ជាតិ
នយោបាយជាតិ
រដ្ឋាភិបាលបង្កើតក្រុមការងារដោះស្រាយការតវ៉ាមុខភូមិគ្រឹះសម្តេច ហ៊ុន សែន នៅភ្នំពេញ និងតាខ្មៅ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារចម្រុះ
× រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី។
ក្រុមការងារដែលមានសមាសភាព២២រូប ដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែន។ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក ចៅ តុល នាយករងខុទ្ទកាល័យសម្តេច ហ៊ុន និងមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកជាអនុប្រធាន។
សមាជិករួមមាន លោក ស ថេត អគ្គស្នងការរង ស្នងការរាជធានីភ្នំពេញ លោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល លោក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុត្ថហត្ថរាជធានីភ្នំពេញ លោក អ៊ុង សារិទ្ធ មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានកងអង្គរក្ស លោក ឌៀង សារុន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។
លោក យ៉ាត ទូច ក្រុមលេខាសម្តេចតេជោ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ ហើយសមាជិកដែលមានសមាសភាពពីក្រុមលេខា មាន លោក ណុប រ័ត្ននិមល លោក គង់ ចំរើន លោក នៅ រ៉ា។
ក្រៅនេះសមាជិកផ្សេងទៀតមាន លោក យិន ចាន់ធួន មេបញ្ជាការ កងអន្តរាគមន៍៥៩៤ប្រចាំការភ្នំពេញ លោក អ៊ិន សារិន មេបញ្ជាការរងកងអន្តរាគមន៍ទី៨ ប្រចាំការតាខ្មៅ លោក ស៊ុយ ឈុនហាក់ មេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្ស រួមទាំងតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
តាមប្រការ២នៃសេចក្តីសម្រេច ក្រុមការងារមានភារកិច្ច ទទួលបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេច ហ៊ុន សែន នៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ។
ក្រុមការងារ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា និងទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា៕
© រក្សាសិទ្ធិដោយ thmeythmey.com