ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបានទទួលទុនវិនិយោគ ៤,៨២០លានដុល្លារ ពីវិស័យសំណង់ ដោយអជ្ញាធរផ្ដល់សិទ្ធិក្នុងការវិនិយោគចំនួន ២,៥៤១ គម្រោង ដែលមានផ្ទៃក្រឡា ១០,៩៨២,១១៧ម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាអគ្គនាយករងនៃនាយកដ្ឋានសំណង់ លោក ឡៅ ទិព្ធសីហា បាននិយាយថា គម្រោងជាង២ពាន់នេះ មាន៣៣គម្រោងជារបស់បរទេស ដែលមានផ្ទៃក្រឡា ១,១៤៨,៣៥៣ ម៉ែត្រការ៉េ។ គម្រោងទាំង៣៣នេះ មានតម្លៃ ៤៨៤លានដុល្លារ។
លោក ឡៅ ទិព្ធសីហា អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាអគ្គនាយករងនៃនាយកដ្ឋានសំណង់
ក្រសួងដែនដី បានព្យាករណ៍ថា ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានលក្ខណៈល្អប្រសើរនៅឡើង ជាពិសេសលើវិស័យដីធ្លី និងអាគារខ្ពស់ៗ។ ក្នុងពិធីបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៨ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដូច្នេះថា៖«ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យវិស័យសំណង់នៅកម្ពុជា បានក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ បន្ទាប់ពី វិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍»។
នៅក្នុងការវិនិយោគវិស័យអចលនទ្រព្យរយៈពេល៩ខែនេះ ក្រសួងដែនដីក៏បានផ្ដល់សុពលភាពដល់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសងចំនួន១,០៧០ ក្រុមហ៊ុន។ ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងចំនួន ៤២ក្រុមហ៊ុន, ក្រុមហ៊ុនសាងសង់ចំនួន១២៨ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោង និងសាងសង់មកពីបរទេសចំនួន ៣៦៦ក្រុមហ៊ុន។
ដោយសារតែត្រូវការវិស្វករ និងស្ថាបត្យករ ក្រសួងក៏បានអនុញ្ញាតឲ្យមានការចុះបញ្ជីរូបវន្តបុគ្គល ដើម្បីសិក្សាគម្រោងប្លង់ និងគ្រឿងបង្គុំសំណង់ចំនួន ១៤០នាក់ផងដែរ។ ក្នុងចំណោមរូបវន្តបុគ្គលទាំងនេះ មានស្ថាបត្យករចំនួន៨៦រូប ក្នុងនោះមានជនបរទេសចំនួន៣រូប និងមានវិស្វករចំនួន៤៦រូប ដោយមានជនបរទេសចំនួន១រូប។
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨នេះ កម្ពុជា មានលំនៅដ្ឋានជាលក្ខណៈបុរីសរុបចំនួន ២២៨ទីតាំង ដែលមានអ្នកស្នាក់នៅសរុបប្រមាណ ៦៥ទៅ ៧៥ភាគរយ។ ចំណែកសំណង់អាគារខ្ពស់ៗរាប់ចាប់ពី៥ជាន់ឡើងទៅ មានចំនួន៩២អាគារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ ។ បើរាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ នៅរាជធានីភ្នំពេញមានចំនួន ១,០៨៤អាគារ ។
គម្រោងសាងសង់ទាំងនេះបានផ្ដល់ការងារដល់កម្មករ និងកម្មករជំនាញ បានរហូតដល់ ២០ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយក្នុងកម្មករម្នាក់អាចទទួលប្រាក់ក្នុងមួយថ្ងៃពី៣៥,០០០រៀល ទៅ៤០,០០០រៀលក្នុងមួយថ្ងៃ។ សម្រាប់កម្មករជំនាញអាចទទួលបានប្រាក់ពី ៥០,០០០ ទៅ ៧៥,០០០រៀលក្នុងមួយថ្ងៃ។ ចំណែកវិស្វករ និងស្ថាបត្យករជំនាញ គឺអាចទទួលប្រាក់ចាប់ពី ៤៥០ដុល្លារឡើងក្នុងមួយខែ។នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕