ភ្នំពេញ៖ បើសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធ(Everything But Arms) ពីកម្ពុជាមែននោះ វានឹងប៉ះពាល់ដល់ប្រយោជន៍ពាណិជ្ជកម្មរបស់អ្នកជំនួញអឺរ៉ុបនៅកម្ពុជា។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) បានសរសេរលិខិតមួយផ្ញើជូនលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប ដោយបានបង្ហាញការមិនពេញចិត្តចំពោះដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងគ្រប់មុខទំនិញលើកលែងអាវុធ (EBA) ។ EuroCham ក៏បារម្ភពីឥទ្ធិពលអវិជ្ជមាននៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ខណៈដែលក្រុមហ៊ុនអឺរ៉ុប កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ដែលបង្កើនវត្តមាននៅកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គាំទ្រការលើកឡើងរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលហ៊ានបញ្ចេញក្តីកង្វល់ខ្លួន ប្រាប់ទៅគណៈកម្មការអឺរ៉ុបនេះ។ មិនត្រឹមតែគាំទ្រឡើយ អ្នកនាំពាក្យរដ្ឋាភិបាល ក៏ឆ្លៀតក្លែមសម្ដីវាយប្រហារទៅគណៈកម្មការអឺរ៉ុប ក្នុងន័យថា បើសិនជាមានការដកប្រព័ន្ធអនុគ្រោះពន្ធមែននោះ វាមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំនួញអឺរ៉ុបនៅកម្ពុជា ខាតបង់ផលប្រយោជន៍ដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ តុលា បានសរសេរដូច្នេះថា៖«ការព្យួរភាពអនុគ្រោះ(EBAs) នេះ គឺជាការប្រថុយប្រថានមួយ ដែលនាំមកនូវភាពអវិជ្ជមានយូរអង្វែង របស់ពាណិជ្ជករអឺរ៉ុប មកធ្វើធុរកិច្ចកម្ពុជា។ លើសពីនេះ ការព្យួរភាពអនុគ្រោះEBAs វាពិតជានឹងគំរាមដោយផ្ទាល់ ដល់សម្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជា ព្រមទាំងមានការប៉ះពាល់ដល់ជំហរ របស់សហភាពអឺរ៉ុបក្នុងការលើកកម្ពស់របៀបវារៈពាណិជ្ជកម្ម និងឧត្តមភាពរបស់ខ្លួន ដែលធ្វើឲ្យភាពប្រកួតប្រជែងនៃធុរកិច្ចអឺរ៉ុបធ្លាក់ចុះ»។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរ ក្នុងកិច្ចសហការគ្រប់ជ្រុងជ្រោយ និងលើលតម្កើងផលប្រយោជន៍រួមគ្នាទៅវិញទៅ។« ការព្យួរ ឬការដាក់ទណ្ឌកម្មលើកម្ពុជា នៅក្នុងយថាហេតុណាមួយ គឺមិនមែនជាឧត្តមគតិ ដូចកិច្ចសហប្រតិបត្តិការនោះទេ»។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
នីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា កំពុងដំណើរការក្រោមការតាមដាននិងពិភាក្សារបស់គណៈកម្មការអឺរ៉ុប។ ដំណើរការនីតិវិធីនេះហើយ ដែលសហភាពអឹរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្នពីកម្ពុជា ដើម្បីទុកពេលឲ្យគណៈកម្មការអឺរ៉ុប ដំណើការនីតិវិធីរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងប្រមូលព័ត៌មានជុំវិញស្ថានការណ៍ប្រទេសកម្ពុជា មុននឹងសម្រេចចុងក្រោយ។ ដំណើរការនីតិវិធីរបស់គណៈកម្មការអឺរ៉ុប ត្រូវការរយៈពេល១ឆ្នាំ។
EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។
កាលពីឆ្នាំ២០១៧កន្លងមក កម្ពុជាបាននាំទំនិញទៅទីផ្សារសហភាពអឺរ៉ុប (EU) ជាង ៥,៧ពាន់លានដុលា្លរអាមរិក ។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ បើមិនទទួលបានការអនុគ្រោះពន្ធទេ កម្ពុជាត្រូវបង់ពន្ធជាង៥០០លានដុល្លារចូលទីផ្សារអឺរ៉ុប។ ទំនិញដែលទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម៕