កីឡាជាតិ
ជាតិ
គួច ដា​នី និង ប្រាក់ ធី​វ៉ា ហាក់​លេចធ្លោរ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​សិង្ហ​បុរី​
18, Oct 2018 , 8:59 am        
រូបភាព
កីឡាករ​ គួច ដានី (មុខ) និងកីឡាករ ប្រាក់ ធីវ៉ា
កីឡាករ​ គួច ដានី (មុខ) និងកីឡាករ ប្រាក់ ធីវ៉ា
ដោយ:
​នា​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា​ជាមួយ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១៦ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជាង​៣៨,០០០​នាក់​។ ក្នុងចំណោម​កីឡាករ​ល្អៗ​ជាច្រើន គេ​សង្កេតឃើញ​ខ្សែបម្រើ​ពីររូប​ហាក់​លេចធ្លោរ​ខ្លាំង​ក្នុងជំនួប​នេះ​។ ទោះបី​មិន​ទទួលបាន​លទ្ធផល​ល្អ តែ​កីឡាករ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​គ្រូបង្វឹក​ថា មានការ​រីកចម្រើន​ទាំង​បច្ចេកទេស និង​ទម្រង់​លេង​។​

 
​ខ្សែបម្រើ​ពីររូប​រួមមាន គួច ដា​នី និង ប្រាក់ ធី​វ៉ា ហាក់​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា​ជាមួយ​សិង្ហ​បុរី​។ ការ​បំលាស់​ឡើង​ចុះ​លឿនៗ​នៅ​តំបន់​កណ្តាល និង​ការ​ឆាប​បាល់​ពី​គូប្រកួត និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ប្រកបដោយ​គុណភាព អាចជា​កត្តា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ចំពោះ​ពួកគេ​។​
 
​ការគ្រប់គ្រង​បាល់​បានល្អ​របស់​អ្នក​ទាំងពីរ ក្រោយ​ការបញ្ជូន​ពី​មិត្ត​រួម​ក្រុម ក៏ដូចជា​ឆាប​ពី​គូប្រកួត និង​ការសហការ​ស៊ីសង្វាក់​គ្នា​ជាមួយ​កីឡាករ​ក្នុង​ក្រុម​ដទៃទៀត ក៏​ជា​កត្តា​រួមចំណែក ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ការចាប់អារម្មណ៍​ផងដែរ​។ ទោះបី​មិនអាច​រក​គ្រាប់​បាល់​ដោយផ្ទាល់ តែ​ពួកគេ​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​គ្រាប់​បាល់​១​គ្រាប់​របស់​កម្ពុជា ដែល​បាន​កើតឡើង​នៅ​នាទី​ទី​១៨​នៃ​តង់​ទី​១​។ ហើយ​ការ​ចល័ត​ឡើង​ចុះ​របស់​ពួកគេ​ទាំងពីរ ក្រោម​ការសហការ​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត ធ្វើ​ឲ្យ​កម្ពុជា​គ្រប់គ្រង​បាល់​ស្ទើរ​ទាំងស្រុង​នៅ​តំបន់​កណ្តាល​ក្នុង​តង់​ទី​១​។​
 
​ភាពលេច​ធ្លោរ​នេះ ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ទំនុកចិត្ត​ពី​គ្រូបង្វឹក​ដាក់​ឲ្យ​លេង​នៅលើ​ទីលាន​រហូត​ជិត​ដល់​ចុង​តង់​ទី​២​។ ខ្សែបម្រើ គួច ដា​នី របស់​ណាហ្គា​វើ​ល ដែល​ទទួលបាន​កៅអី​ជម្រើសជាតិ​ជាថ្មី ត្រូវ​ដូរ​ចេញ​ជំនួស​ដោយ​កីឡាករ ទិ​ត្យ ឌី​ណា នៅ​នាទី​ទី​៨០ ខណៈ​ខ្សែបម្រើ​វ័យក្មេង​របស់​ភ្នំពេញ​ក្រោ​ន ប្រាក់ ធី​វ៉ា ដូរ​ចេញ​ជំនួស​ដោយ​កីឡាករ ស៊ិន កក្កដា នៅ​នាទី​ទី​៨៣​។ 
 
​ក្រៅពី​កីឡាករ​ទាំងពីរ​រូបនេះ កីឡាករ ឈិន ឈឿន ដែល​គ្រូបង្វឹក​កម្ពុជា​លោក Felix Gonzalez Dalmas ដាក់​ឲ្យ​លេង​នៅ​តំបន់​ប្រយុទ្ធ ហើយ​ត្រូវបាន​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី​៥៧ និង ប៊ិន ចន្ថា​ធា​រី ដែល​ដូរ​ចេញ​ជំនួស​ដោយ អ៊​ន ចាន់​ប៉ូ​លីន នៅ​នាទី​៦៩ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ផងដែរ​។ 
 
​ចន្ថា​ធា​រី បានបង្ហាញ​ពី​ភាពរឹងមាំ​ក្នុងការ​ប្រជែង​ដណ្តើម​បាល់​ពី​គូប្រកួត និង​ការគ្រប់គ្រង និង​បញ្ជូន​បាល់​ប្រកបដោយ​គុណភាព ខណៈ ឈិន ឈឿន បាន​ប្រើ​ល្បឿន​លឿនៗ​ក្នុង​ការចេញ​តាម​ដណ្តើម​បាល់​ពី​គូប្រកួត និង​បណ្តើរ​បាល់​បង្ក​ការអុកឡុក​នៅ​តំបន់​ប្រយុទ្ធ​របស់​សិង្ហ​បុរី​។ បន្ថែម​លើ​នេះ ក៏មាន​កីឡាករ​ជាច្រើន​ទៀតផង​ដែរ​ដូចជា សេត រ៉​ស៊ី​ប​, គួច សុគ​ម្ភៈ​, សឿ​យ វិសាល​, រ៉ឹង ប៊ុន​ហៀ​ង និង ចាន់ វឌ្ឍនាកា ជាដើម​។​
 
​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ ដែល​កម្ពុជា​ចាញ់​សិង្ហ​បុរី ២-១ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ទទួលបាន​អ្នកទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចំនួន​៣៨,០១៥​នាក់​។ ទោះបី​កម្ពុជា​រង​បរាជ័យ​ក៏ដោយ តែ​លោក Felix Gonzalez Dalmas គ្រូបង្វឹក​ក្រុម​កម្ពុជា​វាយតម្លៃថា ក្រុម​កីឡាករ​កម្ពុ​ជាមាន​ការរីកចម្រើន​ច្រើន​ទាំង​សមត្ថភាព បច្ចេកទេស និង​ទម្រង់​លេង​។ លើសពីនេះ កម្ពុជា​ទទួលបាន​ការ​សរសើរ​ពី​គ្រូបង្វឹក​សិង្ហ​បុរី​ថា កម្ពុ​ជាមាន​ទម្រង់​លេង​ល្អ និង​មាន​សមត្ថ​ភាពកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​៕    
 

Tag:
 ជម្រើសជាតិ​កម្ពុជា​
  គួច ដា​នី​
  ប្រាក់ ធី​វ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com