ជាតិ
សុខភាព
សេដ្ឋកិច្ច
ក្រសួងសុខាភិបាល ហាម​ចរាចរ​កាហ្វេ Coffee Like ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​
17, Oct 2018 , 9:27 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ហាម​ប្រើប្រាស់ ឬ​ចរាចរ​កាហ្វេ​ម៉ាក Coffee Like (​កាហ្វេ​កំលាំង​សេស​) ព្រោះ​ផលិតផល​នេះ​មាន​ផ្ទុក​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦​តុលា​។​

 
​កន្លងមក ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កំលាំង​សេស​) ត្រូវបាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ប្រជាជន FM 91.00 MH ជា​រៀងរាល់ថ្ងៃ​ថា​ជា​កាហ្វេ​កម្លាំង​សេស ចំពោះ​អ្នកមាន​បញ្ហា​លើស​ជាតិ​ស្ករ ហើយ​អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ញាំ​បាន ដែល​វា​ធ្វើ​ឲ្យ​មាន​មេជី​វិត​បុរស ជួយ​ដោះស្រាយ​បញ្ហា​ស្ទះ​ចរន្តឈាម និង​ផ្លូវ​ភេទបុរស ហើយ​មាន​លក់​តែ​នៅ​វិទ្យុ​នេះ​ប៉ុណ្ណោះ​។ 
 
​ក្រសួងសុខាភិបាល ចាត់ទុក​ការផ្សព្វផ្សាយ​នេះ ជា​ការបោក​ប្រាក់ ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ឡើយ​។ ក្រសួងសុខាភិបាល អះអាងថា កាហ្វេ Coffee Like (​កាហ្វេ​កំលាំង​សេស​) មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ Sildenafil និង Tadalafil ដែលជា​ឱសថ​បង្កើន​កម្លាំង​ផ្លូវភេទ​។ 
 
​ក្រសួង​អំពាវនាវ​ដល់​សាធារណជន​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​នេះ ព្រោះ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដែល​អាច​ឈានដល់​បាត់បង់​ជីវិត ដោយសារ​គាំងបេះដូង​។ 
 
​ចំណែក​ក្រុមហ៊ុន​ដែល​នាំចូល​ផលិតផល​កាហ្វេ​ខាងលើនេះ ត្រូវ​បញ្ឈប់​ការនាំ​ចូល ឬ​ចរាចរ និង​ផ្សព្វផ្សាយ​បន្តទៀត ពោលគឺ​ត្រូវ​ប្រមូល​នូវ​កាហ្វេ​នេះ​មក​កម្ទេចចោល​ជាបន្ទាន់​។ នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​ប្រកាស​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ណា ដែល​ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​លើ​ផលិតផល​កាហ្វេ  Coffee Like (​កាហ្វេ​កំលាំង​សេស​)​។ 
 
​ចំពោះ​ពលរដ្ឋ​ដែល​ប្រទះឃើញ ឬ​លក់​ផលិតផល​នេះ សូម​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល តាមរយៈ​លេខ​ទូរ​សព្ទ ០១១ ៥៧៤ ៧៨៧ ឬ ០៩៥ ៣៥៩ ៥៩៩ ៕
 

Tag:
 ផ្លូវភេទ​
  Coffee Like
© រក្សាសិទ្ធិដោយ thmeythmey.com