​ការពារ​។ 
 
​លោក អ៊ុក វិបុល​៖ «​តំបន់​អភិរក្ស​គឺ​សំដៅ​ទៅលើ​ទីតាំង​ដែល​វា​ទំលាក់​ពង ជាពិសេស​វាល​ខ្សាច់ យើង​មិន​ឲ្យ​មាន​សកម្មភាព​ផ្សេងៗ​ដែល​រំខាន​ដល់​វា សូម្បីតែ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ក៏​អត់​ឲ្យ​ដែរ​។ បន្ទាប់មក​យើង​កំណត់​កន្លែង​ការពារ​ច្រើន​កន្លែង ដែល​វា​ហែល​ទៅរក​ចំណី ។​កន្លែង​ការពារ​យើង​អនុញ្ញាត​ឲ្យ​ប្រជា​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចាប់​ត្រី​តែ​មិនមែន​ចាប់​អណ្ដើក ឬ​ក្រពើ​ត្រី​ទេ​»​។​
 
​បើតាម​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល ក្រសួង​នឹងដាក់​ចេញ​សេចក្ដីប្រកាស​ជា​ធរមាន​ក្នុង​ចុង​ឆ្នាំនេះ ដែល​ត្រូវការ​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ដែល​កើ​កមាន​ឡើង នៅតាម​ប្រព័ន្ធ​ព្រៃ​ស្រែអំបិល​។​« សកម្មភាព​បូម​ខ្សាច់ ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ទីជម្រក និង​ការនេសាទ​ខុសច្បាប់​បាន​បង្ក​ការគំរាមកំហែង​ដល់ទី​ជម្រក​របស់​អណ្តើក​ហ្លួង​ជាពិសេស​តំបន់ឆ្នេរ​ខ្សាច់​ដែលជា​ជម្រក​ពង​កូន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក វិបុល​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ កាលពីពេល​ថ្មីៗ​រកឃើញថា អណ្ដើក​ហ្លួង​មួយ​ក្បាល​បាន​ផ្លាស់​ទី​ទៅកាន់​ព្រែក​ជី​ផាត់ ដែលមាន​ចម្ងាយ​ជិត​១០០​គីឡូម៉ែត្រ​ពី​ទីតាំង​លែង ហើយ​មួយ​ក្បាល​ទៀត​ត្រូវបាន​ជាប់​មង តែ​ត្រូវបាន​ជួយសង្គ្រោះ​។​
 
​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ប្រចាំ​ខេត្តកោះកុង​នៃ​អង្គការ WCS បាន​លើកឡើងថា កម្មវិធី​ការពារ​សំបុក​ពង​កូន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ការពារ​សត្វ​អណ្ដើក​ហ្លួង​ពី​ការ​ផុត​ពូជ​។ 
 
​លោក​លើកឡើងថា​៖ « កម្មវិធី​តាមដាន​ក្រោយ​ការ​ព្រលែង​បានបង្ហាញ​ពី​ភាពជោគជ័យ​ដោយ​រកឃើញ​អត្រា​រស់រានមានជីវិត​របស់​អណ្ដើក​ហ្លួង​ដែល​ព្រលែង មាន​កម្រិត​ខ្ពស់​លើ​កត្តា​គំរាមកំហែង​នានា​។ យើង​សង្ឃឹមថា អណ្ដើក​ហ្លួង​ដែល​ព្រលែង​ទាំងនោះ នឹងធ្វើ​ការបន្ត​ពូជ​នាពេល​ដ៏​ខ្លី​ខាងមុខ​ដែលជា​ក្ដីសង្ឃឹម​ក្នុងការ​ស្តារឡើងវិញ​នូវ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​»​។​
 
​អណ្ដើក​ហ្លួង​ស្ថិតនៅ​ក្នុងចំណោម​អណ្ដើក​ទាំង​២៥​ប្រភេទ ដែល​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក នៃ​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ អណ្ដើក​ហ្លួង​ត្រូវបាន​ដាក់បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ នាពេល​បច្ចុប្បន្ននេះ​អណ្ដើក​ហ្លួង មាន​តិចជាង​៥០​ក្បាល ក្នុង​ដែន​ជម្រក​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។​ចំពោះ​អណ្ដើក​ពូជ​ផ្សេង​មាន​ចំនួន​ជាង​២០០ ក្បាល ដែល​កំពុង​ទទួលបាន​ការថែរក្សា​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ក្នុង​ខេត្តកោះកុង​។ បើ​យោងតាម​របាយការណ៍​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​៕
 

Tag:
 អណ្តើក​ហ្លួង បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com