កីឡាអន្តរជាតិ
អន្តរជាតិ
លោក Wenger ត្រៀម​រួចជាស្រេច​ក្នុងការ​ត្រឡប់​ចូល​ពិភព​បាល់ទាត់​វិញ​នៅ​ឆ្នាំក្រោយ​
18, Oct 2018 , 3:58 pm        
រូបភាព
​លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ Arsenal រំពឹងថា​នឹង​ត្រលប់មក​ធ្វើការ​វិញ​នៅ​ឆ្នាំ​ថ្មី​ខាងមុខនេះ និង​ទទួលបាន​ការផ្តល់ជូន​ពី​សំណាក់​ក្រុម និង​ក្លិប​គ្រប់កន្លែង​ជុំវិញ​ពិភពលោក​។​


 
Wenger ដែល​បាន​ចាក​ចេញពី​ក្លិប​រហស្សនាម​កាំភ្លើង​ធំ កាលពី​ខែឧសភា កន្លងទៅ​បន្ទាប់ពី​ដឹកនាំ​អស់​រយៈពេល ២២ ឆ្នាំ​បាន​បញ្ជាក់ថា​លោក​មិនដឹងថា​ការងារ​បន្ទាប់​របស់លោក​នឹងមាន​អ្វី​ទេ​ប៉ុន្តែ​លោក​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្រោយ​បាន​សម្រាក​មួយរយៈ ហើយនឹង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាថ្មី​ម្តងទៀត​។​
 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៦៨​ឆ្នាំ​រូបនេះ បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild ក្នុង​បទ​សម្ភាស​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែតុលា ថា​លោក​ជឿជាក់ថា​នឹង​អាច​ចាប់ផ្តើម​ការងារ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។​
 
«​មាន​សហព័ន្ធ​កីឡាបាល់ទាត់​, ក្រុម​ជម្រើសជាតិ ហើយ​និង​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​បាន​ទាក់ទង​ខ្ញុំ​»​។ Wenger ដែល​ធ្លាប់ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Nagoya Grampus Eight ក្នុងប្រទេស​ជប៉ុន មុនពេល​ទៅ​ដឹកនាំ Arsenal បន្ថែម​ដូច្នេះ​។​
 
​អតីត​គ្រូ Monaco រូបនេះ​បាន​រៀបរាប់​ទៀតថា ក្នុង​រយៈពេល ២២ ឆ្នាំ​របស់លោក​នៅ Arsenal លោក​មានបទពិសោធន៍​ក្រាសក្រែល​ក្នុង​ម្រិ​ត​ខុសៗ​គ្នា​។ ដោយសារតែ​សមិទ្ធផល​នេះហើយ ទើប​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​លោក​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​
 
 Wenger ធ្លាប់​នាំ​កាំភ្លើង​ធំ​ឈ្នះ​ពាន Premier League ចំនួន​៣​លើក ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក​នៅ​រដូវ​កាល​ចុងក្រោយ​បានធ្វើ​ឲ្យ​ក្លិប​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍​ធ្លាក់​ទម្រង់​លេង និង​មាន​ភាពច្របូកច្របល់ ហើយ​សម្រេច​លាលែង​ពី​តំណែង​នេះ​តែម្តង​៕

Tag:
 ​បាល់ទាត់​
  Arsene Wenger
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com