កីឡាអន្តរជាតិ
អន្តរជាតិ
រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ចង់​ទិញ​ក្លិប Man United ជា​មិត្តភក្តិ​របស់លោក​ត្រាំ
18, Oct 2018 , 7:19 pm        
រូបភាព
Mohammad bin Salman រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​បង្ហាញ​បំណង​ចង់​ទិញ​ក្លិប Manchester United ពី​គ្រួសារ​ត្រកូល Glazer គឺជា​មិត្តភក្តិ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ និង​ជា​ម្ចាស់ផ្ទះ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​។​


 
​បើតាម SunSport ព្រះអង្គម្ចាស់ bin Salman ជា​កូនប្រុស​ស្តេច Salman bin Abdulaziz Al Saud ហើយ​គ្រួសារ​របស់គេ​មានទ្រព្យ​សម្បតិ៍​សរុប ៨៥០​ពាន់​លាន​ផោន (១១១៨​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​


 
​នេះ​មានន័យថា ព្រះអង្គម្ចាស់ Bin Salman ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម ៣៣ វស្សា​មិន​ខ្វះ​លុយ​ដើម្បី​ចំណាយ​ទិញយក​ក្លិប​ដែ​មានឈ្មោះ​ល្បី​ដូចជា Man Utd នេះ ដើម្បី​បំពេញ​បំណង​ចង់បាន​របស់ខ្លួន​ឡើយ​។​
 
​បុរស​ដែលមាន​ចរិត Playboy រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ធ្លាប់​ចាយលុយ​ខ្ជះខ្ជាយ​រាប់រយ​លាន​ដុល្លារ​លើ​ទូក​ជិះ​កម្សាន្ត​ស្អាតៗ ផ្ទះ​បារាំង​ដែលមាន​តម្លៃ​ថ្លៃ​កប់​ពពក និង​ជីវិត​រស់នៅ​បែប​ឆើតឆាយ​របស់គេ​។​


 
​ព្រះអង្គម្ចាស់ Mohammad bin Salman ក៏​ជា​មិត្តភក្តិ​ជិតស្និទ​នឹង​បុគ្គល​កំពូលៗ​ដូចជា​លោក​ត្រាំ​ដែរ ហើយ​អ្នក​ទាំងពីរ​ធ្លាប់​ជួបគ្នា​នៅ​សេត​វិមាន​និង​តែងតែ​ហៅ​គ្នា​ថា​ពួកម៉ាក​ទៀតផង​។​
​អ្វី​ដែលជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ សេដ្ឋី​អារ៉ាប់​រូបនេះ​ត្រូវបាន​រាយការណ៍​ថា​បាន​ទិញ​ផ្ទះ​ថ្លៃ​បំផុត​លើ​លោក​ក្នុង​ក្រុងប៉ារីស​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០១៥ ក្នុងតម្លៃ​២៣០​លាន​ផោន (៣០២​លា​នុ​ដុល្លារ​អាមេរិក​) ឯណោះ​។​


 
​ដោយឡែក សម្រាប់​ការចង់បាន​ក្លិប​រហស្សនាម​បិសាច​ក្រហម​វិញ ម្ចាស់​ក្លិប​ដែលជា​សេដ្ឋី​អាមេរិក​របស់​គ្រួសារ Glazer បាន​ឆ្លើយតប​វិញ​ថា​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ​មិនមែន​សម្រាប់​លក់​ឡើយ​៕
 

Tag:
 ​បាល់ទាត់​
  Mohammad bin Salman
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com